អានតួអត្ថបទ
តៃវ៉ាន់-ចិន

លោកស្រី​សៃ អ៊ីងវេន​ ថា​តៃវ៉ាន់​នឹង​មិន​ឱន​ក្បាល​ចុះ​ញ៉ម​ចិន​ជា​ដាច់​ខាត

ភាពតាន​តឹង​រវាងចិន​ និង​តៃវ៉ាន់​ កំពុង​កើន​កម្តៅខ្លាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។ នៅក្នុង​សុន្ទរកថា​មួយនាថ្ងៃអាទិត្យ ១០ តុលា​ មេដឹកនាំតៃវ៉ាន់​លោកស្រី​ សៃ អ៊ីងវេន​ និយាយថា​ក្រុង​តៃប៉ិ​ នឹង​មិនចុះ​ញ៉ម​ចាញ់​ការ​សម្លុត​គំរាមកំហែង​របស់​ចិនឡើយ​ ហើយ​តៃប៉ិនឹង​នៅ​តែ​បន្ត​ការពារ​ ការ​រស់​នៅ​តាម​បែប​ប្រជាធិបតេយ្យ​របស់​ខ្លួន​។

ប្រធានាធិបតីតៃវ៉ាន់លោកស្រី សៃ អ៊ីងវេន ក្នុងអំឡុងពេលថ្លែងសុន្ទរកថានាឱកាសប្រារព្ធពិធីបុណ្យជាតិក្នុងទីក្រុងតៃប៉ិនៅថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២១។
ប្រធានាធិបតីតៃវ៉ាន់លោកស្រី សៃ អ៊ីងវេន ក្នុងអំឡុងពេលថ្លែងសុន្ទរកថានាឱកាសប្រារព្ធពិធីបុណ្យជាតិក្នុងទីក្រុងតៃប៉ិនៅថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២១។ AP - Chiang Ying-ying
ផ្សាយពាណិជ្ជកម្ម

សុន្ទរកថា​របស់​លោកស្រី ​អ៊ីងវេន​ ខាងលើនេះ​ធ្វើឡើង​ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​តៃវ៉ាន់​ និង​ធ្លាក់មកភ្លាមៗដែរ​ ក្រោយ​ប្រធានាធិបតីចិនលោកស៊ី ជីនពីង​ ប្តេជ្ញា​ថា​នឹងបង្រួប​បង្រួម​តៃវ៉ាន់​ជា​ចិន​តែមួយឲ្យបាន​។

កោះតៃវ៉ាន់​ដែល​មាន​ប្រជាជន​ប្រមាណ​ ២៣ លាននាក់ រស់នៅក្រោម​ការ​គំរាម​កំហែង​ឥត​ឈប់​ឈរ​ ពីចិន​កុម្មុយនិស្ត​ដែល​ចាត់​ទុក​កោះនេះ​ជាខេត្តមួយ​របស់​ខ្លួន​។ ចិន​ក៏​ធ្លាប់​បាន​ប្រកាស​គំរាមរួចហើយដែរថានឹងវាយយកតៃវ៉ាន់​ដោយប្រើកម្លាំងទ័ព​នៅថ្ងៃ​ដែល​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​។

“ នៅខណៈដែលយើង​កាន់តែ​រីកម្រើន​លូតលាស់​ យើង​ប្រឈម​ទៅនឹង​សម្ពាធ​ពី​ចិន​កាន់​តែ​ច្រើន​”។ នេះគឺការ​លើកឡើង​របស់​លោកស្រី​ សៃ អ៊ីងវេន​ ដោយ​បន្ថែមថា​គ្មាននរណាម្នាក់ អាចបង្ខំ​ក្រុងតៃប៉ិឲ្យដើរតាមផ្លូវ​ដែល​ចិន​គូសវាស​នោះទេ​។ ហើយការ​ថែរក្សា​ការពារ​លទ្ធិប្រជាធិបតេយ្យ​ គឺជា​ចំណុច​អាទិភាព​របស់​តៃវ៉ាន់​។

ទោះបីជាបានប្រកាសថា​មិនព្រមឱនក្បាលចុះញ៉ម​នឹង​ការដាក់សម្ពាធ​ពី​ចិន​ប៉េកាំងក្តី​ ក៏មេដឹកនាំក្រុងតៃប៉ិ នៅតែសង្ឃឹមថា​ទំនាក់ទំនងតានតឹងជាមួយក្រុងប៉េកាំង​នឹង​ធូរស្រាល​មកវិញខ្លះ​ ហើយថាខ្លួន​នឹងមិននឹងធ្វើសកម្មភាពតបតអ្វី​ដោយតក់ក្រហល់នោះទេ​។

សម្តី​របស់​ប្រធានាធិបតីតៃវ៉ាន់ខាងលើ​ ត្រូវគេដឹងថាចង់​សំដៅដល់​ទង្វើ​គំរាមកំហែង​របស់​ប៉េកាំង​ ដែល​បាន​បញ្ជូន​យន្តហោះចម្បាំងជាច្រើន​ ចូល​ក្នុង​តំបន់​ដែន​អាកាស​តៃវ៉ាន់​នា​ប៉ុន្មានថ្ងៃចុងក្រោយនេះ​។

គួររំឭកថា​ ចិន និង តៃវ៉ាន់ ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលពីរដាច់ដោយឡែកពីគ្នា​ចាប់​តាំង​ពី​សង្គ្រាមស៊ីវិល​ចិនបិទបញ្ចប់នៅឆ្នាំ ១៩៤៩។ ចិនប៉េកាំងកាប់កាប់ដោយរបបកុម្មុយនិស្ត ចំណែកតៃវ៉ាន់គ្រប់គ្រងដោយក្រុមអ្នកគាំទ្ររបបប្រជាធិបតេយ្យ។

ភាពតានតឹងរវាងក្រុងប៉េកាំង និងតៃប៉ិ បានឡើងដល់កម្រិតខ្ពស់បំផុត​ក្រោមការ​ដឹកនាំ​របស់លោកប្រធានាធិបតីចិនស៊ីជីន ពីង​ដែលបានផ្តាច់​ទំនាក់ទំនង​ផ្លូវការ​ជាមួយតៃវ៉ាន់ ក្រោយលោកស្រី សៃ អ៊ីងវេន ដែលជាអ្នកជាតិនិយមជាប់ឆ្នោតក្លាយជាមេដឹកនាំតៃវ៉ាន់ក្នុង​ឆ្នាំ​២០១៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ