អានតួអត្ថបទ
ឥណ្ឌូណេស៊ី-វ៉ាក់សាំងកូវីដ១៩

ឥណ្ឌូណេស៊ី ប្រទេស​ដំបូងគេ ដែល​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​បង្ការកូវីដ របស់​មន្ទីរពិសោធន៍ ​Novavax

រដ្ឋាភិបាលឥណ្ឌូណេស៊ី បានសម្រេចកាលពីថ្ងៃចន្ទ ទី​១វិច្ឆិកាម្សិលមិញ អនុញ្ញាតឲ្យ​ប្រើប្រាស់​ វ៉ាក់សាំងបង្ការកូវីដ​ថ្មីមួយទៀត ស្រាវជ្រាវផលិត​ដោយ​ មន្ទីរសោធន៍អាមេរិក Novavax។ វ៉ាក់សាំងនេះ ជាប្រភេទវ៉ាក់សាំងប្រើប្រូតេអ៊ីន ដោយ​គ្មានមេរោគ ហើយ​ដែលមាន​ភាព​ងាយស្រួល​​ ក្នុងការស្តុកទុក។ សម្រាប់ពេលនេះ ឥណ្ឌូណេស៊ី គឺជាប្រទេស​ទីមួយ​ហើយ ដែល​អនុញ្ញាតឲ្យ​ប្រើ​វ៉ាក់សាំងនេះ។

ដបហ្វ្លាកុងវ៉ាក់សាំងបង្ការកូវីដ​១៩ របស់​មន្ទីរពិសោធន៍ Novavax ដែលគេចាប់ផ្តើម​សាក​ល្បងនៅ St. George's University hospital ទីក្រុងឡុងដ៍ ថ្ងៃទី ៧ តុលា ២០២០
ដបហ្វ្លាកុងវ៉ាក់សាំងបង្ការកូវីដ​១៩ របស់​មន្ទីរពិសោធន៍ Novavax ដែលគេចាប់ផ្តើម​សាក​ល្បងនៅ St. George's University hospital ទីក្រុងឡុងដ៍ ថ្ងៃទី ៧ តុលា ២០២០ AP - Alastair Grant
ផ្សាយពាណិជ្ជកម្ម

វ៉ាក់សាំងបង្ការកូវីដ​ថ្មីមួយទៀត ដែលមានឈ្មោះថា Covovax ត្រូវបាន​ស្រាវជ្រាវរកឃើញដោយ​ មន្ទីរពិសោធន៍ឱសថអាមេរិក Novavax។ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានសម្រេច ផ្តល់អាជ្ញាបណ្ណឲ្យ​ចរាចរណ៍ និង​ប្រើប្រាស់វ៉ាក់សាំងនេះ ដោយ​ត្រូវផលិត​ដោយ Serum Institute of India (SII)។

យោងតាម​ការ​អះអាងរបស់មន្ទីរពិសោធន៍ Novavax វ៉ាក់សាំងរបស់ខ្លួន គឺត្រូវបាន​ផលិតឡើង ដោយបច្ចេកវិទ្យាថ្មីមួយ​បែបទៀត ខុសពីវ៉ាក់សាំងទូទៅផ្សេងទៀត។ ពោលគឺវ៉ាក់សាំងបង្ការកូវីដ របស់​​ Novavax ជាប្រភេទវ៉ាក់សាំងប្រើ​ប្រូតេអ៊ីន ដើម្បីទៅដាស់ឲ្យ​ប្រព័ន្ធការពារខ្លួន​កម្រើកឡើង ដោយ​មិនចាំបាច់ ចាក់បញ្ចូលមេរោគទៅជាមួយទេ។ វ៉ាក់សាំងនេះ អាចត្រូវស្តុកទុកក្នុងទូរទឹកកកធម្មតា សីតុណ្ហភាព ចន្លោះពី២ ទៅ​៨°C ពោលគឺមានភាពងាយ​ស្រួល សម្រាប់​ប្រទេសក្រីក្រ។

កាលពីខែមិថុនា មន្ទីរពិសោធន៍ Novavax បានចេញ​ផ្សាយ​លទ្ធផល​ធ្វើតេស្តសាកល្បង​ទ្រង់ទ្រាយ​ធំ របស់​វ៉ាក់សាំងខ្លួន ដោយ​បាន​ធ្វើទៅ​លើមនុស្ស​ចំនួន​ ៣ម៉ឺននាក់ នៅ​អាមេរិក និង​មិចស៊ិក។ លទ្ធផល​បង្ហាញថា វាមានប្រសិទ្ធភាព​ចំនួន ៩០.៤% ប្រឆាំងនឹង​កូវីដ១៩ ហើយ​១០០% ក្នុងការការពារ​មិន​ឲ្យ​អ្នកឆ្លង​ អាចធ្លាក់ខ្លួនឈឺធ្ងន់។

លោក Stanley Erck អគ្គនាយក​មន្ទីរពិសោធន៍ Novavax បានបញ្ជាក់ថា ការអនុញ្ញាតរបស់​រដ្ឋាភិបាលឥណ្ឌូណេស៊ី ដែល​ជាប្រទេសមាន​ប្រជាជនច្រើនជាងគេ លំដាប់ទី៤ នៅក្នុងពិភពលោកនេះ គឺវាបានឆ្លុះបញ្ចាំង​ ឲ្យឃើញអំពីការចូលរួម​ប្រឹងប្រែង របស់សហគ្រាសឱសថ Novavax ក្នុងការ​ចែកចាយដោយសមភាព នូវវ៉ាក់សាំងបង្ការកូវីដ ជាពិសេសនៅតាម​ប្រទេសក្រីក្រ។

សូមបញ្ជាក់ថា នៅថ្ងៃចន្ទ ទី១វិច្ឆិកា មន្ទីរពិសោធ៍ Novavax បានអះអាងថា ខ្លួន​បានដាក់​ពាក្យស្នើសុំអាជ្ញាបណ្ណចែកចាយ វ៉ាក់សាំងរបស់ខ្លួន នៅ​ទីភ្នាក់ងារឱសថអឺរ៉ុប និង​កាណាដា។ គេកំពុង រៀបចំឯកសារ ដាក់ពាក្យ​ទៅកាន់អាជ្ញាធរឱសថអង់គ្លេស អូស្ត្រាលី និង​ អង្គការសុខភាព​ពិភព​លោក​ផងដែរ។ ចំណែកនៅសហរដ្ឋអាមេរិក មន្ទីរពិសោធន៍ ​Novavax នឹងដាក់ពាក្យសុំនៅចុងឆ្នាំ​២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ