អានតួអត្ថបទ
រាជានិយមថៃ

តុលាការធម្មនុញ្ញថៃ៖ បាតុកម្មទាមទារកែទម្រង់ស្ថាប័នព្រះមហាក្សត្រគឺស្មើនឹងប៉ុនប៉ងផ្តួលរំលំរាជានិយម

តុលាការធម្មនុញ្ញថៃ​បាន​ចេញសេចក្តីសម្រេច​កាលពីថ្ងៃពុធ​ថា ការទាមទារ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័នព្រះមហាក្សត្រ​ធ្វើឡើង​ដោយ​មេដឹកនាំបាតុករ​ចំនួន ៣រូប កាល​ពី​ខែសីហា​ឆ្នាំ២០២០​ គឺ​ស្មើ​នឹង​ការប៉ុនប៉ង​ផ្តួលរំលំ​របបរាជានិយម។ សេចក្តីសម្រេច​ដែល​អាច​ជាការបើកផ្លូវ​ឲ្យ​មាន​ការ​ចោទប្រកាន់​មេដឹកនាំ​បាតុករ​ពីបទក្បត់ជាតិ។

មេដឹកនាំបាតុកម្ម​ទាមទារ​លទ្ធិប្រជាធិបតេយ្យ និង​ទាមទារ​ឲ្យ​លុបចោល​បទល្មើសប្រមាថព្រះមហាក្សត្រថៃ
មេដឹកនាំបាតុកម្ម​ទាមទារ​លទ្ធិប្រជាធិបតេយ្យ និង​ទាមទារ​ឲ្យ​លុបចោល​បទល្មើសប្រមាថព្រះមហាក្សត្រថៃ AP - Gemunu Amarasinghe
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច​របស់​តុលាការធម្មនុញ្ញថៃ​កាលពីថ្ងៃពុធ ដែល​ត្រូវ​បាន​ធ្វើឡើងទៅតាម​បណ្តឹង​របស់​មេធាវី​ជាអ្នក​គាំទ្រ​​រាជានិយម​ម្នាក់ បានកំណត់​ថា ការទាមទារ​កំណែទម្រង់ ធ្វើឡើង​ដោយ​មេដឹកនាំ​បាតុកម្ម​ប្រឆាំងរដ្ឋាភិបាល​​ទាំង ៣រូប គឺ​ជា​ការ​ប្រើប្រាស់​រូបភាព​សិទ្ធិសេរីភាព​បញ្ចេញមតិ ក៏ប៉ុន្តែ បង្កប់​ដោយ​ចេតនា​ចង់​ផ្តួលរំលំ​របបរាជានិយម​អាស្រ័យធម្មនុញ្ញ ហើយ​ថា នេះ​គឺ​ជា​ទង្វើ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​សន្តិសុខជាតិ។

គួររំឭកឡើងវិញថា នៅក្នុង​អំឡុង​បាតុកម្ម​នៅ​ឯសកលវិទ្យាល័យធម្មសាត កាល​ពីខែ​សីហា​ឆ្នាំទៅមិញ មេដឹកនាំ​បាតុករ​និស្សិត​​បាន​ថ្លែងសារ​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​១០ចំណុច ដោយ​នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​ដែរ ការទាមទារ​ឲ្យ​ធ្វើ​កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ ជាពិសេស ទាមទារ​ឲ្យ​​មាន​តម្លាភាព​ផ្នែកហិរញ្ញវត្ថុព្រះបរមរាជវាំង និង​ទាមទារ​លុបចោល​ច្បាប់​ដាក់ទោសបទប្រមាថ​ព្រះមហាក្សត្រ។

តុលាការធម្មនុញ្ញថៃ​ ដែល​មាន​សមត្ថកិច្ច​ជំនុំជម្រះតែ​ទៅលើ​ធម្មនុញ្ញភាពនោះ មិនបាន​កាត់សេចក្តី អំពី​ទោសទណ្ឌ​ទៅលើ​មេដឹកនាំ​បាតុករ​ទាំង ៣រូបនេះ​ទេ ក៏ប៉ុន្តែ មានការបារម្ភ​ថា សេចក្តីសម្រេច​របស់​តុលាការ​ធម្មនុញ្ញ​នេះ​អាច​នឹង​ត្រូ​វតុលាការព្រហ្មទណ្ឌ​យក​ទៅប្រើ​ជា​មូលដ្ឋានច្បាប់ ចោទប្រកាន់​មេដឹកនាំ​បាតុករ​ពីបទ​ក្បត់ជាតិ។

បច្ចុប្បន្ន​នេះ ក្នុង​ចំណោម​មេដឹកនាំ​បាតុករ​ទាំង ៣រូប​ ​មាន​ពីររូប​​កំពុង​ជាប់​ក្នុង​មន្ទីរឃុំឃាំង​រួចទៅហើយ ដោយ​ជាប់ចោទពីបទ​ប្រមាថ​ព្រះមហាក្សត្រ។ បទប្រមាថព្រះមហាក្សត្រ​ ដែល​តាម​ច្បាប់​ព្រហ្មទណ្ឌថៃ ​អាច​ត្រូវ​ជាប់​ទោស​ពន្ធនាគារ​រយៈពេល ១៥ឆ្នាំ ចំណែក​បទ​ល្មើស​ប៉ុនប៉ង​ផ្តួលរំលំ​របបរាជានិយមវិញ ដែល​ជាទោស​ក្បត់​ជាតិ អាច​នឹង​ត្រូវ​ជាប់​ទោស​​​ពន្ធនាគារ​មួយ​ជីវិត ឬអាច​​រហូតដល់​ត្រូវ​ប្រហារ​ជីវិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ