អានតួអត្ថបទ
ភូមា-អូស្ត្រាលី

បន្ទាប់​ពី​តូតាល់ ក្រុមហ៊ុនថាមពល​​អូស្តា្រលី​ប្រកាស​ដក​ខ្លួនចេញ​ពីភូមា

ក្រោយ​រដ្ឋប្រហារ​យោធា​ថ្ងៃទី ១​កុម្ភៈ​២០២១ ទម្លាក់​រដ្ឋាភិបាលស៊ីវិល​របស់​លោកស្រី​អ៊ុងសានស៊ូជី​មក ក្រុមហ៊ុនអន្តរជាតិ​ធំៗ​ជា​ច្រើន​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ភូមា។ បន្ទាប់​ពី​ក្រុមហ៊ុន​​តូតាល់​បារាំង  នៅ​ថ្ងៃ​ព្រហស្បតិ៍ទី ២៧​មករា ២០២២ ក្រុមហ៊ុនប្រេងដ៏​ធំ​ជាងគេរបស់​អូស្ត្រាលី Woodside បានប្រកាស ដក​ខ្លួន​ចេញ​ពី​ប្រទេស​ភូមាដែរ។

ក្រុមហ៊ុន​Woodside Petroleum អូស្ត្រាលី​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ប្រទេស​ភូមា
ក្រុមហ៊ុន​Woodside Petroleum អូស្ត្រាលី​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ប្រទេស​ភូមា AP - Richard Wainwright
ផ្សាយពាណិជ្ជកម្ម

ជា​ក្រុមហ៊ុនថាមពល​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​ឧស្ម័នហ្កាស​ធម្មជាតិ​ ដ៏​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ក្រុមហ៊ុន Woodside ​ដែល​បាន​ចូល​មក​ធ្វើ​ផលិត​កម្មនិងរុករកឧស្ម័ន​ នៅ​ប្រទេស​​ភូមា  ក្នុង​ទីតាំង​ជា​ច្រើន តាំង​ពី​៩​មកឆ្នាំ​មក​ហើយ ​ បាន​ប្រកាសនៅ​ថ្ងៃនេះ ​បញ្ចប់​សកម្មភាព​រកស៊ី​នៅ​ក្នុង​ប្រទេស​ភូមា ដោយ​ពន្យល់​​ថា ស្ថានភាពសិទ្ធិមនុស្ស​នៅភូមា​ធ្លាក់​ដុនដាប​ខ្លាំង។ សម្រេច​ដក​ខ្លួន​ចេញ​ពី​ប្រទេសនេះ បាន​ធ្វើ​ឱ្យក្រុមហ៊ុន​​ខាតប្រយោជន៍​អស់​យ៉ាង​ហោច​២០០​លានដុល្លារ។ ប៉ុន្តែ​ស្ថានភាព​នៅភូមា​នាពេល​បច្ចុប្បន្ន​ មិន​អនុញ្ញាត​ឱ្យ Woodside បន្តសកម្មភាព​រុករកឧស្ម័ន​នៅ​ក្នុង​តំបន់​ A-6 ដែល​ជា​គម្រោង​អភិវឌ្ឍន៍​រួមជាមួយ​ក្រុមហ៊ុន​តូតាល់​បារាំង​បាន​ទេ ហើយក្រុមហ៊ុន​​ក៏​មិន​អាច​​បន្ត​សកម្មភាព​នៅ​កន្លែង​ផ្សេង​ក្នុង​ផ្ទៃ​ប្រទេស​ភូមា​បាន​ដែរ។ នេះ​បើ​តាម​​លោក​អគ្គនាយកប្រតិបត្តិ​​រង​របស់​ក្រុម​ហ៊ុន​លោក Meg O'Neill ​។

ក្រុមហ៊ុន​បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​ភូមា តែ​មួយ​សប្តាហ៍​ក្រោយការ​ចាក​ចេញ​របស់​​ក្រុមហ៊ុនជា​ដៃគូ ​តូតាល់​របស់​បារាំង និង​ក្រុមហ៊ុន​ Chevron របស់​អាមេរិក ក្រោម​ហេតុ​ផល​តែ មួយ​គឺ​ស្ថានភាព​សិទ្ធិមនុស្សភូមា​​បាន​ធ្លាក់​អាក្រក់​ខ្លាំង​តាំង​ពី​មាន​រដ្ឋប្រហារ​​មក។ ក្រោយ​រដ្ឋប្រហារ​  មេដឹកនាំ​យោធា​បាន​បង្ក្រាប​ចលនា​បាតុកម្ម​ យ៉ាង​ហិង្សា​បង្ក​ឱ្យ​ស្លាប់ជនស៊ីវិលជាង​១៥០០​នាក់ និងមាន​​ទម្រង់​ជា​សង្គ្រាម​​ស៊ីវិល​។

ជាមួយ​នឹង​ការ​​អបអរ​សេចក្តី​សម្រេច​របស់​ក្រុមហ៊ុន ​នាយកអង្គការ​ការពារសិទ្ធិមនុស្ស Human Rights Watch ​ អូស្ត្រាលី​ ​ បាន​គូស​បញ្ជាក់​អំពី​ភាព​បន្ទាន់​​នៃ​ការ​សម្របសម្រួល​គ្នា​ដាក់​ទណ្ឌកម្ម ​ឱ្យ​ចំ​​លើ​វិស័យ​ថាមពល​ហ្កាស​ដែល​ជា​ប្រភព​ចំណូលរបស់​រដ្ឋាភិបាលសឹក​ភូមា។ឧស្សាហកម្ម​ឧស្ម័ន​ធម្មជាតិ​នាំចំណូល​ឱ្យ​ភូមា​ប្រមាណ​១ពាន់​លានដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ដូច្នេះ​ការ​ចាកចេញរបស់ក្រុមហ៊ុន​អន្តរជាតិ​នឹងធ្វើ​ឱ្យ​រដ្ឋាភិបាល​សឹក​បាត់​បង់​ចំណូលអស់​ច្រើន ក្នុង​ខណៈ​ដែល​សេដ្ឋកិច្ច​ជាតិ​កំពុង​រង​សម្ពាធ​ និង​ទណ្ឌកម្ម​ជុំទិសផង។

ជាងនេះទៅ​ទៀត នៅ​ថ្ងៃពុធម្សិលមិញ សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ឱ្យក្រុមហ៊ុនអាមេរិកដែល​បន្ត​រកស៊ី​នៅ​ភូមា ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ចៀស​កុំរកស៊ី​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុនរដ្ឋ​ភូមា បើ​មិន​ចង់​មាន​ហានិភ័យហិរញ្ញវត្ថុ និង​​ច្បាប់ ថា​រំលោភ​ទណ្ឌកម្ម​ឬ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ