អានតួអត្ថបទ
ចិន-កូវីដ១៩

ចិន​ដក​តំណែងមេដឹកនាំនៅ​ស៊ីអាន ក្រោយ​មានផ្ទុះករណី​ឆ្លង​កូវីដ​ច្រើន

បន្ទាប់​ពី​បាន​បិទ​ខ្ទប់តំបន់​ដែលមាន​ប្រជាជនរស់​នៅ​សរុប​ជាង​១៣​លាន​នាក់ អស់​រយៈ​ពេល​១២​ថ្ងៃ ចំនួន​អ្នក​ឆ្លង​កូវីដ​ថ្មី​បានចាប់​ផ្តើមធ្លាក់​ចុះ​វិញ​ហើយ នៅ​ខេត្ត​ស៊ីអាន។ ប៉ុន្តែ​អ្នក​ទទួលខុស​ត្រូវ​ខេត្ត​ពីរ​រូប ត្រូវ​បានដក​ចេញ​ពី​តំណែង​នៅ​ថ្ងៃអាទិត្យ​ទី ២​មករាម្សិលមិញ។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្លូវការ​ចិន​។

ទិដ្ឋភាព​តំបន់​ស៊ីអាន ដែល​ត្រូវ​បិទខ្ទប់​ តាំងពី​ថ្ងៃទី ៩ ធ្នូ​២០២១មក
ទិដ្ឋភាព​តំបន់​ស៊ីអាន ដែល​ត្រូវ​បិទខ្ទប់​ តាំងពី​ថ្ងៃទី ៩ ធ្នូ​២០២១មក STR AFP/File
ផ្សាយពាណិជ្ជកម្ម

កាលពី​ខែ​មុន មានមន្ត្រីជា​ច្រើនសិប​​រូបហើយ បាន​​​បាត់​បង់​តួនាទី​ ពី​បទ​ធ្វេសប្រហែស​​ក្នុង​ចំណាត់​ការគ្រប់គ្រងនិង​ការពារ​ជំងឺរាតត្បាត។ ពេល​នេះ គឺ​ដល់​វេន​មន្ត្រី​នៅ​ ​ស៊ីអានម្តង។ នៅ​ល្ងាចថ្ងៃអាទិត្យ​ទី ២​មករា​២០២២ ម្សិលមិញ​ អាជ្ញាធរតំបន់​បាន​ប្រកាសដកចេញ​ពី​តំណែង​​​ នូវ​អ្នកទទួលខុស​ត្រូវ​នៃបក្សកុម្មុយនិស្ត​ចិន​នៅ​ស្រុក Yanta ចំនួន​ពីររូប។ មូលហេតុ​គឺ​ ដើម្បីពង្រឹង​កិច្ចការពារនិងគ្រប់គ្រង​ជំងឺរាតត្បាត​កូវីដ​១៩ នៅ​ក្នុង​តំបន់។ វា​ជា​ការ​ចាំបាច់​បំផុត​ ដែលចិន​​ត្រូវ​ជម្រះ​និង​បំបាត់​ករណី​កូវីដ​ឱ្យ​​បាត់អស់​​ពីសង្គម​។ នេះ​បើ​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្លូវការ​​ ប្រចាំតំបន់។

រងការគំរាមកំហែង​កូវីដ​យ៉ាងខ្លាំង អាជ្ញាធរចិនបាន​សម្រេចបិទ​ខ្ទប់​តំបន់​ស៊ីអាន តាំង​ពី​ដើមខែ​ធ្នូ មក និង​បាន​បើក​ប្រតិបត្តិការ​ធ្វើ​តេស្ត​កូវីដ​ទូទាំង​តំបន់ ស្រប​តាមយុទ្ធសាស្ត្រ​​ហ្សេរ៉ូ “សូន្យ”កូវីដ កំណត់​ដោយ​រដ្ឋាភិបាល។ ជាមួយ​នឹង​វិធានការបិទខ្ទប់​​ដ៏​តឹង​រឹង​ពេក និង​ទោះ​បី​ជា​​អាជ្ញាធរ​ប្រឹង​​ធានា​ផ្គត់​ផ្គង់​សេចក្តី​ត្រូវ​ការប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋក្តី ក៏​​វិបត្តិខ្វះស្បៀង​អាហារ​បរិភោគ នៅ​តែកើត​ឡើង​បាន។ តាំង​ពី​ប៉ុន្មានថ្ងៃចុងក្រោយ​មកនេះ ពលរដ្ឋ​ស៊ីអាន បាននាំគ្នា​ស្រែក​តាមប្រព័ន្ធសង្គម​ថ្ងូចថ្ងូរ​​ភាព​លំបាក​និងការ​​ស្រែក​ឃ្លាន​របស់​ពួក​គេ។

សេចក្តីសម្រេចដកតំណែង​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​ ចំនួនអ្នក​ឆ្លង​ចាប់​ផ្តើម​ធ្លាក់​ចុះ​មកវិញ។ ៩២​ករណី​ថ្មី សម្រាប់​ថ្ងៃ​ចន្ទទី ៣​មករា ទល់​នឹង​១២២​ករណី​កាលពី​ម្សិល។ ជា​សរុប ខេត្ត​ស៊ីអាន​រាប់​មានអ្នកឆ្លង​កូវីដ​ ចំនួន ១៦០០នាក់ គិតចាប់​ពី​ត្រឹម​ថ្ងៃ​ទី ៩ធ្នូមក។ ជា​ចំនួនដ៏​តិច​តួច​ណាស់​បើប្រៀប​ទៅ​នឹង​ចំនួន​អ្នកឆ្លងនៅ​ក្នុងបណ្តាប្រទេស​ផ្សេង​នៅ​លើ​ពិភពលោក​ តែ​​ជា​ចំនួន​ដ៏​ច្រើន​ខ្លាំងបំផុត​​មិនធ្លាប់​មានទេ តាំង​ពី​កូវីដ​បាន​ផ្ទុះ​ឡើង​ សម្រាប់​ប្រទេស​ចិន ដែល​នៅ​សល់​តែមួយ​ខែទៀត ដល់​ថ្ងៃបើក​កម្មវិធី​ប្រកួត​កីឡាអូឡាំពិក​រដូវរងារ នៅ​ប៉េកាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ