អានតួអត្ថបទ
ចិន-អចលនទ្រព្យ

ក្រុមហ៊ុន​អចលន​ទ្រព្យចិន​មួយទៀត ឈ្មោះ ​Fantasia មិនមាន​លទ្ធភាព​សង​បំណុល

បន្ទាប់ពីក្រុមហ៊ុនអលចនទ្រព្យចិនដ៏ធំ ឈ្មោះ Evergrande ដែលកំពុងប្រឈមនឹងការក្ស័យធននោះ នៅថ្ងៃអង្គារនេះ គេបានដឹងថា មានក្រុមហ៊ុនអចលនទ្រព្យចិនមួយទៀត ឈ្មោះ Fantasia ដែលកំពុងតែជួបការលំបាកដែរ ក្នុងការសងបំណុល។ ដំណឹងនេះ បានធ្វើឲ្យ​មានការភ័យ​បារម្ភ ពី​ការដួលរលំតតគ្នា នៅក្នុងវិស័យអចលនទ្រព្យចិន ដែលអាចធ្វើឲ្យប៉ះពាល់ដល់អ្នកទិញផ្ទះបង់រំលោះ និងអាចរង្គោះរង្គើដល់សេដ្ឋកិច្ចចិនទាំងមូល។

ទីតាំងទទួលអតិថិជន របស់ក្រុមហ៊ុន Fantasia Properties នៅក្រុងប៉េកាំង 
 ថ្ងៃទី ៥ តុលា ២០២១
ទីតាំងទទួលអតិថិជន របស់ក្រុមហ៊ុន Fantasia Properties នៅក្រុងប៉េកាំង ថ្ងៃទី ៥ តុលា ២០២១ AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

គិតត្រឹមថ្ងៃចន្ទ ទី៤តុលា ក្រុមហ៊ុន Fantasia Holdings ដែលមានទីតាំងធំនៅក្រុងឈិនចិន មិនបានសងប្រាក់បំណុល ចំនួន ២០៥.៧លានដុល្លារ ទៅឲ្យម្ចាស់បំណុល។ នេះបើផ្អែកតាមការ​បញ្ជាក់ឲ្យដឹង ពីសំណាក់ក្រុមហ៊ុន Fantasia Holdings ផ្ទាល់តែម្តង។

ដំណឹងនេះ បានលេចឮ ស្របពេលជាមួយគ្នា ដែលក្រុមហ៊ុន Country Garden Services Holdings បានប្រកាសថា សាខាមួយរបស់ក្រុមហ៊ុន​ Fantasia មិនបានសងបំណុលមកខ្លួន ចំនួនប្រមាណ​ ៧០០លានយាន់ ស្មើនឹងប្រមាណ​១០០លានដុល្លារ។ ក្រុមហ៊ុនម្ចាស់បំណុល កំពុងបារម្ភថា ក្រុមហ៊ុន Fantasia Holdings អាចប្រហែលជាលែងមានលទ្ធភាព​សងបំណុល។

យ៉ាងណាមិញ កាលពីថ្ងៃចន្ទ ការិយាល័យ​កំណត់សមត្ថភាព​ហិរញ្ញវត្ថុ Fitch បានទំលាក់ពិន្ទុក្រុមហ៊ុន​Fantasia ពី B មកនៅត្រឹម CCC​ ។ ជាសេចក្តីសម្រេច ដែលអាចមានន័យថា ក្រុមហ៊ុននេះកំពុងប្រឈមនឹងការគ្មានលទ្ធភាពសងបំណុលគេ។ ការិយាល័យ Fitch បានបញ្ជាក់ នៅក្នុងលិខិតប្រកាសរបស់ខ្លួនថា រឿងក្រុមហ៊ុន Fantasia មានបញ្ហា មិនបានសងប្រាក់បំណុលទៅម្ចាស់បំណុលនេះ គឺមិនត្រូវបាន​ក្រុមហ៊ុននេះ សរសេរដាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនទេ​។

សូមរំលឹកថា ថ្មីៗនេះ មានក្រុមហ៊ុនអលចនទ្រព្យចិនមួយ ឈ្មោះ Evergrande ដែលកំពុង​តែ​ប្រឈមនឹង​ការក្ស័យធន ជាមួយ​នឹងបំណុលរុំជិត ប្រមាណ៣០ម៉ឺនលានដុល្លារ។ ដោយសារ​វិបត្តិនេះ Evergrande បានសម្រេចព្យួរ ការលក់ភាគហ៊ុននៅផ្សារហុងកុង។ ដោយឡែក ថ្វីបើ​ក្រុមហ៊ុន Fantasia គឺជាក្រុមហ៊ុនតូច មិនអាចប្រៀបស្មើនឹង Evergrande មែន ក៏ប៉ុន្តែបញ្ហាហិរញ្ញវត្ថុ​ខ្វះប្រាក់សងបំណុលរបស់​ក្រុមហ៊ុននេះ កំពុងតែធ្វើ​ឲ្យ​គេបារម្ភកាន់តែខ្លាំង អំពី​ភាពរង្គោះរង្គើ រលំតតគ្នា នៃវិស័យអចលនទ្រព្យនៅចិន។ ការិយាល័យ Fitch បានលើកឡើងថា បញ្ហានេះវាបាន​រំលេចឲ្យឃើញ ពីភាពគ្មានតម្លាភាព ការលាក់លាម ប៉ោងតែខាងក្រៅ ប្រហោងក្នុង នៃសមត្ថភាពហិរញ្ញវត្ថុ របស់ក្រុមហ៊ុនអចលនទ្រព្យចិន។

យ៉ាងណាមិញ ក្រុមហ៊ុនអលចនទ្រព្យចិនមួយទៀត Sinic Holdings ក៏បានទទួលស្គាល់ដែរ ថាខ្លួន​កំពុងជួបការលំបាក ក្នុងការសងការប្រាក់។ ថៅកែរបស់ Sinic Holdings បានខាតប្រាក់ជាង​១ពាន់​លាន​ដុល្លារ កាលពីខែមុន នៅក្រោយពេលទីផ្សារ​​ភាគហ៊ុន​​បាន​ធ្លាក់​ចុះ​​​យ៉ាងគំហុក បន្ទាប់ពីលេចឮ​ដំណឹង​នៃការក្ស័យធនរបស់ ក្រុមហ៊ុន Evergrande។ អាជ្ញាធរចិន កំពុងតាមដានយ៉ាងប្រុងប្រយ័ត្ន នៅក្នុងវិស័យកម្ចីវិនិយោគ​អចលនទ្រព្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ