អានតួអត្ថបទ
ចិន-តៃវ៉ាន់-អាមេរិក

អាមេរិក និងតៃវ៉ាន់​ពិភាក្សាគ្នា ​ដើម្បី​​រកវិធី​​ឲ្យ​​តៃវ៉ាន់​ចូលរួមឲ្យ​​បាន​​ពេញមុខ​ក្នុង​កិច្ចការ​អង្គការ​សហប្រជាជាតិ

អាមេរិក និង តៃវ៉ាន់ បានពិភាក្សាគ្នា ដើម្បីរកវិធី ឲ្យតៃវ៉ាន់ ចូលរួម​ឲ្យ​បានសកម្ម និងពេញមុខ នៅក្នុង​កិច្ចការងារ នៃអង្គការសហប្រជាជាតិ  ស្របពេលដែលចិនឯណោះ កំពុងត្រៀម​អបអរខួប៥០ឆ្នាំ នៃការចូលជាសមាជិក​អង្គការសហប្រជាជាតិ។ គួរកត់សំគាល់ថា នេះគឺជា​បង្ហាញជំហរមួយទៀត របស់​រដ្ឋាភិបាល​លោក ចូ បៃដិន ក្នុង​ការជួយ​គាំទ្រតៃវ៉ាន់ បន្ទាប់ពី​លោកចូ បៃដិន បានអះអាង ថាអាមេរិកសន្យាលើកទ័ពទៅជួយតៃវ៉ាន់។

ឧត្ថម្ភាគចក្រ​ បង្ហោះទង់ជាតិតៃវ៉ាន់ នៅថ្ងៃបុណ្យជាតិ ថ្ងៃទី ១០ តុលា ២០២១
ឧត្ថម្ភាគចក្រ​ បង្ហោះទង់ជាតិតៃវ៉ាន់ នៅថ្ងៃបុណ្យជាតិ ថ្ងៃទី ១០ តុលា ២០២១ AP - Chiang Ying-ying
ផ្សាយពាណិជ្ជកម្ម

យោងតាមលិខិតប្រកាសមួយរបស់ ក្រសួងការបរទេសអាមេរិក ចុះថ្ងៃទី​២៣តុលា មន្ត្រី​ការទូត​សហរដ្ឋអាមេរិក និង​តៃវ៉ាន់ បាន​ជួប​និយាយ​គ្នា​កាលពីថ្ងៃសុក្រ តាម​ប្រព័ន្ធវីស្យូខុនហ្វឺរិនស៍ ដើម្បីពិភាក្សាគ្នារកវិធី​ ជួយ​ឲ្យ​តៃវ៉ាន់ អាចចូលរួមកាន់តែសកម្ម​ នៅក្នុងក្របខណ្ឌការងារ នៃអង្គការសហប្រជាជាតិ​។

មន្ត្រីអាមេរិក បានបង្ហាញជំហរ ចង់​ឲ្យ​តៃវ៉ាន់ ចូលរួម​ឲ្យ​បានច្រើន នៅក្នុងកិច្ចការងារ តាមស្ថាប័ន​អន្តរជាតិធំៗទាំងឡាយ មានដូចជាអង្គការ​សុខភាព​ពិភពលោក និង​សន្ធិសញ្ញាអង្គការ​សហប្រជាជាតិ​ ស្តីពីអាកាសធាតុជាដើម។ មន្ត្រីអាមេរិក ក៏បាន​លើកយកមកនិយាយជាមួយតៃវ៉ាន់ នូវ​លទ្ធភាព​នៃការចូលរួម​របស់តៃវ៉ាន់ នៅក្នុង​ក្របខណ្ឌការងារ ជាច្រើនផ្សេងទៀតដែរ។

គួរ​រំលឹកថា តៃវ៉ាន់ ឬ ដែលមាន​ឈ្មោះ​ផ្លូវការថា សាធារណៈរដ្ឋចិន ធ្លាប់​អង្គុយលើ​អាសនៈ ក្នុងអង្គការសហប្រជាជាតិ រហូតដល់ថ្ងៃទី​២៥ តុលា ឆ្នាំ១៩៧១ មុននឹង​អាសនៈនេះ ត្រូវបាន​ប្រគល់ទៅឲ្យ​សាធារណៈរដ្ឋប្រជាមានិតចិនវិញ។ បើទោះបី តៃវ៉ាន់ មានរដ្ឋាភិបាលដាច់ដោយឡែក តាំង​តែពីឆ្នាំ​១៩៤៩មក តែ​សម្រាប់ចិន តៃវ៉ាន់ គឺជាខេត្តមួយរបស់ខ្លួន។

ថ្មីៗនេះ លោក​ប្រធានាធិបតីចិន បានបង្ហាញ​ជំហរកាន់តែច្បាស់​ អំពីការចង់បង្រួបបង្រួម យកតៃវ៉ាន់​មកគ្រប់គ្រងវិញ។ កងទ័ពចិនបានបញ្ចេញ​កម្លាំងកាន់តែញឹកញាប់ ដើម្បី​គំរាមដាក់សំពាធលើតៃវ៉ាន់ ខណៈរដ្ឋាភិបាល​តៃវ៉ាន់ ខំប្រឹង​បង្កើនសមត្ថភាព​សព្វាវុធ បានមកពីអាមេរិក។ ហើយ​កាលពី ថ្ងៃព្រហស្បតិ៍ លោក ចូ បៃដិន បាន​បញ្ជាក់ថា ក្នុងករណី​មាន​ការវាយ​ប្រហារណាមួយ​ពីសំណាក់ចិន សហរដ្ឋអាមេរិក នឹងលើកទ័ពទៅជួយ​តៃវ៉ាន់។

ចេតនារបស់អាមេរិក ក្នុងការនាំតៃវ៉ាន់ ឲ្យ​ចូលរួមសកម្ម​ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិនេះ អាចជាយុទ្ធសាស្ត្រការទូតថ្មីមួយទៀត ដើម្បី​ឲ្យ​តៃវ៉ាន់ បាន​ទទួលការគាំទ្រ ពី​សំណាក់​ប្រទេសផ្សេងៗកាន់តែច្រើន មុន​នឹងឈានទៅក្លាយ​ជា​ប្រទេសឯករាជ្យពេញមុខ។ តែយ៉ាងណា គេជឿថា ភាពមានៈ និងការជំទាស់​របស់​ចិន នឹងរារាំងមិន​ឲ្យដំណើរការនេះ អាចធ្វើទៅបានដោយ​ងាយនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ