អានតួអត្ថបទ
ភូមា-សេរីភាព

ភូមា៖ ការ​វាយឆ្នាំង​វាយប៉ោត ឬ​ចុច​ស៊ីប្លេ​បន្លឺ​សំឡេង​​ប្រឆាំង​រដ្ឋាភិបាល អាច​ត្រូវ​ជាប់ទោស​ក្បត់​ជាតិ

ជិតមួយឆ្នាំ ក្រោយ​ការធ្វើរដ្ឋប្រហារ​ក្តោ​បក្តាប់អំណាច របស់​ក្រុមកងទ័ពភូមា របបសិកនេះ ហាក់កំពុង​តែ​ពង្រឹង​ការកៀបសង្កត់ខ្លាំងឡើង ទៅលើ​ការ​តវ៉ាប្រឆាំងនានា របស់​ប្រជាពលរដ្ឋភូមា។ ចាប់ពីពេលនេះទៅ អ្នកដែលវាយ​ឆ្នាំង វាយធុង ឬចុចស៊ីប្លេបន្លឺសំឡេង និង​អ្នកដែល​ធ្វើកូដកម្ម​ដោយ​ស្ងៀមស្ងាត់ ដើម្បី​ប្រឆាំងនឹង​របបសិក គឺនឹងអាចជាប់ចោទពី​បទ « ក្បត់ជាតិ »។

ប្រជាជនភូមាទះដៃ វាយធុង វាយឆ្នាំង បន្លឺសំឡេងកងរំពង ដើម្បីបង្ហាញការប្រឆាំងតវ៉ា ចំពោះការការធ្វើរដ្ឋប្រហាររបស់​ក្រុមយោធា។ ក្រុងរ៉ង់ហ្គូន ថ្ងៃទី ៤ កុម្ភៈ ២០២១
ប្រជាជនភូមាទះដៃ វាយធុង វាយឆ្នាំង បន្លឺសំឡេងកងរំពង ដើម្បីបង្ហាញការប្រឆាំងតវ៉ា ចំពោះការការធ្វើរដ្ឋប្រហាររបស់​ក្រុមយោធា។ ក្រុងរ៉ង់ហ្គូន ថ្ងៃទី ៤ កុម្ភៈ ២០២១ AP - STR
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិតប្រកាសមួយ របបសិកភូមា បានសរសេរថា « រដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលជារដ្ឋាភិបាល​ក្លែងក្លាយ​ បង្កើតឡើងដោយ​ក្រុម​អតីតមនុស្ស​របស់​លោកស្រីអ៊ុងសាន ស៊ូជី បានឃុបឃិតជា​មួយ​ក្រុម​ជនជាតិភាគតិច ដើម្បី​ញុះញង់ ជំរុញឲ្យ​ប្រជាជនភូមា បំផ្លាញស្ថិរភាពជាតិ។ ជាសកម្មភាពបំផ្លាញដែលត្រូវបាន​ធ្វើតាមរយៈការចូលរួមធ្វើកូដ​កម្ម​ដោយស្ងាត់ស្ងៀម ការទះដៃ ឬការវាយ​ឆ្នាំង វាយ​ប៉ោត និង​ការចុចស៊ីប្លេបន្លឺសំឡេងកងរំពងជាដើម »។​

លិខិតប្រកាសនេះ បាន​បន្ថែមថា « ចាប់ពីពេលនេះទៅ មនុស្សដែលធ្វើសកម្មភាពទាំងអស់​នេះ អាចប្រឈមនឹងបទចោទប្រកាន់ បង្កអសន្តិសុខសង្គម រំខានសណ្តាប់ធ្លាប់សាធារណៈ ឬអាចជាប់ចោទ ពីបទក្បត់ជាតិថែមទៀតផង »។

គួរបញ្ជាក់ថា អំពើក្បត់ជាតិ នៅភូមា គឺអាចត្រូវជាប់ទោសប្រហារជីវិត។ វិធានការចោទប្រកាន់ដ៏ធ្ងន់ធ្ងរ ទៅលើ​ប្រជាពលរដ្ឋ ដែលចូលរួម​សកម្មភាព​ផ្សេងៗ ដើម្បីបង្ហាញ​ការ​ប្រឆាំងតវ៉ា គឺមានទម្រង់ជាការបំភ័យសំឡុត មួយកម្រិតទៀតពីសំណាក់របបសិកភូមា។ ប្រមាណ​ជិតមួយឆ្នាំក្រោយ​ការធ្វើរដ្ឋប្រហារប្លន់អំណាច សកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋភូមា នៅតែមាន​ បើទោះបីជាមិនត្រូវបានធ្វើ​ក្រោមរូបភាពបាតុកម្មដង្ហែរក្បួនធំដុំក្តី។

ជានិច្ចជាកាល ប្រជាពលរដ្ឋភូមា តែងណាត់គ្នា វាយឆ្នាំង វាយប៉ោត ចុចស៊ីប្លេបន្លឺសំឡេង ដើម្បី​បង្ហាញ​ការប្រឆាំងតវ៉ា។ ការបន្លឺសំឡេងកងរំពង គឺជាជំនឿប្រពៃណី​ ដែលប្រជាជនភូមា​តែងតែ​ធ្វើ ដើម្បី​បណ្តេញ​ខ្មោចព្រាយ​ ឧបទ្រពចង្រៃ ចេញពីភូមិស្រុក​។​ ក្រៅពី​ការណាត់គ្នាបន្លឺសំឡេងនេះ ប្រជាជនភូមាខ្លះ ក៏បានចូលរួមធ្វើកូដកម្ម ដោយ​ស្ងាត់ស្ងៀម មិនចូលធ្វើការ ជាក់ស្តែងកាលពីថ្ងៃទី ១០ធ្នូកន្លងទៅ ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ។​

គួរកត់សំគាល់ថា ប្រមាណជិតមួយឆ្នាំមកនេះ របបសិកភូមា បានពង្រឹងអំណាចកាន់តែខ្លាំង បើទោះបី​ជា​មានប្រជាពលរដ្ឋ នឹងក្រុម​ជនជាតិ​ភាគតិចប្រដាប់អាវុធជាច្រើនក្រុម បានប្រកាសរួមកម្លាំងគ្នាប្រយុទ្ធ។ យោងតាមអង្គការសិទ្ធិមនុស្ស មនុស្សប្រមាណ​១៥០០នាក់ ត្រូវបាន​កងទ័ពភូមាសម្លាប់ និងយ៉ាងហោច១១០០០នាក់ ត្រូវជាប់ឃុំ។

ដោយសង្កេតឃើញអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទាំងនេះ ក្រុមហ៊ុន TotalEnergies និង​ក្រុមហ៊ុន Chevron បានសម្រេចដកខ្លួនចេញ ឈប់ធ្វើអាជីវកម្ម​ហ្កាសនៅភូមាតទៅទៀត។ លោក John Sifton តំណាងប្រចាំអាស៊ីនៃអង្គការ Human Rights Watch បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ត្រូវតែរួមគ្នា វាយឲ្យ​ចំកញ្ចប់ប្រាក់ របស់​របបសិកភូមា ដែលមួយផ្នែកធំបានមកពី​អាជីវកម្មឧស្ម័នហ្កាសធម្មជាតិ។ លោក​បានហៅឲ្យ​ក្រុម​ហ៊ុនថៃ PTT និងក្រុមហ៊ុនកូរ៉េខាងត្បូង POSCO ដែលនៅតែបន្តរកស៊ី​នៅភូមា ត្រូវតែបញ្ឈប់អាជីវកម្មជាបន្ទាន់ ដើម្បីដាក់សំពាធលើរបបសិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ