អានតួអត្ថបទ
កាហ្សាក់ស្ថាន

រដ្ឋាភិបាល​កាហ្សាក់ស្ថាន​ចោទ ក្រុម​ភេរវកម្ម​បរទេស នៅ​ពី​ក្រោយ​បាតុកម្ម​ហិង្សា​អាណាធិបតេយ្យ

រដ្ឋាភិបាលកាហ្សាក់ស្ថាន បាន​លើកឡើងថា ចលនាបាតុកម្មហិង្សាអាណាធិបតេយ្យ នាពេលកន្លងមកថ្មីៗនេះ គឺជាស្នាដៃ របស់ក្រុមចលនាភេរវកម្ម ដែលមានប្រភពមកពីបរទេស។ ជាការលើកឡើង ដែលធ្វើឲ្យ​ប្រជាពលរដ្ឋកាហ្សាក់ស្ថានមួយចំនួន មាន​ការស្រឡាំងកាំង និងហួសចិត្តជាខ្លាំង ព្រោះពួកគេដឹងយ៉ាងច្បាស់ ថាគឺប្រជាចលនាបាតុកម្មរបស់ប្រជាពលរដ្ឋ ដែលតវ៉ាដើម្បី​ជីវភាព ព្រមទាំង​ប្រឆាំងនឹង​អំពើពុករលួយ ហើយ​អ្នកដែល​បានបាញ់សម្លាប់បាតុករជាច្រើនរយ​នាក់​នោះ គឺជាទាហានរបស់រដ្ឋាភិបាលកាហ្សាក់ស្ថាន។

បាតុករ និង​សំណល់រថយន្តឆេះ ក្រោយ​សកម្មភាពបាតុកម្ម​ហិង្សា នៅក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន ថ្ងៃទី៧ មករា ២០២២
បាតុករ និង​សំណល់រថយន្តឆេះ ក្រោយ​សកម្មភាពបាតុកម្ម​ហិង្សា នៅក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន ថ្ងៃទី៧ មករា ២០២២ AP - Vasily Krestyaninov
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបានឮដំណឹងថា រដ្ឋភិបាលកាហ្សាក់ស្ថានបានចោទថា ចលនា​បាតុកម្មនាពេលកន្លង​មក គឺជាស្នាដៃរបស់​ក្រុមភេរវកម្មបរទេស បុរសជនជាតិកាហ្សាក់ស្ថានម្នាក់ បានថ្លែងប្រាប់អ្នក​យក​ព័ត៌មាន​បារាំង AFP​ ដោយ​ក្តីហួសចិត្ត ថាគ្មានក្រុមភេរវកម្ម​បរទេស មកពីណានោះទេ ក្រៅ​តែពី​ប្រជាពលរដ្ឋកាហ្សាក់ស្ថាន ដែលបានធ្វើបាតុកម្ម ដើម្បីប្រឆាំងនឹងអំពើពុករលួយ ប្រឆាំងនឹង​ការ​ដឹកនាំផ្តាច់ការ ដែលធ្វើឲ្យជីវភាពរបស់ពួកគេមានការលំបាកខ្លាំង។ ប្រជាជនកាហ្សាក់​ស្ថាន​​​បាន​ឃើញនឹងភ្នែកច្បាស់ណាស់ ថាទាហានបានបាញ់សម្លាប់​ប្រជាពលរដ្ឋស្លូតត្រង់​។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ស្ថានការណ៍នៅកាហ្សាក់ស្ថាន បានវិលត្រលប់មករកភាពស្ងប់ស្ងាត់វិញហើយ បន្ទាប់ពី​រដ្ឋាភិបាលប្រទេសនេះ បាន​បើកទ្វារឲ្យ​កងទ័ពរុស្ស៊ី លើកកម្លាំងមកបង្ក្រាបបាតុករ។ កន្លងមក រដ្ឋាភិបាល​កាហ្សាក់ស្ថាន បានរក្សាការស្ងាត់ស្ងៀម មិននិយាយអ្វីទាំងអស់ ទាក់ទិននឹងចលនាបាតុកម្ម ក៏ដូចជាការបង្ក្រាបដ៏ហិង្សានេះ។ ស្រាប់តែនៅថ្ងៃទី​១៦មករានេះ លោក​ប្រធានាធិបតី Kassym-Jomart Tokaïev បានចេញ​មុខ​ប្រកាសថាគឺ​ « ក្រុមភេរវកម្មបរទេស » ដែល​ជាអ្នកនៅពីក្រោយ​ចលនាបាតុកម្ម។ រដ្ឋាភិបាលកាហ្សាក់ស្ថាន ក៏​បានបង្ហាញតួលេខអ្នកស្លាប់ថាមានចំនួន​ ២២៥នាក់ ក្នុងនោះ១៩នាក់ជានគរបាល។ តែយ៉ាងណា រដ្ឋាភិបាល​​មិនបានលំអិតទេ អំពីករណីស្លាប់ប្រជាជនស៊ីវីល។

លោក ​Galim Aguéleuov សកម្មជនសិទ្ធិមនុស្សម្នាក់ បាន​លើកឡើងថា ការអះអាងដោយ​គ្មានបង្ហាញ​ភស្តុតាងត្រឹមត្រូវនេះ វាគ្រាន់តែជាពាក្យកុហកបោកប្រាស់ ដើម្បី​ផ្តល់ភាពត្រឹមត្រូវឲ្យរដ្ឋាភិបាល ដែលបានអនុញ្ញាតឲ្យ​កម្លាំងទ័ពរុស្ស៊ីចូលមកអន្តរាគមតែប៉ុណ្ណោះ។​ លោក Daniyar Moldabékov អ្នកវិភាគនយោបាយម្នាក់នៅកាហ្សាក់ស្ថាន បានលើកឡើងដែរថា​មាន​ប្រជាជនមួយចំនួនតូច ជឿតាមពាក្យ​ឃោសនា​កុហកនេះ ថាអ្នកធ្វើបាតុកម្មសុទ្ធតែជាក្រុមអន្ធបាល និងក្រុមភេរវកម្ម។ តែទន្ទឹមនឹងនេះ ប្រជាជនកាហ្សាក់ស្ថានមួយចំនួនធំ ដឹងយ៉ាងច្បាស់ ថាមានប្រជាជនស្លូតត្រង់ច្រើននាក់ណាស់ ដែលត្រូវគេសម្លាប់ និង​ចាប់ដាក់ឃុំ។

គួររំលឹកថា បាតុកម្មនៅកាហ្សាក់ស្ថានបានផ្ទុះឡើង នៅថ្ងៃទី​២មករា ដោយផ្តើមចេញពីការឡើងថ្លៃប្រេងឥន្ធនៈ ឧស្ម័នហ្កាស (GPL) និងបញ្ហាជីវភាពដែលកាន់តែក្រីក្រ។ កំហឹងតវ៉ារបស់ប្រជាជន​ បានរីករាលដាល ឈានក្លាយ​ជាការតវ៉ាប្រឆាំងនឹងរបប​នយោបាយ​​ផ្តាច់ការ ពុករលួយ បក្សពួក​និយម របស់​​ក្រុម​អ្នកមានអំណាច។

យោងតាមការវិភាគ ហេតុផលមួយទៀតនៅពីក្រោយ​ចលនាបាតុកម្មនេះដែរ គឺអាចជាការប្រជែងអំណាចគ្នា រវាង​លោកប្រធានាធិបតី Kassym-Jomart Tokaïev និង​លោកអតីតប្រធានាធិបតី​ Noursoultan Nazarbaïev។ កាលពីថ្ងៃអង្គារទី១១មករា លោកប្រធានាធិបតី Tokaïev បានចោទលោក Noursoultan Nazarbaïev ថាគឺជាអ្នកបាន​បង្កើត ឲ្យ​មានក្រុមបក្សពួក​អ្នកមានស្តុកស្តម្ភ អភិជន។ ហើយ​កាលពីថ្ងៃសៅរ៍ទី១៥មករា កូនប្រសារប្រុស២នាក់ របស់​លោក​Noursoultan Nazarbaïev ត្រូវបានគេដកចេញ ពី​ការដឹកនាំ​ក្រុមហ៊ុន​ថាមពលកាហ្សាក់ស្ថាន​​​ថែម​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ