អានតួអត្ថបទ
ថៃ-អារ៉ាប៊ីសាអូឌីត

នាយក​រដ្ឋ​មន្ត្រី​ថៃ​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​ទៅ​អារ៉ាប៊ីសាអូឌីត​ក្នុង​រយៈពេល​៣០​ឆ្នាំកន្លង​មកនេះ

នាយករដ្ឋមន្ត្រី​ថៃ​លោក​ ប្រាយុទ្ធ​ ចាន់អូចា​ នឹង​បំពេញ​ទស្សនកិច្ច​ដ៏​កម្រ​​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត​នា​ថ្ងៃអង្គារ​ ទី២៥​ មករា ឆ្នាំ២០២២​។ នេះ​រាប់​ចាត់​ទុក​ថា​ជា​ករណីដ៏​កម្រ​ក៏​ព្រោះតែ​វា​ជា​ទស្សនកិច្ចលើកដំបូង​របស់​មេដឹកនាំ​ថៃ​ទៅកាន់​ប្រទេស​អារ៉ាប់​មួយ​នេះ​ ក្រោយ​ប្រទេស​ទាំងពីរ​មាន​ជម្លោះ​ការ​ទូត​នឹង​គ្នា​ជាង​ ៣​ទសវត្សរ៍​ជុំវិញ​ករណី​លួច​គ្រឿង​អលង្ការនិង​ត្បូង​មាន​តម្លៃ​ពី​វាំង​អារ៉ាប៊ីសាអូឌីត​។

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា។
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា។ Jack TAYLOR AFP
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សេចក្តីថ្លែង​ការណ៍មួយ​ ក្រសួង​ការ​បរទេស​អារ៉ាប៊ីសាអូឌីត​និយាយថា​នាយករដ្ឋ​មន្ត្រីថៃ​លោក ប្រាយុទ្ធ ចាន់អូចា នឹង​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេលពីរ​ថ្ងៃ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅថ្ងៃ​អង្គារ​ស្អែក​តបតាម​ការ​អញ្ជើញ​របស់​រាជទាយាទ​ម៉ូហាមេដ បេនសាលម៉ាន​។

ជំនួប​រវាង​លោក ប្រាយុទ្ធ ជាមួយ​ព្រះអង្គ​ម្ចាស់​អារ៉ាប៊ីសាអូឌីត​នឹង​ក្លាយ​ជា​កិច្ច​ប្រជុំ​ជាន់​ខ្ពស់​លើក​ដំបូង​រវាង​ប្រទេសទាំងពីរ​ក្នុងរយៈពេល​ជាង ៣០ឆ្នាំ​មក​នេះ​។ បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​ថៃ ការពង្រឹង​និង​លើក​កម្ពស់​ទំនាក់ទំនងទ្វេភាគី​គឺជា​របៀប​វីរៈ​សំខាន់​នៃ​ជំនួប​ខាងលើ​។

គួររំឭកថា​ ភាពតានតឹង​ផ្នែកកាទូត​រវាងទីក្រុងរីយ៉ាដ​និង​ក្រុង​បាងកក​បាន​ចាប់​ផ្ទុះឡើង​ក្នុង​ឆ្នាំ​ ១៩៨៩​ បន្ទាប់ពី​បុរសជនជាតិថៃម្នាក់​ដែល​ធ្វើការ​នៅ​ក្នុង​វាំង​អារ៉ាប៊ីសាអូឌីតបាន​លួច​គ្រឿង​អលង្ការ និងត្បូង​មាន​តម្លៃ​រហូត​ដល់​ប្រមាណ​ ២០លានដុល្លារ​របស់​ព្រះអង្គ​ម្ចាស់​អារ៉ាប៊ីសាអូឌីត​ Faisal ដែល​ជា​ម្ចាស់​។ ជម្លោះការទូត​ដ៏​ល្បីរន្ទឺរវាង​ប្រទេសទាំងពីរ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា​សំណុំរឿង​ពេជ្រពណ៌ខៀវ​ ឬហៅជាភាសាអង់គ្លេស​ថា​ "Blue Diamond Affair"​។

មកទល់នឹងពេលនេះ​ ត្បូង​មាន​តម្លៃ​មួយ​ចំនួន​ធំ​រួម​ទាំង​ត្បូង​ពេជ្រ​ពណ៌​ខៀវ​ដ៏​កម្រ​ទំហំ ៥០​ការ៉ាត់​នៅ​មិន​ទាន់​ត្រូវ​បាន​រក​ឃើញ​នៅ​ឡើយ​ទេ។ ប៉ូលិសថៃ​ធ្លាប់​បាន​ប្រគល់​គ្រឿង​អលង្ការ​មួយ​ចំនួន​ទៅឲ្យ​អារ៉ាប៊ីសាអូឌីតដែរ​ ប៉ុន្តែ​មន្ត្រី​ក្រុងរីយ៉ាដ​បាន​អះអាង​ថា​ភាគ​ច្រើន​នៃ​គ្រឿង​អលង្ការ​ទាំងនោះគឺជា​របស់​ក្លែងក្លាយ​។

ជាយូរមកហើយ​ អារ៉ាប៊ីសាអូឌីត​បាន​ចោទ​ប្រកាន់​ប៉ូលិសថៃ​ថា​បាន​រារាំងការ​ស៊ើបអង្កេត​របស់​ពួកគេ​ទាក់ទិន​ករណីនេះ​ និង​បាន​ចោទប្រកាន់​​មន្រ្តី​ជាន់​ខ្ពស់​ថៃ​ថាបាន​ទិញ​ក្នុងក្នុង​តម្លៃទាប​ឬ​ក៏​ប្រមូល​យក​នូវ​ត្បូង​ដែល​ត្រូវ​បាន​លួច​យកទៅ​។ បុរស​ជនជាតិ​ថៃ​ឈ្មោះ​ Kriangkrai បាន​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំឆ្នាំ​ ពី​​បទ​លួច​គ្រឿង​អលង្ការ​និង​លក់​ត្បូង​មាន​តម្លៃមួយចំនួន​របស់​អារ៉ាប៊ីសាអូឌីត​។ បន្ទាប់​មកបុរសថៃរូបនេះ​បាន​បួស​ជា​ព្រះសង្ឃ​នៅ​ឆ្នាំ​២០១៦​ ក្នុង​បំណង​លាង​ជម្រះ​កម្មផលអាក្រក់​ដែល​បានសាង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ