អានតួអត្ថបទ
ភូមា-តូតាល់

នៅទីបំផុត ក្រុមហ៊ុន​តូតាល់​បាន​សម្រេច​ដកខ្លួន​ចេញពី​ភូមា

ប្រឈមនឹង​ការផ្ទុះអាវុធ​កាន់តែ​ហិង្សា នៅ​ក្នុង​ភូមា ក្រុមហ៊ុនប្រេង​បារាំង តូតាល់​បាន​សម្រេចចិត្ត​ដកខ្លួន​ចេញ​ពី​ភូមា។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ ចុះផ្សាយ​នៅថ្ងៃ​សុក្រ​ទី ២១ មករា ក្រុមហ៊ុន​តូតាល់​បាន​បញ្ជាក់ថា ស្ថានភាព​កាន់តែ​ធ្លាក់ចុះ​ដុនដាប​នៅភូមា ជាពិសេស នៅ​ក្នុងផ្នែក​សិទ្ធិមនុស្ស និង​និតិរដ្ឋ លែង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នាំយក​ចំនុចវិជ្ជមាន សម្រាប់​ប្រទេស​ភូមា។ ការដកខ្លួន​របស់​ក្រុមហ៊ុន​តូតាល់ ពីប្រទេស​ភូមា ជា​ចំណុចទាមទារ​ជាយូរមកហើយ របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស និង​ក្រុមប្រឆាំងភូមា ដែលបាន​ចោទប្រកាន់ របបសឹក​ថា បានបង្រ្កាប​ហិង្សា​ទៅលើ​បាតុករ ដែលប្រឆាំង នឹង​ការធ្វើ​រដ្ឋប្រហារយោធា នៅភូមា។

ទីស្នាក់ការរបស់ក្រុមហ៊ុនបារាំង តូតាល់ នៅក្រុង​ប៉ារីស
ទីស្នាក់ការរបស់ក្រុមហ៊ុនបារាំង តូតាល់ នៅក្រុង​ប៉ារីស AP - Michel Euler
ផ្សាយពាណិជ្ជកម្ម

Total Energies ក្រុមហ៊ុនប្រេង​ដ៏ធំជាង​គេ​របស់​បារាំង បាន​សម្រេច​ដកខ្លួន​ចេញពីភូមា ជាទី​ដែល​ក្រុមហ៊ុន​ដើរតួនាទី​ជា​ដៃគូ និងជាអ្នកចាត់ចែង​លើ​អណ្តូងឧស្ម័ន​នៅ​យាដាណា។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន នៅថ្ងៃ​សុក្រ ក្រុមហ៊ុន​តូតាល់​របស់​បារាំង បាន​ពន្យល់​ការសម្រេច​ចិត្ត របស់ខ្លួនថា មានជាប់ទាក់ទង​នឹង​ស្ថានការណ៍​កាន់តែ​ធ្លាក់​ចុះអាក្រក់ ចាប់តាំង​ពីមានរដ្ឋប្រហារ​យោធា​នៅភូមា ដូចជា​នៅក្នុង​ផ្នែកសិទ្ធិមនុស្ស និង​និតិរដ្ឋ។

តាម ក្រុមហ៊ុន​តូតាល់ ក្រុមហ៊ុន​បាន​ចាប់ផ្តើម និតិវិធី​ដកខ្លួន​ស្របច្បាប់ ដើម្បីជៀសវាង​ការបង់ប្រាក់ពិន័យ។ ជារួម ដំណើរការដកខ្លួន​របស់​ក្រុមហ៊ុនតូតាល់ ​ចេញ​ពីភូមា​ ផ្តោតទៅលើ​កិច្ចសន្យា​វិនិយោគពីរ គឺ អាជីវកម្ម​បូមឧស្ម័ន​នៅយាដាណា និង​ក្រុមហ៊ុន​ដឹកជញ្ជូន MGTC នៅភូមា។ សម្រាប់​ការវិនិយោគ​លើ​អាជីវកម្ម​បូមឧស្ម័ន ក្រុមហ៊ុនតូតាល់អះអាងថា នឹង​លក់ភាគហ៊ុន​របស់ខ្លួន​ទាំងអស់​ទៅឲ្យ​ដៃគូ ដែលនៅក្នុង​នោះ មាន​ក្រុមហ៊ុនប្រេង​អាមេរិក Unocal Chevron ក្រុមហ៊ុន​ប្រេងថៃ PTTEPនិង​ក្រុមហ៊ុន​ប្រេងជាតិ​ភូមា MOGE។ នៅប៉ុន្មាន​ម៉ោង​ក្រោយ​ក្រុមហ៊ុន​បារាំង​ប្រកាស​ដកខ្លួន ចេញពីភូមា ក្រុមហ៊ុនប្រេង​អាមេរិកាំង​ដែលជាដៃគូ​វិនិយោគធំទី២​សម្រាប់​គម្រោង​យាដាណា បាន​ប្រកាស​ថា នឹង​ចាត់​វិធានការ​ដូចក្រុមហ៊ុនតូតាល់​ដែរ។

តាម​ក្រុមហ៊ុន​តូតាល់ គេ​កំពុង​ចរចា​ជាមួយក្រុមហ៊ុនប្រេងថៃ PTTEP ដើម្បី​បន្តវេន​ពី​ក្រុមហ៊ុន​តូតាល់ នៅ​អាជីវកម្ម​ឧស្ម័ន យាដាណា។ ការដកខ្លួន​របស់​ក្រុមហ៊ុន​បរទេស ដូចជា​ក្រុមហ៊ុន​ប្រេង​តូតាល់ ដែលជាដៃគូ​វិនិយោគ​ដ៏សំខាន់​របស់​យោធាភូមា គឺជា​ការទាមទារ​កន្លងមក​របស់​អង្គការ​ការពារសិទ្ធិមនុស្ស និង​ចលនា​ប្រឆាំង រដ្ឋប្រហារនៅភូមា។

នៅថ្ងៃសុក្រ អង្គការ​ការពារ​សិទ្ធិមនុស្ស​Human Rights Watch បាន​ថ្លែងស្វាគម​ការសម្រេចចិត្ត​របស់​ក្រុមហ៊ុនប្រេង​តូតាល់។ កាលពីថ្ងៃ​ព្រហស្បតិ៍ អង្គការ​មួយនេះ បាន​អំពាវនាវ​ឲ្យ​ រដ្ឋាភិបាលអាមេរិក ក៏ដូចជា​សហភាពអឺរ៉ុប​ដាក់ ទណ្ឌកម្មសេដ្ឋកិច្ច ដោយ​ផ្តោតសំដៅ​តែ ក្រុមហ៊ុន និង​វិស័យ​ទាំងឡាយណា ដែលជា​ឆ្នាំងបាយ​របស់​ក្រុម​មន្រ្តីយោធា​ជាន់ខ្ពស់ ភូមា ដែល​ក្រុមអ្នកប្រឆាំង​បាន​ចោទប្រកាន់​ថា ជាអ្នក​ចូលរួមធ្វើ​រដ្ឋប្រហារ រហូត​ធ្វើឲ្យ​ភូមា ធ្លាក់ក្នុង​ស្ថានភាពអសន្តិសុខ និង​សង្រ្គាមស៊ីវិល នាពេល​សព្វថ្ងៃនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ