អានតួអត្ថបទ
អាស៊ី-អាកាសធាតុ

អង្គការ​ឧតុនិយម​ពិភពលោក​៖ ឆ្នាំ​២០២០ តំបន់អាស៊ី​មាន​សីតុណ្ហភាព ​ឡើង​ក្តៅ​បំផុត​មិនធ្លាប់​មាន

យោងតាមរបាយការណ៍របស់អង្គការ​ឧតុនិយមពិភពលោក​ នៅឆ្នាំ​២០២០កន្លងទៅ សីតុណ្ហភាព​នៅតំបន់អាស៊ី បាន​ឡើងក្តៅបំផុត មិនធ្លាប់មាន​។ សីតុណ្ហភាព​ឡើងក្តៅ បាន​បង្កជាគ្រោះ​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ ដល់តំបន់នេះ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះជាដើម។ ក្រៅពី​ខាត​បង់ប្រាក់រាប់ពាន់លានដុល្លារ វិបត្តិបម្រែបម្រួល​អាកាសធាតុនេះ បានសម្លាប់ជីវិតមនុស្ស ជាច្រើនពាន់​នាក់នៅអាស៊ី។

ប្រជាជនកំពុងភៀសខ្លួនចេញពីតំបន់រងគ្រោះ ដោយខ្យល់ព្យុះទីហ្វុង ក្នុងខេត Rizal ប្រទេសហ្វ៊ីលីពីន ថ្ងៃទី ៣ វិច្ឆិកា ២០២០
ប្រជាជនកំពុងភៀសខ្លួនចេញពីតំបន់រងគ្រោះ ដោយខ្យល់ព្យុះទីហ្វុង ក្នុងខេត Rizal ប្រទេសហ្វ៊ីលីពីន ថ្ងៃទី ៣ វិច្ឆិកា ២០២០ AP - Aaron Favila
ផ្សាយពាណិជ្ជកម្ម

ឆ្នាំ២០២០ គឺជាឆ្នាំដែលមានសីតុណ្ហភាព​ក្តៅបំផុត នៅតំបន់អាស៊ី ដែលអ្នកជំនាញ​ឧតុនិយម មិន​ដែលជួប​ប្រទះទេ ពីមុនមក។ យោងតាមរបាយការណ៍ នៃ​អង្គការ​ឧតុនិយម​ពិភពលោក សីតុណ្ហភាព​ក្តៅ​កាន់តែខ្លាំងបែបនេះ បាន​បង្កឲ្យ​បម្រែបម្រួលអាកាសធាតុ មានកម្រិតធ្ងន់ធ្ងរ នៅអាស៊ី។ ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ត្រូវគំរាមកំហែង។ អសន្តិសុខស្បៀងអាហារ កង្វះទឹកស្អាត ​ហានិភ័យផ្នែកសុខភាព និងការសិករិចរិលនៃធម្មជាតិ បញ្ហាទាំងអស់នេះ បានឈានទៅកាន់តែធ្ងន់ធ្ងរ ដោយសារតែសីតុណ្ហភាពក្តៅខ្លាំង។

ឆ្នាំ២០២០ វិបត្តិ​សីតុណ្ហភាពក្តៅខ្លាំងនេះ បានធ្វើឲ្យចិន ខាតបង់ប្រាក់សរុប ប្រមាណ​ជា​ ២៣៨ពាន់លានដុល្លារ ឥណ្ឌា ៨៧ពាន់លានដុល្លារ ជប៉ុន ៨៣ពាន់លានដុល្លារ និង​ កូរ៉េខាងត្បូង ២៤ពាន់លានដុល្លារ។

លោក Petteri Taalas អគ្គលេខាធិការអង្គការឧតុនិយមពិភពលោក បាន​លើកឡើងថា បម្រែបម្រួល​អាកាសធាតុខ្លាំងនៅអាស៊ី បានបណ្តាល​ឲ្យ​មាន​គ្រោះទឹកជំនន់ ខ្យល់ព្យុះ និង​ គ្រោះរាំងស្ងួត និង​បញ្ហាផ្សេងៗទៀត នៅតាម​ប្រទេសនានាក្នុងតំបន់អាស៊ី។ មនុស្ស​យ៉ាងហោច ៥០លាននាក់ បានរងគ្រោះ ដោយសារគ្រោះមហន្តរាយទាំងនេះ ហើយ​ក្នុងនោះមានស្លាប់ ៥ពាន់នាក់ ក្នុងឆ្នាំ​២០២០កន្លងទៅ។

យោងតាមការតាមដានរបស់អ្នកជំនាញ នៃអង្គការឧតុនិយមពិភពលោក សីតុណ្ហភាព​នៅ​អាស៊ី បានឡើងកំដៅ ប្រមាណ ១.៣៩°c បើប្រៀបធៀបទៅនឹងកម្រិតមធ្យម ក្នុងរវាងពីឆ្នាំ ១៩៨១-២០១០។ ឆ្នាំ២០២០ សីតុណ្ហភាព​ទឹកសមុទ្រនៅផ្ទៃខាងលើ នៃមហាសមុទ្រឥណ្ឌា មហាសមុទ្រប៉ាស៊ីហ្វិក និង​មហាសមុទ្រទឹកកកអាកទិក បាន​ឡើងក្តៅខ្លាំងបំផុត។ ជាងនេះទៀត សីតុណ្ហភាពទឹកសមុទ្រនៅតំបន់អាស៊ី បានឡើងកំដៅខ្លាំង និងយ៉ាងលឿនបំផុត លើ​ស​កម្រិត​មធ្យមជាទូទៅ នៅតំបន់ផ្សេងទៀត។ យោងតាមការព្យាករណ៍ បញ្ហានេះ អាច​នឹងធ្វើ​ឲ្យ​ផ្ទាំងទឹកកកនៅតំបន់អាស៊ី ចុះថយទំហំ ពី២០ ទៅ ៤០% នៅរវាងឆ្នាំ​២០៥០ ហើយ​វានឹង​ធ្វើ​ឲ្យ​ប៉ះពាល់ខ្លាំងដល់ជីវភាព និងជីវិតរស់នៅ របស់​មនុស្ស​ប្រមាណ​៧៥០លាននាក់។

សូមបញ្ជាក់ថា ឧស្ម័នផ្ទះកញ្ចក់នៅ​ក្នុងបរិយាកាស ដែល​កើតចេញពីសកម្មភាព​មនុស្ស គឺជាប្រភពចំបង ធ្វើឲ្យ​សីតុណ្ហភាព​ផែនដីឡើងក្តៅ។ ខណៈដែល​សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP26 នឹងឈានមកដល់ នៅរវាង​៥ថ្ងៃទៀត ប្រទេសអូស្ត្រាលី ដែលជាប្រទេស​នាំធ្យូងថ្មចេញ ច្រើន​ជាងគេនោះ បាន​ប្រកាសពីកម្មវត្ថុអព្យាក្រិត្យភាពកាបូន នៅ​ឆ្នាំ​២០៥០។ តែយ៉ាងណា មានមតិព្រួយ​បារម្ភកាន់តែខ្លាំង ថា​សន្និសីទ COP26 និងបរាជ័យ ព្រោះ​ប្រទេសធំៗ ប្រហែលជានឹងមិន​បន្ថែមការប្រឹងប្រែង ក្នុងការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិកទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ