អានតួអត្ថបទ
ស្រីលង្កា-ចិន

ប្រឈមនឹងវិបត្តិខ្វះថវិកា ស្រីលង្កាស្នើឲ្យចិនពិនិត្យរយៈពេលនៃការសងបំណុល

ប្រមុខ​ការទូត​ចិន​លោក​វ៉ាង យី​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ស្រីលង្កា​នា​ថ្ងៃ​អាទិត្យ ទី៩ មករា។ លោក​វ៉ាង យី​បាន​ជួប​សន្ទនា​ជាមួយ​នាយករដ្ឋមន្រ្តី​ស្រីលង្កា​លោក​ម៉ាហ៊ីនដា រ៉ាយ៉ាប៉ាក់សេ​នៅ​ក្នុង​ទីក្រុង​កូឡុំបូ។ តែ​ប្រធានាធិបតី​ស្រីលង្កា​លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សា​បាន​ប្រកាស​ឲ្យ​ដឹង​ថា ស្រីលង្កា​បាន​ស្នើ​ចិន​ឲ្យ​ពិនិត្យមើល​ឡើង​វិញ​លើ​រយៈពេល​នៃ​ការ​សងបំណុល​ចិន​ដែល​ស្រីលង្កា​បាន​ជំពាក់​យ៉ាង​ច្រើន​សម្បើម។ គួរ​បញ្ជាក់​ថា ចិន​ជា​អ្នក​ផ្តល់​ប្រាក់កម្ចី​ទ្វេភាគី​ដ៏​ធំ​បំផុត​របស់​ស្រីលង្កា។

ប្រមុខការទូតចិនលោកវ៉ាង យី និងនាយករដ្ឋមន្រ្តីស្រីលង្កាលោកម៉ាហ៊ីនដា រ៉ាយ៉ាប៉ាក់សេ ក្នុងទីក្រុងកូឡុំបូ ថ្ងៃទី៩ មករា ២០២២។
ប្រមុខការទូតចិនលោកវ៉ាង យី និងនាយករដ្ឋមន្រ្តីស្រីលង្កាលោកម៉ាហ៊ីនដា រ៉ាយ៉ាប៉ាក់សេ ក្នុងទីក្រុងកូឡុំបូ ថ្ងៃទី៩ មករា ២០២២។ AP - Eranga Jayawardena
ផ្សាយពាណិជ្ជកម្ម

ក្នុង​នាម​ជា​ប្រទេស​ដែល​សេដ្ឋកិច្ច​បាន​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ ស្រីលង្កា​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​វិបត្តិ​ជំងឺ​កូវីដ១៩។ វិបត្តិ​សកល​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ស្រីលង្កា​បាត់បង់​ចំណូល និង​កំពុង​ជួប​វិបត្តិ​ខ្វះ​ថវិកា។ តែ​ដើម្បី​បន្ត​ចិញ្ចឹម​ប្រទេស រដ្ឋាភិបាល​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ដក​លុយ​ពី​ហិប​បម្រុង​រូបិយប័ណ្ណ​បរទេស​ទៅ​ចាយ​ទេ។ គិត​ត្រឹម​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ ២០២១ ហិប​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ស្រីលង្កា​នៅ​សល់​តែ ១ ៥០០លានដុល្លារ​ប៉ុណ្ណោះ។ ទន្ទឹម​នឹង​បំពេញ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក រដ្ឋាភិបាល​ក៏​ត្រូវ​ការ​សង​បំណុល​អ្នក​ផ្សេង ពិសេស​បំណុល​ដ៏​ច្រើន​សម្បើម​ដែល​ប្រទេស​អាស៊ី​មួយ​នេះ​កំពុង​ជំពាក់​ចិន។

អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​ជំនួប​ជាមួយ​ប្រមុខ​ការទូត​ចិន​លោក​វ៉ាង យី នាយករដ្ឋមន្រ្តី​ស្រីលង្កា​លោក​ម៉ាហ៊ីនដា រ៉ាយ៉ាប៉ាក់សេ​បាន​ស្នើ​ឲ្យ​ចិន​ពន្យារ​ពេល​សង​បំណុល​ដែល​ស្រីលង្កា​ជំពាក់។ លោក​វ៉ាង យី​មិន​បាន​ឆ្លើយ​យ៉ាង​ម៉េច​ចំពោះ​សំណើ​របស់​លោក​ម៉ាហ៊ីនដា ហើយ​ស្ថានទូត​ចិន​ប្រចាំ​ស្រីលង្កា​ក៏​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​លើ​សំណើ​របស់​លោក​ម៉ាហ៊ីនដា​ដែរ។ ចំណែក​វិមាន​ប្រធានាធិបតី​ស្រីលង្កា​បាន​ត្រឹម​បញ្ជាក់​ថា ប្រធានាធិបតី​លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សា​បាន​គូសបញ្ជាក់​ពី​ភាព​ធូរស្បើយ ប្រសិន​បើ​ការ​ទូទាត់​បំណុល​ជាមួយ​ចិន​អាច​នឹង​ត្រូវ​បាន​កំណត់ពេល​ឡើង​វិញ​នោះ។

គិត​ត្រឹម​ខែ​មេសា ឆ្នាំ ២០២១ ស្រីលង្កា​ជំពាក់​ចិន​ដល់​ទៅ ៣៥ ០០០លានដុល្លារ។ តែ​ទឹកប្រាក់បំណុល​នេះ​អាច​នឹង​មាន​ច្រើន​ជាង​នេះ បើ​គេ​បូក​បន្ថែម​នូវ​ប្រាក់ខ្ចី​ដែល​ចិន​បាន​ផ្តល់​ឲ្យ​ធនាគារកណ្តាល និង​រោងចក្រ សហគ្រាស​របស់​រដ្ឋ​ស្រីលង្កា។ គួរ​បញ្ជាក់​ថា ស្រីលង្កា​បាន​ខ្ចី​លុយ​ចិន​ច្រើន​ណាស់​ក្នុង​រយៈពេល ១០ឆ្នាំ​នេះ​សម្រាប់​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​របស់​ប្រទេស។ តែ​គម្រោង​ខ្លះ​បាន​ធ្លាក់​ទឹក​មិន​អាច​បន្ត​ធ្វើ​បាន និង​បាន​បង្ខំ​ចិត្ត​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ចិន​ជា​អ្នក​បន្ត​ធ្វើ។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៧ និង​ដោយ​គ្មាន​លទ្ធភាព​សង​ប្រាក់កម្ចី​ចំនួន ១ ៤០០លានដុល្លារ រដ្ឋាភិបាល​បាន​បង្ខំ​ចិត្ត​ជួល​កំពង់ផែ​មួយ​ឲ្យ​ក្រុមហ៊ុន​ចិន​ក្នុង​ឆ្នាំ ២០១៧ សម្រាប់​រយៈពេល ៩៩ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ