អានតួអត្ថបទ
ចិន-តៃវ៉ាន់-អាមេរិក

លោកចូ បៃដិន បាន​អះអាងថា លោក​មិនបាន​ចង់ជំរុញ ឲ្យ​តៃវ៉ាន់​ប្រកាស​ឯករាជ្យ​នោះទេ

កាលពីថ្ងៃចន្ទ លោក ចូ បៃដិន បាន​ជួបសន្ទនាគ្នាពីចំងាយ ជាមួយ​លោក​ ស៊ី ជីនពីង ខណៈដែល​ប្រទេសមហាអំណាចទាំង២នេះ កំពុងតែមានរឿងប្រឈមមុខដាក់គ្នា ជាច្រើនសំណុំរឿង ជាក់ស្តែងគឺ​សំណុំរឿងកោះតៃវ៉ាន់។ ឆ្លើយតបទៅកាន់អ្នកកាសែត ដែលសួរលោកកាលពីថ្ងៃអង្គារ​ទី​១៦វិច្ឆិកា​ ស្តីពីបញ្ហាតៃវ៉ាន់នេះ លោក ចូ បៃដិន បានឆ្លើយ​បញ្ជាក់ថា លោក​មិន​មានចេតនាណាមួយ ទៅជំរុញតៃវ៉ាន់ ឲ្យ​ប្រកាសឯករាជ្យនោះទេ។

ទាហានម្នាក់កំពុងដោតទង់ជាតិតៃវ៉ាន់ នៅក្នុងសមយុទ្ធយោធា ថ្ងៃទី១៩ មករា ២០២១
ទាហានម្នាក់កំពុងដោតទង់ជាតិតៃវ៉ាន់ នៅក្នុងសមយុទ្ធយោធា ថ្ងៃទី១៩ មករា ២០២១ AP - Chiang Ying-ying
ផ្សាយពាណិជ្ជកម្ម

ក្នុងពេលលោក​ ចូ បៃដិន កំពុងធ្វើទស្សនកិច្ចនៅរដ្ឋ New Hampshire កាលពីថ្ងៃអង្គការទី ១៦វិច្ឆិកា អ្នកកាសែត បានជជីកសួរលោក អំពី​ជំនួប​ប្រជុំពីចំងាយជាមួយ​លោក ស៊ី ជីនពីង កាល​ពីថ្ងៃចន្ទ ហើយថាតើមានអ្វីប្រែប្រួលខ្លះ ទាក់ទិននឹងបញ្ហាកោះតៃវ៉ាន់។

លោក ចូ បៃដិន បានឆ្លើយថា អ្វីដែលលោក​បាននិ​យាយយ៉ាងច្បាស់ ទៅកាន់លោក​ប្រធានាធិបតីចិន គឺថា អាមេរិកនឹងបន្តគោរព អនុវត្ត ច្បាប់ស្តីពីតៃវ៉ាន់ Taiwan Act។ ពោលគឺវាជាច្បាប់ អនុម័តដោយ​សភាខុនហ្ក្រេស នៅឆ្នាំ​១៩៧៩ តម្រូវឲ្យ​អាមេរិកសន្យាទទួលស្គាល់ប្រទេសចិនតែមួយ តែអាមេរិកត្រូវជួយជំនុកបម្រុងគ្រឿងសព្វាវុធ ដល់តៃវ៉ាន់ ដើម្បីការពារខ្លួន។ លោក ចូ បៃដិន បានប្រាប់កាសែតទៀតថា បើនិយាយទៅ តៃវ៉ាន់ហាក់បីដូចជាមានភាពឯករាជ្យទៅហើយបច្ចុប្បន្ននេះ ព្រោះតៃវ៉ាន់សម្រេចអ្វីដោយខ្លួនឯងទាំងអស់។

ឃ្លាចុងក្រោយនេះ ត្រូ​វបានអ្នកកាសែតចាប់ជាប់ នឹងបានជជីកសួរបន្ត ព្រោះថា វាអាចមានខ្លឹមសារ ធ្វើឲ្យចិន​ខឹងក្រេវក្រោធ។ លោក ចូ បៃដិន បាន​បញ្ជាក់បន្ថែមទេ « យើងមិន​ជំរុញ លើកទឹកចិត្ត ឲ្យតៃវ៉ាន់ប្រកាស​ឯករាជ្យនោះទេ។ យើងជំរុញតៃវ៉ាន់ ឲ្យធ្វើតែរឿង ដូចដែលមានកំណត់ក្នុង Taiwan Act  តែប៉ុណ្ណោះ។ ការសម្រេចចិត្តទាំងឡាយ វាគឺជារបស់តៃវ៉ាន់ មិនមែនរបស់​សហរដ្ឋអាមេរិកទេ »។ លោក​ចូ បៃដិន ក៏បាន​បញ្ជាក់ជាថ្មីផងដែរ ថា​សហរដ្ឋអាេមរិក មិនបានផ្លាស់ប្តូរគោលជំហរនយោបាយ​ទេ ទាក់ទិននឹងសំណុំរឿងតៃវ៉ាន់នេះ។

សូម​រំលឹកថា កាលពីថ្ងៃចន្ទ ក្នុងពេលនិយាយគ្នាជាមួយ​លោក ស៊ី ជីនពីង លោកចូ បៃដិនបាន​លើកឡើងថា សហរដ្ឋអាមេរិក ប្រឆាំងដាច់ខាត នូវចេតនាជាឯកត្តោភាគីណាមួយ ដែលមកចង់ផ្លាស់ប្តូរស្ថានការណ៍ ធ្វើឲ្យ​មាន​បញ្ហាអស្ថិរភាព អសន្តិសុខក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ គួរកត់សំគាល់ថា ឃ្លានេះ លោក ចូ បៃដិន ក៏ហាក់ចង់ផ្ញើសារទៅកាន់​ថ្នាក់ដឹកនាំកោះតៃវ៉ាន់ដែរ ថាមិនត្រូវធ្វើ​អ្វីមួយ ឲ្យ​ជ្រុលជ្រួសនោះទេ។

គួររំលឹកដែរថា កាលពីពេលថ្មីៗនេះ លោកចូ បៃដិន ក៏បាន​និយាយជ្រុលមាត់ម្តងដែរ ទាក់ទិននឹងបញ្ហាតៃវ៉ាន់នេះ ដោយលោកអះអាងថា ក្នុងករណី មាន​ការវាយ​ប្រហារណាមួយពីសំណាក់ចិន នោះអាមេរិកត្រៀមខ្លួននឹងលើកកម្លាំងទៅជួយតៃវ៉ាន់។ ជាសំដីដែលមានខ្លឹមសារ ផ្ទុយស្រឡះពីគោលនយោបាយ​យុទ្ធសាស្ត្ររបស់អាមេរិកនាពេលកន្លងមក ដែល​មិនដែលបញ្ជាក់ឲ្យច្បាស់ថា អាេមរិកនឹងលើកទ័ពទៅជួយតៃវ៉ាន់នោះទេ។ ក្រោយការលើកឡើងដោយជ្រុល​មាត់ របស់​លោក​ចូ បៃដិន​នេះ សេតវិមានបានចេញសេចក្តីប្រកាសថា គោលនយោបាយ​រដ្ឋាភិបាលអាមេរិក គឺនៅដដែល មិនបានប្រែប្រួលទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ