អានតួអត្ថបទ
ជប៉ុន-អូស្ត្រាលី-ចិន

ជប៉ុន​និង​អូស្រ្តាលី​ចុះ​សន្ធិសញ្ញា​ការ​ពារ​ជាតិ​ក្រោម​ក្រសែ​ភ្នែក​សម្លឹង​ទៅ​ចិន

ជប៉ុន​និង​អូស្ត្រាលី​ បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ការពារ​ជាតិនិង​សន្តិសុខនា​ថ្ងៃ​ព្រហស្បតិ៍​ ទី​៦​ មករា​ ឆ្នាំ​២០២២​។ មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​និយាយ​ថា​កិច្ច​ព្រមព្រៀង​នេះ​នឹង​រួម​ចំណែក​ជួយ​ដល់​ស្ថិរភាព​ក្នុង​តំបន់​ នៅ​ខណៈ​ដែល​ចិនកំពុង​តែ​ពង្រីក​ទាំង​ឥទ្ធិពល​យោធា​និង​សេដ្ឋកិច្ច​នៅ​ឥណ្ឌូប៉ាស៊ីហ្វិក​។

នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (ស្តាំ) និងនាយករដ្ឋមន្ត្រីអូស្ត្រាលីស្កុត ម៉ូរីសុនបង្ហាញឯកសារដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិនាថ្ងៃទី៦ ខែមករា ឆ្នាំ ២០២២។
នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (ស្តាំ) និងនាយករដ្ឋមន្ត្រីអូស្ត្រាលីស្កុត ម៉ូរីសុនបង្ហាញឯកសារដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិនាថ្ងៃទី៦ ខែមករា ឆ្នាំ ២០២២។ REUTERS - ISSEI KATO
ផ្សាយពាណិជ្ជកម្ម

សន្ធិសញ្ញា​ខាងលើ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​កិច្ច​ប្រជុំ​កំពូល​តាមអនឡាញ​រវាង​លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី​ ស្កុត ម៉ូរីសុន និង​សមភាគី​ជប៉ុន​លោក ហ្វូមីអូ គីស៊ីដា​។ តើ​សន្ធិសញ្ញានេះ​ជាអ្វី​?

ឈ្មោះ​របស់​ចិន​មិនត្រូវបានលើកឡើង​ដោយ​ផ្ទាល់​នោះទេនៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​បាន​ចេញផ្សាយ​នៅមុនកិច្ចប្រជុំ​រវាងមេដឹកនាំ​អូស្ត្រាលី​ និង​ជប៉ុន​។ ក៏ប៉ុន្តែ​សន្ធិសញ្ញា​នេះ​ត្រូវ​បាន​គេមើល​ឃើញថា​ជា​ការ​បោះ​ជំហាន​ថ្មី​មួយ​បន្ថែម​ទៀត​របស់​ប្រទេស​សម្ព័ន្ធ​មិត្ត​ទាំង​ពីរ​ដែល​កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការ​ពង្រីក​ឥទ្ធិពល​យោធា​របស់​ចិន​។

នៅមុខ​កិច្ចប្រជុំ​ លោក​នាយករដ្ឋមន្ត្រីអូស្ត្រាលី​ក៏និយាយដែរថាសន្ធិសញ្ញា​នេះ​នឹង​ក្លាយ​ទៅ​ការ​ប្តេជ្ញាចិត្ត​របស់​ប្រទេស​ទាំងពីរ​ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជា​មួយគ្នា​និងដើម្បី​រួម​ចំណែក​ជួយ​ឲ្យ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​មាន​សុវត្ថិភាព​និង​ស្ថិរភាព​។ បើតាម​មេដឹកនាំ​អូស្ត្រាលីដដែល​ សន្ធិសញ្ញាខាងលើ​នឹងផ្តល់​នូវ​ក្របខ័ណ្ឌ​ច្បាស់លាស់​មួយ​សម្រាប់​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការរវាងកងកម្លាំងជប៉ុន​-អូស្ត្រាលី​។

ក្រៅពីនេះ​ មេដឹកនាំនៃប្រទេស​ជប៉ុន-អូស្ត្រាលី​ ក៏បានជជែក​ពិភាក្សាគ្នាផងដែរ​ពី​ឱកាស​ដើម្បី​ពង្រឹង​ភាព​ជាដៃគូ​លើ​ថាមពលស្អាត​ បច្ចេកវិទ្យា​ និង​ការ​ពង្រឹង​ចំណង​បក្ស​សម្ព័ន្ធ​ចតុ​ភាគី​។

ប្រទេសជប៉ុន​ ​អូស្ត្រាលី​ សហរដ្ឋអាមេរិក​ និងឥណ្ឌា​ គឺ​ជា​ដៃគូ​យុទ្ធសាស្ត្រ​នៃ​បក្សសម្ព័ន្ធ​ចតុភាគី​ ដែលត្រូវ​បាន​បង្កើតឡើង​ដើម្បីប្រឈមមុខ​ទៅនឹង​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​នៅ​ទូទាំង​អាស៊ី​ រួមទាំងការ​គំរាមកំហែង​របស់ចិន​នៅ​ច្រក​ផ្លូវ​សមុទ្រ​អន្តរជាតិ​សំខាន់ៗ​ផ្សេង​ទៀត។

ក្រុមអ្នកវិភាគ​និយាយថា​សន្ធិសញ្ញាថ្មី​រវាង​ជប៉ុន​និង​អូស្ត្រាលី​បង្ហាញពីការ​ទទួល​ស្គាល់​នូវ​សារៈសំខាន់​ក្នុងការ​បង្កើត​ភាពជាដៃគូ​ការពារជាតិ​ដ៏រឹងមាំ​ ដើម្បី​រាំង​ខ្ទប់​ឥទ្ធិពល​របស់​ក្រុង​ប៉េកាំង​។ បើតាមក្រុមអ្នកវិភាគដែរ​ កិច្ច​ព្រមព្រៀងនេះអាច​ជួយបង្កើន​សមត្ថភាព​របស់​ទីក្រុងតូក្យូនិងទីក្រុងកង់បេរ៉ា​ក្នុងការ​អនុវត្ត​សមយុទ្ធយោធារួមគ្នា​នៅក្នុង​ប្រទេស​ជប៉ុន​ជាមួយ​សហរដ្ឋអាមេរិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ