អានតួអត្ថបទ
ចិន-អាមេរិក-សព្វាវុធ

អគ្គមេបញ្ជាការ​កងទ័ព​អាមេរិក អះអាង​ថា ចិន​ពិតជា​បាន​​សាកល្បង​មីស៊ីល​អ៊ីពែរសូនិក​មែន

លោកអគ្គមេបញ្ជាការកងទ័ពអាមេរិក Mark Milley បានអះអាង ទទួលស្គាល់​ជាសាធារណៈ កាលពីថ្ងៃ​ពុធទី ២៧តុលា ថា​ចិនពិតជាបានធ្វើការសាកល្បង អាវុធអ៊ីពែរសូនិក ពិតមែន កាលពីខែ​សីហា។ ការសាក​ល្បង​ដែល​ត្រូវបាន​កាសែត Financial Times ចុះផ្សាយ​កាលពីពាក់កណ្តាល​ខែ​តុលានេះ។ ​លោក​អគ្គមេបញ្ជាការកងទ័ពអាមេរិក ក៏បានបញ្ជាក់ផងដែរ ពីការភ្ញាក់ផ្អើលខ្លាំង នៅក្រោយ​ពេលដឹងដំណឹង ថាចិនបានសាកមីស៊ីលអ៊ីពែរសូនិក។

រថយន្តដឹកមីស៊ីលអ៊ីពែរសូនិក​ DF-17 ក្នុង​ឱកាសបុណ្យជាតិចិន ថ្ងៃទី ១ តុលា ២០១៩
រថយន្តដឹកមីស៊ីលអ៊ីពែរសូនិក​ DF-17 ក្នុង​ឱកាសបុណ្យជាតិចិន ថ្ងៃទី ១ តុលា ២០១៩ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​បទសម្ភាសន៍​មួយ ផ្តល់ឲ្យ​ទូរទស្សន៍ Bloomberg TV លោក​អគ្គមេបញ្ជាការកងទ័ពអាមេរិក Mark Milley បាន​ទទួលស្គាល់ថា អាមេរិកកំពុងយកចិត្តទុកដាក់​បំផុត ក្រោយ​ការសាក ល្បង​ប្រព័ន្ធអាវុធអ៊ីពែរសូនិក របស់ចិន។ លោក​បាន​ប្រៀបធៀប ការសាកល្បង​ អាវុុធ​​អ៊ីពែរសូនិក​របស់​ចិននេះ ទៅនឹងការ​សាកល្បងផ្កាយរណបសិប្បនិម្មិត​​ Spoutnik របស់រុស្ស៊ី កាលពី​ខែ​តុលា​ឆ្នាំ​​១៩៥៧ ដែលបាន​ធ្វើ​ឲ្យសហរដ្ឋអាមេរិក ផ្ញាក់ផ្អើលជាខ្លាំង ហើយ​វាបាន​ជំរុញឲ្យ​មាន​ការ​ប្រកួតប្រជែងគ្នា ក្នុង​វិស័យអវកាស។

គួរបញ្ជាក់ថា លោក Mark Milley គឺជាមន្ត្រីជាន់ខ្ពស់អាេមរិកដំបូងគេហើយ ដែលបាន​ប្រកាសទទួលស្គាល់ថា ចិនពិតជាបានសាកល្បងប្រព័ន្ធអាវុធមីស៊ីលដ៏ទំនើប ល្បឿនលឿនជាងសំឡេងនេះ។ កាលពីពាក់​កណ្តាល​ខែតុលា កាសែត Financial Times បានចុះផ្សាយ ថាចិនបានសាកល្បង​មីស៊ីល​ប្រភេទថ្មីនេះ ដែល​មាន​សមត្ថភាព​បំពាក់ក្បាលគ្រាប់​នុយក្លេអ៊ែរ ហើយ​បាន​ហោះ​ជុំវិញ​ខ្សែគន្លង​​​ផែន​ដី ក្នុងរយៈកំពស់ទាប។ ដោយ​ស្រង់ប្រភព​​ពីមនុស្ស​​ដែល​​បាន​តាម​ដាន​ការ​សាក​ល្បងនេះ កាសែតអង់គ្លេសនេះ បាន​បញ្ជាក់ថា មីស៊ីលនេះបានធ្លាក់ខុស​គោលដៅ ប្រមាណ​​ជាង​៣០​គីឡូម៉ែត្រ។

ដោយឡែក ចិនបាន​បដិសេធដំណឹងនេះ ដោយ​បាន​លើកឡើងថា គេបានធ្វើតេស្តសាកល្បងធម្មតា ទៅលើ​យានដឹកជញ្ជូន​អាវកាស​ ដែល​អាចយក​មក​ប្រើ​ប្រាស់ឡើងវិញបាន​ តែប៉ុណ្ណោះ។

ក្រោយ​ការ​លើកឡើង របស់​លោក​អគ្គមេបញ្ជាការកងទ័ពអាមេរិក លោក John Kirby អ្នកនាំពាក្យ​​ក្រសួងការពារជាតិអាមេរិក បាន​ឆ្លើយថា វាមិនមាន​ប្រយោជន៍ទេ ដែល​បិទផ្លាក ឬចាត់ចំណាត់ថ្នាក់ថា ចិន​បានដើរជឿនលឿនខ្លាំង ក្នុង​បច្ចេកវិទ្យា​អាវុធ ព្រោះថា​សមត្ថភាព​ខ្ពស់នៃវិស័យនេះ គឺវាជាការបូកផ្សំជាមួយ​នយោបាយ​ការបរទេស និងការការពារជាតិ ដែលប្រើប្រាស់យុទ្ធសាស្ត្រគំរាម និងសហការជាមួយ​ប្រទេសក្បែរខាង។

សូមរំលឹកថា កាលពីឆ្នាំ២០១៩ ចិនបាន​បង្ហាញ​ មីស៊ីលអ៊ីពែរសូនិក មួយ​រួចហើយ ឈ្មោះ DF-17។ ជាអាវុធ មានសមត្ថភាព​មធ្យម  រយៈចំងាយ​ប្រមាណ​ ២០០០គីឡូម៉ែត្រ ហោះត្រង់សំដៅ​គោលដៅ តែអាចបំពាក់ដោយ​ក្បាលគ្រាប់នុយក្លេអ៊ែរ។ ដោយឡែក មីស៊ីលចិនដែលកាសែត Financial Times បានចុះ​ផ្សាយ​​កាលពីពាក់​កណ្តាល​ខែ​តុលា​​ គឺជាមីស៊ីល​អាចហោះឡើងទៅលើអវកាស ចូលក្នុងសុញ្ញកាស មុន​នឹង​បត់ចុះ ឆ្ពោះទៅកាន់គោលដៅ។ ដូច្នេះកម្រិតសមត្ថភាព​នៃមីស៊ីលថ្មីនេះ គឺខ្ពស់ខ្លាំងណាស់។

គួរបញ្ជាក់ដែរថា សហរដ្ឋអាេមរិក មិនទាន់មាន​អាវុធអ៊ីពែរសូនិកទេ តែគេកំពុងតែ​ធ្វើការស្រាវជ្រាវផលិត។ ក្រុមការងាវិទ្យាសាស្ត្រនៃកងទ័ពអាមេរិក Darpa ធ្លាប់​បាន​ប្រកាស​កាលពី​ពេលថ្មីៗនេះ ថា​ គេ​បានសាក​ល្បង​ប្រកបដោយ​ជោគជ័យ មីស៊ីលអ៊ីពែរសូនិក HAWC (Hypersonic Air-Breathing Weapon Concept) ដែលប្រើ​អុកស៊ីសែនក្នុងបរិយាកាស ជាប្រភពថាមពលជំរុញល្បឿន។ ដោយឡែក ការសាកល្បងមីស៊ីល​អ៊ីពែរសូនិកហោះត្រង់ ARRW បាន​បរាជ័យ​ កាលពីខែ​មេសាកន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ