អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តាមរយៈ Quad អាមេរិកពង្រឹងសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីប្រឆាំងចិននៅឥណ្ឌូប៉ាស៊ីហ្វិក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សុក្រ ទី២៤ កញ្ញា បក្សសម្ព័ន្ធ​ចតុភាគី ឬ​ហៅ Quad ដែល​មាន ៤ប្រទេស​សមាជិក គឺ​អាមេរិក ជប៉ុន អូស្រា្តលី និង​ឥណ្ឌា​រួម​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ នេះ​ជា​លើកទី២ និង​ជា​លើកទី១ ក្នុង​ឆ្នាំ ២០២១ ដែល Quad បាន​រួម​ប្រជុំ​គ្នា​ដោយ​មាន​ការ​ចូល​រួម​ផ្ទាល់​ពី​មេដឹកនាំ​ទាំង ៤នាក់។ កាល​ពី​​ខែ​មីនា​កន្លង​ទៅ និង​ដោយសារ​តែ​វិបត្តិ​កូវីដ១៩ កិច្ចប្រជុំកំពូល​ដូច​គ្នា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​អនឡាញ។ ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ផ្ទាំងស៊ីប​របស់​បក្សសម្ព័ន្ធ​ចតុភាគី​នេះ។

រូបភាព​នៃកិច្ចប្រជុំកំពូល​តាម​អនឡាញ​របស់ Quad កាល​ពី​ខែ​មីនា ឆ្នាំ ២០២១។
រូបភាព​នៃកិច្ចប្រជុំកំពូល​តាម​អនឡាញ​របស់ Quad កាល​ពី​ខែ​មីនា ឆ្នាំ ២០២១។ AP - Dean Lewins
ផ្សាយពាណិជ្ជកម្ម

Quad ជា​ពាក្យ​កាត់​មក​ពី​ឃ្លា​ពេញ​ជា​ភាសា​បារាំង « Dialogue quadrilatéral sur la sécurité » ដែល​យើង​អាច​ប្រែ​ក្រៅ​ផ្លូវការ​ជា​ភាសា​ខ្មែរ​ថា « កិច្ចសន្ទនា​ចតុរង្ស​ស្តីពី​សន្តិសុខ »។ Quad ជា​បក្សសម្ព័ន្ធ​ចតុភាគី​ដែល​មាន​សមាជិក​ចំនួន ៤ប្រទេស គឺ​អាមេរិក ជប៉ុន អូស្រា្តលី និង​ឥណ្ឌា។ បក្សសម្ព័ន្ធ​នេះ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០០៧ នៅ​ក្រៅ​ក្របខណ្ឌ​នៃ​កិច្ចប្រជុំកំពូល​អាស៊ាន​ក្នុង​ប្រទេស​ហ្វីលីពីន។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា បក្សសម្ព័ន្ធ​មួយ​នេះ​មាន​អាយុកាល​ជាង ១០ឆ្នាំ​ហើយ ពោល​មិនមែន​ទើប​ចាប់​កំណើត​ថ្មីថ្មោង​ពេល​នេះ​ទេ។

ការ​ដែល​គេ​មិន​សូវ​ស្គាល់ និង​មិន​បាន​និយាយ​ច្រើន​ពី​បក្សសម្ព័ន្ធ​នេះ​ក៏​ដោយសារ​តែ​បក្សសម្ព័ន្ធ​នេះ​មិន​បាន​ធ្វើ​សកម្មភាព​អ្វី​ធំ​ដុំ​ទេ​នា​ពេល​កន្លង​មក។ ចំណែក​ចិន​វិញ​ក៏​ហាក់​មិន​បាន​ឲ្យ​តម្លៃ​លើ​បក្សសម្ព័ន្ធ​នេះ​ដែរ ទោះ​បី​ជា​ប្រទេស​សមាជិក​នៅ​ក្នុង​បក្សសម្ព័ន្ធ​នេះ​ជា​គូប្រជែង និង​ជា​គូសត្រូវ​របស់​ខ្លួន​ក៏​ដោយ។ កម្មវត្ថុ​ដំបូង​នៃ​ការ​បង្កើត​បក្សសម្ព័ន្ធ​នេះ​ឡើង គឺ​ដើម្បី​និយាយ​ពី​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ជា​លក្ខណៈ​ទូទៅ។ គឺ​ទើប​ក្នុង​ឆ្នាំ ២០១៧ ដែល​បក្សសម្ព័ន្ធ​ចតុភាគី ឬ Quad បាន​ភ្ញាក់​ខ្លួន។

តែ​គេ​បាន​សង្កេត​ឃើញ​ថា​បន្តិច​ម្តងៗ បក្សសម្ព័ន្ធ​មួយ​នេះ​ត្រូវ​បាន​អាមេរិក​បង្វែរ​ទិសដៅ​ប្រឆាំង​ចិន​នៅ​ក្នុង​តំបន់។ នៅ​ក្នុង​កិច្ចប្រជុំកំពូល​តាម​អនឡាញ​កាល​ពី​ខែ​មីនា ឆ្នាំ ២០២១ បក្សសម្ព័ន្ធ​នេះ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ប្រាថ្នា​ចង់​បាន និង​ចង់​ឃើញ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​មួយ​សេរី និង​បើក​ចំហ។ ទោះ​បី​ជា​សេចក្តីថ្លែងការណ៍​មិន​បាន​លើក​ឡើង ឬ​និយាយ​ចំ​ឈ្មោះ​ចិន​ក៏​ដោយ​ក៏​ចិន​យល់​មិន​ច្រឡំ​ទេ​ថា ខ្លួន​ជា​ផ្ទាំងស៊ីប​ចំ​មុខ​តែ​ម្នាក់​ឯង​របស់​បក្សសម្ព័ន្ធ​នេះ។

Quad គ្រាន់​ជា​ការ​ចង​សម្ព័ន្ធមិត្ត​យុទ្ធសាស្រ្ត​

បក្សសម្ព័ន្ធ​ចតុភាគី ឬ Quad នេះ​គ្រាន់​ជា​ការ​ចង​សម្ព័ន្ធមិត្ត​យុទ្ធសាស្រ្ត ឬ​ជា​ដៃគូ​យុទ្ធសាស្រ្ត ពោល​គ្មាន​រចនាសម្ព័ន្ធ គ្មាន​សន្ធិសញ្ញា​រួម និង​គ្មាន​ទីបញ្ជាការដ្ឋាន​ដូច​ជា​អង្គការ​អូតង់​ទេ។ ក្រុម​ប្រទេស​សមាជិក​នៅ​ក្នុង​បក្សសម្ព័ន្ធ​នេះ​បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​មែន តែ​បក្សសម្ព័ន្ធ​នេះ​គ្មាន​កតិកាសញ្ញា​ការពារ​ជា​ផ្លូវការ​ដែល​ត្រូវ​ជួយ​គ្នា​ទៅ​វិញ ទៅ​មក​នៅ​ពេល​ដែល​មាន​សមាជិក​ណា​មួយ​បាន​រង​ការ​វាយប្រហារ​ពី​ខាង​ក្រៅ​នោះ​ទេ។ គេ​ពិត​ជា​នៅ​ចាំ​បាន​មិន​ភ្លេច​ពី​សម្ព័ន្ធមិត្ត​រវាង​អូស្រា្តលី អង់គ្លេស និង​អាមេរិក​ហៅ​កាត់ AUKUS សម្រាប់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ដែល​ទើប​បង្កើត​ថ្មី​កាល​ពី​ថ្ងៃទី១៥ កញ្ញា​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន។

ដូច្នេះ​គេ​អាច​ប្រដូច​បក្សសម្ព័ន្ធ​ចតុភាគី ឬ Quad ទៅ​នឹង​សម្ព័ន្ធមិត្ត​ត្រីភាគី AUKUS។ ចំណែក​ក្តីបារម្ភ​ធំ​ជាង​គេ​របស់ Quad និង AUKUS មាន​ដូច​គ្នា គឺ​បារម្ភ​ពី​កំណើន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​របស់​ចិន​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ប្រទេស​នីមួយៗ​នៅ​ក្នុង​បក្សសម្ព័ន្ធ​ចុតភាគី ឬ Quad នេះ​មាន​ជម្លោះ និង​មាន​ភាព​តានតឹង​ជាមួយ​ចិន​មិន​ដូច​គ្នា​ទេ។ ជាក់ស្តែង ចិន និង​ឥណ្ឌា​កំពុង​មាន​ជម្លោះ​ព្រំដែន​គោក​នៅ​តំបន់​ភ្នំហេមពាន្ត។ ជប៉ុន និង​ចិន​មាន​ជម្លោះ​ដណ្តើម​ទីប្រជុំ​កោះ​ដែល​ជប៉ុន​ហៅ « Senkaku » និង​ចិន​ហៅ « Diaoyu »។

ចំណែក​អាមេរិក​បារម្ភ​ពី​មហិច្ឆតា​របស់​ចិន​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ដែល​អាច​ប៉ះពាល់​ដល់​សង្វាក់​ពាណិជ្ជកម្ម​របស់​ខ្លួន ពិសេស​ការ​ដឹកទំនិញ​ឆ្លង​កាត់​ផ្លូវទឹក​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ រីឯ​ទំនាក់ទំនង​រវាង​អូស្រា្តលី និង​ចិន​កំពុង​ស្គាល់​ភាព​តានតឹង​តាំង​ពី​អូស្រា្តលី​បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​រក​ប្រភពដើម​កូវីដ១៩ ធ្លាយ​ចេញ​ពី​មន្ទីរពិសោធន៍​ចិន​នៅ​វូហាន និង​ក្រោយ​ពី​អូស្រា្តលី​បាន​ងាក​ទៅ​ចង​សម្ព័ន្ធមិត្ត​ជាមួយ​អាមេរិក និង​អង់គ្លេស​សម្រាប់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ហៅ​កាត់ AUKUS។

កូវីដ១៩ អាកាសធាតុ ឬ​អាហ្វហ្កានីស្ថាន​ក៏​ជា​ប្រធានរឿង​នៃ​កិច្ចប្រជុំកំពូល​របស់ Quad

ក្រៅ​ពី​ចិន​ដែល​គេ​បាន​មើល​ឃើញ​ជា​ផ្ទាំងស៊ីប​អាទិភាព នៅ​មាន​ប្រធានរឿង​មួយ​ចំនួន​ទៀត​ដែល​កិច្ចប្រជុំកំពូល​បក្សសម្ព័ន្ធ​ចតុភាគី ឬ Quad នា​ថ្ងៃ​សុក្រ ទី២៤ កញ្ញា​ត្រូវ​លើក​យក​ទៅ​ជជែក ក្នុង​នោះ មាន​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​កូវីដ១៩ ការ​ប្រែប្រួល​អាកាសធាតុ ឬ​មួយ​ក៏​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ ក្នុង​រឿង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​កូវីដ១៩ បក្សសម្ព័ន្ធ​ធ្លាប់​បាន​សន្យា​នា​កិច្ចប្រជុំកំពូល​តាម​អនឡញ​ក្នុង​ខែ​មីនា​ពី​ការ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​បង្កើន​ផលិតកម្ម និង​ការ​ចែកចាយ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ សម្រាប់​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ និយាយ​ជា​រួម និង​សម្រាប់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក និយាយ​ដោយឡែក។

ដូច្នេះ​ដល់​ពេល​ដែល​បក្សសម្ព័ន្ធ​ចតុភាគី​ត្រូវ​ប្តូរ​ពី​ការ​សន្យា​ទៅ​ជា​ការ​អនុវត្តន៍​ជាក់ស្តែង​នៅ​ក្នុង​កិច្ចប្រជុំកំពូល​ពេល​នេះ។ តាម​ការ​ប្រកាស​របស់​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​នៅ​លើ​វេទិកា​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ពុធ ទី២២ កញ្ញា ក្រុម​ប្រទេស​ក្នុងបក្សសម្ព័ន្ធ​ចតុភាគី ឬ Quad កំពុង​ស្ថិត​លើ​ផ្លូវ​ឆ្ពោះ​ទៅ​ជួយ​ផលិត​វ៉ាក់សាំង​បង្ការ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ឲ្យ​បាន​យ៉ាង​តិច ១ ០០០លានដូស​ដើម្បី​បង្កើន​តម្រូវការ​ក្នុង​លោក​ពី​ពេល​នេះ​ទៅ​ដំណាច់​ឆ្នាំ ២០២២។

ក្នុង​រឿង​អាកាសធាតុ បក្សសម្ព័ន្ធ​ធ្លាប់​បាន​សន្យា​ក្នុង​ខែ​មីនា​ពី​ការ​បង្កើត​ក្រុម​ការងារ​មួយ​ទទួល​បន្ទុក​រឿង​អាកាសធាតុ​ដើម្បី​ជជែក​ពី​រឿង​ការ​បញ្ចេញ​ឧស្ម័ន​កាបោន ពី​កម្មវត្ថុ​នៃ​ការ​ស្វែង​រក​ប្រភព​ថាមពល​កកើត​ឡើង​វិញ ឬ​មួយ​ក៏​ការ​ប្រើ​ធ្យូងថ្ម​សម្រាប់​ផលិតថាមពល​ជា​ដើម។ ប្រធានរឿង​បន្ទាប់ គឺ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ដែល​អំណាច​បាន​ធ្លាក់​ក្នុង​ដៃ​ពួក​តាលីបង់ បន្ទាប់​ពី​អាមេរិក​បាន​ដក​ទ័ព​ចេញ។ ការ​ដក​ទ័ព​អាមេរិក​នេះ​បាន​ធ្វើ​ឲ្យ​ឥណ្ឌា​បារម្ភ​ខ្លាំង​ពី​សន្តិសុខ​ផ្ទាល់​ខ្លួន ពិសេស​ការ​លូកដៃ​របស់​ប៉ាគីស្ថាន​ដែល​ជា​ប្រទេស​ជិត​ខាង និង​ជា​សត្រូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ