អានតួអត្ថបទ
ចិន-បរិស្ថាន

ការសិក្សា៖ការបញ្ចេញឧស្ម័នកាបូនិកនៅចិនបានធ្លាក់ចុះនៅត្រីមាសទី៣ ឆ្នាំ ២០២១

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ វិច្ឆិកា មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថាមពល និង​ខ្យល់​ស្អាត​ហៅ​កាត់ CREA ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ហ្វាំងឡង់​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​នៅ​ក្នុង​ប្រទេស​ចិន។ តាម​របាយការណ៍ ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​នៅ​ចិន​សម្រាប់​ត្រីមាសទី៣ មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់។ គួរ​បញ្ជាក់​ថា ចិន​បាន​សន្យា​ពី​ការ​ឈាន​ដល់​ចំណុច​កំពូល​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​នៅ​ឆ្នាំ ២០៣០ មុន​នឹង​ឈាន​ដល់​អព្យាក្រឹត្យ​កាបោន​នៅ​ឆ្នាំ ២០៦០។

ការសិក្សាមួយ​ថា ការបញ្ចេញឧស្ម័នកាបូនិកនៅចិនបានធ្លាក់ចុះនៅត្រីមាសទី៣ ឆ្នាំ ២០២១។
ការសិក្សាមួយ​ថា ការបញ្ចេញឧស្ម័នកាបូនិកនៅចិនបានធ្លាក់ចុះនៅត្រីមាសទី៣ ឆ្នាំ ២០២១។ © AP Photo/Mark Schiefelbei
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ចិន​បាន​ស្គាល់​សន្ទុះ​សេដ្ឋកិច្ច​ឡើង​វិញ​ចាប់​ពី​ត្រីមាសទី២ ឆ្នាំ ២០២០ មក នេះ​ជា​លើក​ទី១ ដែល​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​នៅ​ចិន​មាន​ការ​ធ្លាក់​ចុះ​សម្រាប់​ត្រីមាសទី៣ ឆ្នាំ ២០២១។ តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថាមពល និង​ខ្យល់​ស្អាត​ដែល​មាន​ទីស្នាក់ការ​ក្នុង​ប្រទេស​ហ្វាំងឡង់ មាន​ហេតុផល​ចំនួន​ពីរ​ដែល​ពន្យល់​ពី​ការ​ធ្លាក់​ចុះ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​នៅ​ចិន​សម្រាប់​ត្រីមាសទី៣ ឆ្នាំ ២០២១ ទី១ ការ​អនុវត្តន៍​វិធានការ​តឹងតែង​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ។ វិធានការ​មួយ​នេះ​បាន​កម្រិត​ចំនួន​ការ​សាងសង់​អាគារ និង​ផ្ទះសម្បែង។

ហេតុផល​ទី២ ដែល​បញ្ជាក់​ពី​ការ​ធ្លាក់​ចុះ​នូវ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​នៅ​ចិន​សម្រាប់​ត្រីមាសទី៣ ឆ្នាំ ២០២១ គឺ​កង្វះ​ធ្យូងថ្ម​ប្រើប្រាស់​ដែល​កំពុង​បង្ក​ឲ្យ​មាន​កង្វះ​ភ្លើង​អគ្គិសនី​ប្រើប្រាស់​នៅ​ទូទាំង​ប្រទេស​ចិន។ គួរ​បញ្ជាក់​ថា ចិន​បាន​បោះទុន​វិនិយោគ​ច្រើន​ណាស់​សម្រាប់​ថាមពល​កកើត​ឡើងវិញ និង​ថាមពល​នុយក្លេអ៊ែរ។ តែ​នៅ​ចំពោះ​មុខ​ពេល​នេះ ចិន​កំពុង​ពឹង​ខ្លាំង​លើ​ធ្យូងថ្ម​សម្រាប់​ផលិត​ភ្លើងអគ្គិសនី។ គឺ​ការ​ប្រើ​ធ្យូងថ្ម​ដែល​ជា​ប្រភព​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក។ តែ​ចិន​ធ្លាប់​បាន​សន្យា​ថា ការ​បញ្ចេញ​ឧស្ម័ន​កាបោន​នឹង​ឡើង​ដល់​កំពូល​នៅ​ឆ្នាំ ២០៣០ មុន​នឹង​ឈាន​ដល់​អព្យាក្រឹត្យ​កាបោន​នៅ​ឆ្នាំ ២០៦០។

លោកស្រី​ឡូរី មីលីវាតា អ្នក​វិភាគ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថាមពល និង​ខ្យល់​ស្អាត​បាន​មើល​ឃើញ​ថា វិធានការ​របស់​ចិន​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ពេល​នេះ​អាច​ធ្វើ​ឲ្យ​ចិន​សម្រេច​បាន​គោលដៅ​មុន​ការ​កំណត់។ តែ​របាយការណ៍​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថាមពល និង​ខ្យល់​ស្អាត​បាន​ព្រមាន​ទុក​ជា​មុន​ថា បើ​រដ្ឋាភិបាល​ចិន​ចាត់​វិធានការ​ថ្មីៗ​បន្ថែម​ទៀត​ដើម្បី​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច ការ​បញ្ចេញ​ឧស្ម័ន​ការបូនិក​ក៏​នឹង​អាច​កើន​ឡើង​ជា​ថ្មី​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ