អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-ភេរវកម្ម

អាហ្វហ្កានីស្ថាន ៖ អាមេរិក​និង​អង់គ្លេស​ព្រមាន​អំពីគ្រោះ​​ភេរវកម្ម​នៅ​តាម​សណ្ឋាគារ​ ​នៅក្រុង​កាប៊ុល

​មួយ​ថ្ងៃ​ក្រោយ​ជំនួប​ជា​លើក​ដំបូង​រវាង​តំណាង​អាមេរិក​និង​តាលីបង់​ ដើម្បី​ជជែក​អំពី​​បញ្ហា​សុវត្ថិភាព​នៅ​អាហ្វហ្កានីស្ថាន ក្តី​ព្រួយ​បារម្ភ​ ខ្លាច​មាន​​ភេរវកម្ម​ បាន​ផុស​ឡើង​ជា​ថ្មី។ ​​អាមេរិក​និង​អង់គ្លេស បាន​ព្រមាន​នៅ​ថ្ងៃ​ចន្ទទី ១១​តុលា អំពី​ការ​គំរាមកំហែង​ភេវកម្ម នៅក្នុង​រដ្ឋ​ធានី​កាប៊ុល។ បើ​តាម​ប្រភព​ការទូត​ប្រទេស​ទាំងពីរ​​សណ្ឋាគារ​ធំៗប្រណិតៗ ប្រឈម​នឹង​​ហានិភ័យ​ភេរវកម្ម​​មាន​ខ្ពស់​ខ្លាំង​ជាង​គេ។

តាលីបង់​សន្យា​ការពារ​សន្តិសុខនិ​សុវត្ថិភាព​ អាហ្វហ្កានីស្ថាន
តាលីបង់​សន្យា​ការពារ​សន្តិសុខនិ​សុវត្ថិភាព​ អាហ្វហ្កានីស្ថាន WAKIL KOHSAR AFP
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​វេបសាយ​ ក្រសួងការ​បរទេស​អាមេរិក​និង​អង់គ្លេស បាន​ប្រកាស​ ​​ប្រាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន ​ឱ្យ​ចៀសវាង​កុំ​ស្នាក់​នៅ​និង​ទៅ​តំបន់​ដែល​មាន​សណ្ឋាគារ​ធំៗ​ប្រណិត ព្រោះ​មាន​ការ​គំរាមកំហែង​សន្តិសុខ​ខ្លាំង​នៅ​ទីនោះ។ សណ្ឋាគារ​ធំៗ​ប្រណិតៗ កណ្តាល​​​​ទីក្រុង​កាប៊ុល ​ដូច​យ៉ាងសណ្ឋាគារ Serena កំពុង​ប្រឈម​ខ្លាំង​នឹង​គ្រោះ​ភេរវកម្ម។ នេះ​បើ​ការ​ព្រមានរបស់​ប្រទេស​ទាំងពីរ ដោយ​បញ្ជាក់​ថា​សណ្ឋាគារ​Senera ជា​អាទិ៍​នេះ​ ធ្លាប់​រង​ការ​វាយប្រហារ​ភេរវកម្ម​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ​។

កាលពី​ថ្ងៃទី ២០​មីនា​២០១៤ កងកម្មង់ដូ​តាលីបង់​មួយ​ក្រុម​បាន​វាយប្រហារ​ចូល​ក្នុង​សណ្ឋាគារ​Serena ស្លាប់​មនុស្ស​អស់​៩នាក់ ក្នុង​នោះ​ម្នាក់​ជា​អ្នក​កាសែត​និង​ក្រុមគ្រួសារ។ នៅ​ខែ​មករា​ឆ្នាំ​២០០៨​ សណ្ឋាគារ​ដដែលនេះ​ បាន​រង​ភេរវកម្ម​អត្តឃាត ​​ ក្នុង​ពេល​ដែល​រដ្ឋមន្ត្រីការបរទេស​ន័រវេស​កំពុង​ស្ថិត​នៅ​ខាងក្នុង​ បណ្តាល​ឱ្យ​ស្លាប់​៦នាក់​ ក្នុង​នោះ​ម្នាក់​ជា​ជនជាតិ​អាមេរិក និង​ម្នាក់​ជា​អ្នកកាសែត​ជាតិ​ន័រវេស។ ​​

នៅកាប៊ុល សណ្ឋាគារ​ធំៗ​ ប្រណិតៗ ជា​ទីកន្លែង​ប្រមូល​ផ្តុំជន​បរទេស​ អ្នកសារព័ត៌មាន មន្ត្រី​បុគ្គលិក​អង្គការ​មនុស្ស​ធម៌ ហើយ​សូម្បី​តែ​អ្នក​ទទួល​ខុស​ត្រូវ​តាលីបង់​ក៏​មក​ជួបប្រជុំ​ការងារ​ក្នុង​សណ្ឋាគារ​ល្អ​ៗ​ទាំង​អស់​នោះ​ដែរ​។

ការ​ដាស់​អាសន្ន​ស្តី​ពី​ការ​គំរាមកំហែង​ភេរវកម្ម​បាន​ធ្លាក់​មក តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បិទ​បញ្ចប់​ជំនួប​ប្រជុំ ជា​ផ្លូវការ​ ​ជា​លើក​ទី​មួយ រវាង​តំណាង​អាមេរិក​និង​តាលីបង់ នៅ​កាតា។ ជា​ជំនួប​ប្រជុំ​ស្តី​អំពី​បញ្ហា​សន្តិសុខ ភេរវកម្ម និង​សុវត្ថិភាព​របស់​អ្នក​ដំណើរ​អាមេរិក​និង​បរទេស​ ព្រមទាំង​ដៃគូ​អាហ្វហ្កានីស្ថាន។ អាមេរិកក៏​បាន​ឆ្លៀត​ទទូច​ឱ្យ​ពួក​តាលីបង់​ ធានា​ការ​គោរព​សិទ្ធិមនុស្ស គោរព​សិទ្ធិ​ស្ត្រី​និង​ក្មេង​ស្រី។

​ដណ្តើម​​កាន់​អំណាច​នៅ​អាហ្វហ្កានីស្ថានបាន​ តាំង​ពី​ថ្ងៃទី១៥​សីហា​២០២១​មក តាលីបង់​បាន​ចាត់​ទុក​ការ​ស្តារ​សន្តិសុខ​​សុវត្ថិភាព​ប្រទេស​ក្រោយ​សង្គ្រាម​២០​ឆ្នាំ​ ជា​អាទិភាព ប៉ុន្តែ​រលក​ភេរវកម្ម​ ​ បង្ក​ឡើង​ដោយ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ ចាប់​វាយឆក់​យក​ជីវិត​ពលរដ្ឋអាហ្វហ្កានីស្ថាន​ជា​បន្ត​បន្ទាប់។ កាលពី​ថ្ងៃ​សុក្រ​ទី ៨​តុលា ២០២១ ភេរវកម្ម​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​យ៉ាង​ហោច​៦០នាក់  និង​ជា​ភេរវកម្ម​ដ៏​កំណាច​បំផុត​តាំងពី អាមេរិក​ដក​ទ័ព​ចេញ​អស់​ពី​អាហ្វហ្កានីស្ថាន​នៅ​ថ្ងៃទី ៣០​សីហា២០២១មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ