អានតួអត្ថបទ
អូតង់-រុស្ស៊ី-អឺរ៉ុប

រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់ ថា​រុស្ស៊ី​មិនអាច​មក​ដាក់កំហិត ឲ្យ​អូតង់​ធ្វើតាម​ការចង់បាន​របស់ខ្លួន​​​នោះទេ

លោកស្រី​ Christine Lambrecht រដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី របស់អាល្លឺម៉ង់ បានទៅធ្វើ​ទស្សនកិច្ច​ក្រៅ​ប្រទេស​ ជាលើកទីមួយ នៅប្រទេស​លីទុយអានី។ ទស្សនកិច្ចរបស់​លោក​រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ នៅពេលនេះ គឺស្ថិតក្នុង​កាលៈទេសៈ ដែលមានភាពតានតឹង បន្ទាប់ពីរុស្ស៊ីបាន​ចល័តទ័ពយ៉ាងសកម្ម នៅក្បែរព្រំដែនអ៊ុយក្រែន។ លោកស្រីរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បាន​លើកឡើងថា សមាជិកអូតង់ត្រូវពិចារណាចំពោះសំណើររបស់រុស្ស៊ី តែរុស្ស៊ីមិនអាចដាក់កំហិត​ ឲ្យអូតង់ធ្វើតាមការយល់ឃើញរបស់ខ្លួននោះដែរ។

លោកស្រី Christine Lambrecht រដ្ឋមន្ត្រីក្រសួងការពារជាតិ​អាល្លឺម៉ង់ ក្នុុងពេលចុះទៅពិនិត្យ​នៅ មូលដ្ឋានកងទ័ពជើងទឹកអាល្លឺម៉ង់ នៅ​ Warnemuende ប្រទេសអាល្លឺម៉ង់ ថ្ងៃទី ១៧ ធ្នូ​២០២១
លោកស្រី Christine Lambrecht រដ្ឋមន្ត្រីក្រសួងការពារជាតិ​អាល្លឺម៉ង់ ក្នុុងពេលចុះទៅពិនិត្យ​នៅ មូលដ្ឋានកងទ័ពជើងទឹកអាល្លឺម៉ង់ នៅ​ Warnemuende ប្រទេសអាល្លឺម៉ង់ ថ្ងៃទី ១៧ ធ្នូ​២០២១ via REUTERS - BERND WUESTNECK
ផ្សាយពាណិជ្ជកម្ម

ការចល័តទ័ពរបស់រុស្ស៊ី ប្រមាណ​១សែននាក់ នៅក្បែរព្រំដែនអ៊ុយក្រែន កំពុងធ្វើឲ្យ​ប្រទេសតំបន់បាល់ទិក អេស្តូនី ឡេតូនី និង​លីទុយអានី មានការព្រួយ​បារម្ភជាខ្លាំង។ លោក​ស្រី Christine Lambrecht រដ្ឋមន្ត្រីការពារជាតិថ្មី របស់អាល្លឺម៉ង់ បានទៅដល់មូលដ្ឋានទ័ព Rukla របស់អូតង់ នៅលីទុយអានី នៅថ្ងៃអាទិត្យទី១៩ធ្នូ ដើម្បីពិនិត្យ​ និង​លើកទឹកចិត្តកម្លាំងទាហានអាល្លឺម៉ង់ ប្រមាណ​៥៥០នាក់ ដែលដឹកនាំប្រតិបត្តិការនៅទីនោះ។

ថ្លែងទៅកាន់អ្នកកាសែត លោកស្រីរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បាន​លើកឡើងថា « យើងត្រូវតែ រកដំណោះស្រាយ ដើម្បីបន្ធូរបន្ថយ​ភាពតានតឹងឲ្យ​បាន​ ដោយ​ត្រូវប្រើទាំងផ្លូវការទូត និង​ ការ​ត្រៀមកម្លាំង​សំឡុតបកទៅវិញ »។ លោកស្រីបាន​បញ្ជាក់ថា « យើងត្រូវតែជជែក ពិភាក្សាគ្នា ទាក់ទិននឹង​សំណើ ​ដែលរុស្ស៊ីស្នើមក ព្រោះវាជារឿងចាំបាច់។ ក៏ប៉ុន្តែ វាជារឿងដែល​មិនអាច​ទទួលយកបានទេ បើរុស្ស៊ីចង់​ដាក់កំហិត ចាប់បង្ខំឲ្យអូតង់ និង​ប្រទេសសម្ព័ន្ធមិត្ត ត្រូវធ្វើតាម​គំនិតយល់ឃើញរបស់រុស្ស៊ីតែម្នាក់នោះ។

ដោយឡែក លោក Arvydas Anusauskas រដ្ឋមន្ត្រីការពារជាតិ​លីទុយអានី បានប្រាប់ទៅលោកស្រីរដ្ឋមន្ត្រីការពារអាល្លឺម៉ង់ថា បច្ចុប្បន្ននេះរុស្ស៊ីបានបញ្ជូនទ័ព​ មកក្បែរព្រំដែនខាងកើតរបស់អឺរ៉ុប មានចំនួន​លើស​កម្លាំងទ័ពរបស់អូតង់ ចំនួន​ដល់ទៅ​១០ដង។ លោក​បាន​បន្ថែមទៀតថា អូតង់ និង​អឺរ៉ុប ត្រូវតែ​ច្រានចោល​ទាំងស្រុង នូវសំណើ​របស់រុស្ស៊ី ព្រោះវាជា​សំណើដែលនឹង​ធ្វើ​ឲ្យ​សន្តិសុខរបស់​អឺរ៉ុប ​ចុះទន់ខ្សោយ​។

សូមរំលឹកថា កាលពីសប្តាហ៍មុន ភាគីរុស្ស៊ីបាន​ស្នើ​មកកាន់អឺរ៉ុបថា ត្រូវតែរៀបចំយន្តការកាត់បន្ថយតួនាទីរបស់​អាមេរិក និង​អង្គការអូតង់ នៅក្នុង​តំបន់អឺរ៉ុបខាងកើត និងនៅ​តាមប្រទេសអតីតសហភាពសូវៀត។ បន្ថែមពីនេះទៀត រុស្ស៊ីបានទាមទារថា អូតង់មិនត្រូវទទួលសមាជិកថ្មីបន្ថែមទៀតទេ ហើយ​ក៏មិនត្រូវ​ទៅតាំង​មូលដ្ឋានទ័ព នៅ​តាមប្រទេសអតីតសហភាពសូវៀតដែរ។ ជាសំណើដែលរុស្ស៊ីចង់ហាម មិន​ឲ្យ​អូតង់ទទួលអ៊ុយក្រែន ចូលជាសមាជិក។

គួរកត់សំគាល់ថា លោកស្រី Christine Lambrecht រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់​ថ្មី ត្រូវគេមើលឃើញថា មានគោលជំហររឹង និងហានតទល់ខ្លាំងជាមួយរុស្ស៊ី។ មុននឹងចេញទៅ​លីទុយអានី លោកស្រីបានថ្លែងនៅក្នុងបទសម្ភាសន៍តាមកាសែតអាល្លឺម៉ង់ ថា អឺរ៉ុបត្រូវតែពិចារណាបន្ថែមទណ្ឌកម្ម ទាំងសេដ្ឋកិច្ច ទាំងការទូតទៅលើរុស្ស៊ី និងជាពិសេស គឺទៅលើ​លោក​ពូទីន ព្រមទាំងក្រុមបក្សពួកស្និទ្ធស្នាលតែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ