អានតួអត្ថបទ
កូរ៉េខាងជើង

របាយការណ៍ អ.ស.ប៖ ២០២១ កូរ៉េខាងជើងបន្តអភិវឌ្ឍន៍​សព្វាវុធនុយក្លេអ៊ែរ និង​បាលីស្ទីក ដោយ​​មិន​ខ្វល់​​ពី​ទណ្ឌកម្ម

ក្នុងឆ្នាំ​២០២១កន្លងទៅ របបផ្តាច់ការកូរ៉េខាងជើង នៅតែបន្ត​អភិវឌ្ឍន៍កម្មវិធីផលិត​សព្វាវុធនុយ​ក្លេអ៊ែរ និង​មីស៊ីលបាលីស្ទីកដដែល បើទោះបីជាប្រទេសនេះ បានរង​នូវ​​ទណ្ឌកម្ម​អន្តរជាតិក៏ដោយ។ នេះគឺជាការសន្និដ្ឋានរបស់ក្រុមងារជំនាញ នៃអង្គការសហប្រជាជាតិ ដែលទទួល​បន្ទុកតាម​ដាន​ការគោពរទណ្ឌកម្ម​ ដាក់ទៅលើ​កូរ៉េខាងជើង។ នៅថ្ងៃចន្ទទី៧កុម្ភៈ ក្រុមប្រឹក្សាសន្តិសុខនឹងបើកការ​ប្រជុំមួយ​ ក្រោម​​ការស្នើសុំពីរុស្ស៊ី ដើម្បីជជែកគ្នាអំពីគោលនយោបាយដាក់ទណ្ឌកម្ម​លើកូរ៉េខាងជើង ដែល​មិនបានជះផលជាវិជ្ជមាន។

ការបាញ់សាកល្បងមីស៊ីលអ៊ីពែរសូនិក ថ្ងៃទី ៥ មករា ២០២២ ។ រូបភាពប្រគល់ឲ្យ​ដោយ​បណ្តាញ​ព័ត៌មានផ្លូវការ​កូរ៉េខាងជើង "KCNA"
ការបាញ់សាកល្បងមីស៊ីលអ៊ីពែរសូនិក ថ្ងៃទី ៥ មករា ២០២២ ។ រូបភាពប្រគល់ឲ្យ​ដោយ​បណ្តាញ​ព័ត៌មានផ្លូវការ​កូរ៉េខាងជើង "KCNA" © AP
ផ្សាយពាណិជ្ជកម្ម

យោងតាមរបាយការណ៍បូកសរុប ប្រចាំឆ្នាំ២០២១ នៃក្រុមការងារតាមដានការគោរពទណ្ឌកម្មនៃអង្គការសហប្រជាជាតិ បាន​ឲ្យដឹងថាប្រភពចំណូលដ៏សំខាន់មួយរបស់​កូរ៉េខាងជើង​ គឺការ​វាយ​ប្រហារ​តាមប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធ័រនិត ជាពិសេសទៅលើ​បណ្តាញ​លុយ​ឌីជីថល។ ក្នុង​ឆ្នាំ​២០២១ ការនាំចូល​ប្រេងឥន្ធនៈដោយខុសច្បាប់ ចូលទៅកូរ៉េខាងជើង បាន​កើនឡើងជាលំដាប់ បើ​ទោះបីមានចំនួន​ទាប​ជាងឆ្នាំ​២០២០ក៏ដោយ។

របាយការណ៍ដែល​ទើបតែត្រូវបាន​ប្រគល់ ទៅឲ្យ​ប្រទេសទាំង​១៥នៃក្រុមប្រឹក្សាសន្តិសុខ​ពិនិត្យ​នេះ បាន​លើកឡើងថាឆ្នាំកន្លងទៅនេះ កូរ៉េខាងបានបន្តការអភិវឌ្ឍន៍​កម្មវិធីផលិត​អាវុធ​នុយក្លេអ៊ែរ និងមីស៊ីល​បាលីស្ទីក បើទោះបីជាជាប់ទណ្ឌកម្មអន្តរជាតិក៏ដោយ។ ក្រុមអ្នកជំនាញ​បានអះអាងថា​ របបផ្តាច់​ការកូរ៉េខាងជើង បានប្រឹងប្រែង​ពង្រឹងសមត្ថភាពកាន់តែខ្លាំង តួយ៉ាងក្នុងការ​ពង្រាយ ប្រើប្រាស់សព្វាវុធយ៉ាងរហ័ស ក្នុងទ្រង់ទ្រាយធំ ទាំងលើគោក និងលើទឹក។ បន្ថែមពីនេះទៀត កូរ៉េខាងជើងបន្ត​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទីក ព្រមទាំងបន្ត​ស្រាវជ្រាវលើ​សម្ភាៈ បច្ចេកវិទ្យា និង​ជំនាញ​ផលិតអាវុធទាំងនេះ ជាមួយ​ប្រទេសផ្សេងថែមទៀតផង។

គួររំលឹកថា កូរ៉េខាងជើង បានជាប់ទណ្ឌកម្មអន្តរជាតិ តាំងតែពីឆ្នាំ​២០០៦មកម្លេះ។ ទណ្ឌកម្ម​ដែលបាន​កើនឡើងខ្លាំង នៅឆ្នាំ២០១៧ ក្នុងអាណត្តិលោកដូណាល់ ត្រាំ។ អង្គការសហប្រជាជាតិ បានកំណត់​ទណ្ឌកម្ម ​មួយចំនួនទៅលើរបបផ្តាច់ការនេះ មានជាអាទិ៍ ហាមឃាត់ការនាំចូលប្រេងឥន្ធនៈ ធ្យូងថ្ម ដែកថែប សំលៀក​បំពាក់ និង​ផល​នេសាទជាដើម។

គិតពីឆ្នាំ​២០១៧មក ក្រុមប្រឹក្សាសន្តិសុខមិនដែលត្រូវរ៉ូវគ្នា សម្រេចអ្វីមួយ​ទាក់ទិននឹងកូរ៉េខាងជើងទេ។ សម្រាប់ ចិន និងរុស្ស៊ី ទណ្ឌកម្ម​សេដ្ឋកិច្ចវាគឺជាវិធានាការដែលគ្មាន​ប្រយោជន៍ ហើយ​ធ្វើបាប​តែប្រជាជន​កូរ៉េខាងជើងតែប៉ុណ្ណោះ។ តែយ៉ាងណា ក្រុមប្រទេសលោកខាងលិច មិនយល់ស្របនឹង​គំនិតនេះឡើយ។ នៅថ្ងៃចន្ទទី​៧កុម្ភៈនេះ រុស្ស៊ីបានស្នើឲ្យ​មានការជជែកគ្នាមួយ​ ក្នុងក្របខណ្ឌក្រុមប្រឹក្សាសន្តិសុខ ស្តីពីផលអវិជ្ជមាននៃគោលនយោបាយ​ដាក់ទណ្ឌកម្មលើ​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ