អានតួអត្ថបទ
ថៃ-អារ៉ាប៊ីសាអូឌីត

ថៃនិង​អារ៉ាប៊ីសាអូឌីត ភ្ជាប់​ទំនាក់ទំនង​ទូត​នឹងគ្នា​ឡើងវិញ ក្រោយ​​៣០ឆ្នាំ​​នៃ​​រឿងរ៉ាវ « ពេជ្រខៀវ »

ប្រទេសថៃ និង អារ៉ាប៊ីសាអូឌីត បានសន្យាភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាឡើងវិញ នៅក្នុងឱកាសដែល​លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ទៅបំពេញទស្សនកិច្ចជាលើកទី​១ នៅទីក្រុង​រីយ៉ាត​។ នេះគឺជាការភ្ជាប់ទំនាក់ទំនងឡើងវិញ បន្ទាប់ពីប្រទេសទាំង២ បានផ្តាច់ចំណងទូតនឹងគ្នា អស់រយៈពេល​៣០ឆ្នាំមកហើយ  ក្រោយពី​មាន​​រឿងរ៉ាវ លួច​ពេជ្រនិងត្បូងមានតម្លៃកាលពីឆ្នាំ​១៩៨៩ នៅក្នុងដំណាក់​គ្រួសារស្តេចអារ៉ាប៊ីសាអូឌីត ដោយ​ជនជាតិថ្ងៃម្នាក់។

លោក​ប្រាយុទ្ធ ចាន់អូចា ក្នុងពេលជួប​ជាមួយ​ព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់ នៅក្រុងរីយ៉ាត ថ្ងៃទី ២៥ មករា ២០២២
លោក​ប្រាយុទ្ធ ចាន់អូចា ក្នុងពេលជួប​ជាមួយ​ព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់ នៅក្រុងរីយ៉ាត ថ្ងៃទី ២៥ មករា ២០២២ AP - Bandar Aljaloud
ផ្សាយពាណិជ្ជកម្ម

យោងតាមលិខិតប្រកាសរួមគ្នា នៅក្រោយ​ការជួប​គ្នា រវាង​លោកប្រាយុទ្ធ ចាន់អូចា និង​ ព្រះអង្គម្ចាស់​ម៉ូហាម៉េដ បេនសាល់ម៉ាន់ នៅថ្ងៃទី២៥មករា រដ្ឋាភិបាលថៃ និង​ អារ៉ាប៊ីសាអូឌីត បានប្រកាស​ចាប់ផ្តើមបង្កើតទំនាក់ទំនងការទូត ពេញលេញនឹងគ្នាឡើងវិញ។ ប្រទេសទាំង២នឹងតែងតាំង​ឯកអគ្គរាជទូតរៀងៗខ្លួន ក្នុង​ពេល​ឆាប់ៗនេះ ព្រមទាំង​រៀបចំយន្តការ ដើម្បី​ពង្រឹងចំណងសហប្រតិបត្តិការ​ទ្វេភាគី ឲ្យ​បាន​រឹងមាំជាដរាប។

លិខិតដដែលបានសង្កត់ធ្ងន់ថា ការបោះជំហាន​ទៅមុខ​ដ៏​ខ្លាំងក្លានេះ គឺជាលទ្ធផល​នៃកិច្ចប្រឹងប្រែង ជាយូរយាមកហើយ នៅ​គ្រប់ជាន់ថ្នាក់ ដើម្បី​ស្តារពង្រឹកទំនុកចិត្តគ្នា ព្រមទាំងទំនាក់ទំនងមិត្តភាពនឹងគ្នាឡើងវិញ រវាងព្រះរាជាណាចក្រទាំង២។ នៅក្នុងឱកាស​នៃ​ការភ្ជាប់ទំនាក់ទំនងគ្នាឡើងវិញនេះ ក្រុមហ៊ុន​អាកាសចរណ៍ Saudi Airlines បានប្រកាស​ថា គេនឹងចាប់ផ្តើម​ដំណើរការជើងហោះហើរទៅកាន់ប្រទេសថៃឡើងវិញ ចាប់ពីខែ​ក្រោយទៅ។

យោង​តាម​អ្នកនាំពាក្យរដ្ឋាភិបាលថៃ គឺភាគីអារ៉ាប៊ីសាអូឌីត បាន​លើកឡើងអំពីតម្រូវការ កម្លាំងពលកម្ម​ការងារចំនួន​យ៉ាងហោច​៨លាននាក់ មានជាអាទិ៍ ក្នុងវិស័យសណ្ឋាគារ វិស័យ​សុខាភិបាល និង​ក្នុង​គម្រោង​សំណង់ផ្សេងៗផងដែរ។​ លោក​ប្រាយុទ្ធ ចាន់អូចា បាន​ឆ្លើយ​តបថាថៃ អាចបំពេញតម្រូវការនេះមួយផ្នែក ជូន​អារ៉ាប៊ីសាអូឌីត។

គួររំលឹកថា ថៃនិងអារ៉ាប៊ីសាអូឌីត បានជួប​បញ្ហា​រកាំរកូសនឹងគ្នា កាលពីឆ្នាំ​១៩៨៩ បន្ទាប់ពីបុរសជនជាតិថៃម្នាក់ ដែលជាបុគ្គលិក​បម្រើ​ការងារនៅក្នុងដំណាក់មួយ នៃគ្រួសារស្តេច​អារ៉ាប៊ីសាអូឌីត បាន​លួច​គ្រឿងអល្លង្ការ​ ត្បូងមានតម្លៃជាច្រើន គិតជាប្រាក់សរុបប្រមាណ​២០លានដុល្លារ​។ ក្នុងចំណោមត្បូងមានតម្លៃ គឺមានគ្រាប់ពេជ្រមួយគ្រាប់ដ៏កម្រ មាន​ពណ៌ខៀវ ទំហំ៥០ការ៉ាត។ អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានចោទសមត្ថកិច្ចនគរបាលថៃ ថាបានរឹបអូសយក​ត្បូងមានតម្លៃទាំងនោះ ពីជនដៃដល់ និងបាន​រារាំងការស៊ើបអង្កេត។​

បើទោះជា​សមត្ថកិច្ចថៃ បានប្រគល់ត្បូងមានតម្លៃមួយចំនួន​ត្រលប់មកវិញ តែភាគីអារ៉ាប៊ីសាអូឌីត អះអាងថា ភាគច្រើនគឺជាត្បូងក្លែងក្លាយ​។ ចាប់តាំងពីពេលនោះមក អារ៉ាប៊ីសាអូឌីត មិន​បានតែងតាំងអគ្គរាជទូតទៅកាន់​ប្រទេសថៃទេ។ នៅឆ្នាំ​១៩៩០ អារ៉ាប៊ីសាអូឌីត បានបញ្ជូន​អ្នកជំនួញម្នាក់ ឲ្យ​ទៅស៊ើបអង្កេតដោយសម្ងាត់ តែមនុស្សនោះត្រូវបាន​គេសម្លាប់នៅប្រទេសថៃ រួមជាមួយ​នឹង​មន្ត្រីទូតអារ៉ាប៊ីសាអូឌីត៣នាក់ទៀត។ កាលពីឆ្នាំ​២០១៤ សមត្ថកិច្ចថៃបានឈានទៅចោទប្រកាន់មនុស្ស​៥នាក់ ក្នុងនោះ​មានមន្ត្រីតម្រួតថៃបុណ្យសក្តិ៍ធំម្នាក់ផង ទាក់ទិននឹងករណីឃាតកម្មនេះ។ តែក្រោយ​មក​ការចោទប្រកាន់ត្រូវបានបោះបង់ចោលវិញ ដោយសារតែគ្មានភស្តុតាងគ្រប់គ្រាន់។

យោងតាមអ្នកនាំពាក្យ​រដ្ឋាភិបាលថៃ នៅក្នុង​ពេល​ជួប​ជាមួយ​ព្រះអង្គម្ចាស់បេនសាល់ម៉ាន់ កាលពីថ្ងៃអង្គារ​ទី​​២៥មករា លោក​ប្រាយុទ្ធ ចាន់អូចា បានសម្តែងការសោកស្តាយ​ចំពោះរឿងរ៉ាវដែលបាន​កើតឡើងរវាងពីឆ្នាំ៨៩-៩០ ហើយ​លោក​បានសន្យាថា នឹងបើកការស៊ើបអង្កេតឡើងវិញ ប្រសិន​បើ​​មា​នតម្រុយ​ ឬភស្តុតាងថ្មីណាមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ