អានតួអត្ថបទ
ថៃ-កូវីដ១៩-ទេសចរណ៍

ថៃ​សម្រេច​ផ្អាក ការ​​អនុ​វត្ត​វិធានការ​កាតព្វកិច្ច​ធ្វើ​ចត្តាឡីស័ក ទៅលើ​​អ្នក​ដំណើរ​បរទេស

ដើម្បីប្រយុទ្ធប្រឆាំង នឹងការឆ្លងរាលដាលកូវីដក្នុង​ប្រទេសថៃ កាលពីចុងខែធ្នូ រដ្ឋាភិបាលថៃ បានសម្រេច ដាក់កំហិតឲ្យ​អ្នកដំណើរបរទេសទាំងអស់ ដែលបានមកដល់ទឹកដីថៃ ត្រូវធ្វើចត្តាឡីស័ក។ ក៏ប៉ុន្តែអស់ប្រមាណជិតមួយខែមកនេះ ស្ថានការណ៍ឆ្លងរាលដាល ក៏ដូចជាករណីស្លាប់​ដោយ​សារ​កូវីដ នៅក្នុង​ប្រទេសថៃ ហាក់នៅនឹង ទើបជំរុញឲ្យ​រដ្ឋាភិបាលថៃ សម្រេចនៅថ្ងៃព្រហស្បតិ៍ ទី២០មករា ផ្អាកឈប់អនុវត្តកាតព្វកិច្ចធ្វើចត្តាឡីស័ក ទៅលើអ្នកដំណើរបរទេស​។ វិធានការថ្មីនេះ ក៏គឺដើម្បី​បើកចំហរ ប្រទេសទទួលភ្ញៀវទេសចរណ៍ឲ្យ​បានច្រើនឡើងវិញផងដែរ។

អ្នកដំណើរមកដល់ព្រលានយន្តហោះសុវណ្ណភូមិ ក្រុងបាងកក ថ្ងៃទី​១ វិច្ឆិកា ២០២១
អ្នកដំណើរមកដល់ព្រលានយន្តហោះសុវណ្ណភូមិ ក្រុងបាងកក ថ្ងៃទី​១ វិច្ឆិកា ២០២១ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

ចាប់ពីថ្ងៃទី​១កុម្ភៈតទៅ អ្នកដំណើរបរទេសទាំងអស់ ដែល​បានចាក់វ៉ាក់សាំងហើយ ដែលនឹងមកដល់ទឹកដីថៃ គឺមិនមានកាតព្វកិច្ច​ធ្វើចត្តាឡីស័កទេ។ អ្នកដំណើរគ្រាន់តែបង្ហាញ​ លទ្ធផលតេស្តអវិជ្ជមាននៅមុនពេលធ្វើដំណើរមក និង​ត្រូវធ្វើតេស្តម្តងទៀត ពេលមកដល់ថៃភ្លាម បន្ទាប់មកធ្វើតេស្តលើកទី២ នៅរយៈពេល​៥ថ្ងៃបន្ទាប់។ នេះបើផ្អែកតាម​ការបញ្ជាក់ ពីលោក Taweesin Visanuyothin អ្នកនាំពាក្យរដ្ឋាភិបាលថៃ។

ប្រភពដដែលបាន​បន្ថែមថា ការធ្វើតេស្ត គឺនឹងត្រូវគេរៀបចំធ្វើ នៅក្នុង​សណ្ឋាគារមួយ ដែលអាជ្ញាធរថៃ បានអនុញ្ញាតយកជាទីតាំង។ ក្នុងករណី​លទ្ធតេស្តអវិជ្ជមាន អ្នកដំណើរអាចចេញដើរហើរដោយសេរី នៅក្នុងប្រទេសថៃ។ តែយ៉ាងណា រដ្ឋាភិបាលថៃ សូមរក្សាសិទ្ធិ​ រឹតបន្តឹងវិធានការឡើងវិញ ក្នុង​ករណី​ដែល​តួលេខឆ្លងរាលដាលកូវីដ ស្ទុះហក់ឡើងនៅថ្ងៃខាងមុខ។

គួររំលឹកថា ក្រោយ​ការបិទទ្វារសឹងតែជិតឈឹង អស់រយៈពេល​ប្រមាណ​១៨ខែ ថៃបានចាប់ផ្តើម​បើកច្រកទ្វារ ទទួលអ្នកដំណើរបរទេស ភ្ញៀវទេសចរណ៍ដែលចាក់វ៉ាក់សាំងរួចរាល់ កាលពីខែ​វិច្ឆិកា ឆ្នាំ​២០២១ ដោយ​អ្នកដំណើរគ្រាន់តែបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន។ ក្រោយ​ការបន្ធូរបន្ថយនេះ មានភ្ញៀវទេសចរណ៍ជាច្រើនពាន់នាក់ បានទៅដល់ទឹកដីថៃ ខណៈកូវីដអូមីក្រុង បានចាប់​ផ្តើម​អន្រួនធ្វើ​ឲ្យ​ពិភពលោក​ភ័យ​បារម្ភ។

នៅចុងខែធ្នូ រដ្ឋាភិបាលថៃ បាសម្រេចរិតបន្តឹងវិធានការឡើងវិញ ដោយ​បាន​អនុវត្តកាតព្វកិច្ច​ធ្វើចត្តាឡីស័ក។ ក៏ប៉ុន្តែ ផ្អែកតាមតួលេខផ្លូវការ រយៈពេលជិត១ខែមកនេះ អាជ្ញាធរសុខាភិបាលថៃ សង្កេងឃើញថាស្ថានការណ៍មានភាពវិជ្ជមាន ដោយ​ចំនួន​ឆ្លងរាលដាល និងករណីស្លាប់ដោយសារកូវីដ បាននៅនឹងមិន​ប្រែប្រួលច្រើន។ ប្រការនេះ បានជំរុញឲ្យ​រដ្ឋាភិបាលថៃសម្រេច បន្ធូរបន្ថយវិធានការវិញ ដោយ​ដកចេញនូវកាតព្វកិច្ចធ្វើចត្តាឡីស័ក។

គួរបញ្ជាក់ដែរថា វិស័យទេសចរណ៍ថៃ បានរងផលប៉ះពាល់ខ្លាំងណាស់។ មុនមានកូវីដ នៅឆ្នាំ​២០១៩ មានទេសចរណ៍បរទេសប្រមាណ​៤០លាននាក់ បានទៅលេខកម្សាន្តនៅថៃ។ សម្រាប់ឆ្នាំ​២០២២នេះ​ ក្រសួងទេសចរណ៍ថៃ បានអះអាងថា គេរំពឹងថានឹងអាចទទួលទេសចរណ៍ ចំនួន​ប្រមាណ​៥លាននាក់ តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ