អានតួអត្ថបទ
ចិន-អា​មេរិក-ឥណ្ឌូប៉ាស៊ីហ្វិក

មេបញ្ជាការ​អាមេរិក​បារម្ភថា​​ចិន អាចរករឿង​នៅអាស៊ី​ប៉ាស៊ីហ្វិក ខណៈបស្ចឹម​លោក​ជាប់​​រវល់​​ជាមួយ​​​​រុស្ស៊ី

មេបញ្ជាការកងទ័ពអាកាសអាមេរិកម្នាក់ បាន​លើកឡើងថា ក្នុង​ពេល​ដែ​លក្រុម​ប្រទេសលោកខាងលិច រវល់​ជាប់ដៃដោះស្រាយ​បញ្ហារុស្ស៊ី គឺចិនអាចនឹងឆក់ឱកាស​ ធ្វើសកម្មភាពអ្វីម្យ៉ាងដើម្បី​បង្កបញ្ហា ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។​ នេះ គឺជាការព្រួយ​បារម្ភ ដែល​អាមេរិក រួមជាមួយសម្ព័ន្ធមិត្តតំបន់នេះ​ កំពុងជជែក​គ្នា ឲ្យ​មានការប្រុងប្រយ័ត្ន។​

នាវាចម្បាំងអាមេរិក USS Carl Vinson ធ្វើសមយុទ្ធ នៅក្បែរកោះហាវ៉ា ថ្ងៃទី ២៦ វិច្ឆិកា ២០១៨
នាវាចម្បាំងអាមេរិក USS Carl Vinson ធ្វើសមយុទ្ធ នៅក្បែរកោះហាវ៉ា ថ្ងៃទី ២៦ វិច្ឆិកា ២០១៨ AP - Petty Officer 1st Class Arthurgwain Marquez
ផ្សាយពាណិជ្ជកម្ម

ថ្លែងទៅកាន់អ្នកកាសែត នៅក្នុងឱកាសពិព័ណ៌យន្តហោះ នៅសិង្ហបុរី លោក Kenneth Wilsbach មេបញ្ជាការកងទ័ពអាកាសអាេមរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក បាន​លើកឡើងថា ការដែល​ចិន បានប្រកាសគោលជំហរ គាំទ្ររុស្ស៊ី នៅក្នុង​សំណុំរឿងអ៊ុយក្រែន គឺវាមិនអាចធ្វើមិន​ឲ្យ​គេ​គិតបានទេ អំពី​ចេតនាអាក្រក់ ចង់កេងចំណេញណាមួយរបស់ចិន នៅពីក្រោយ​វិបត្តិនេះ។

លោកលើកឡើងថា គ្រាន់តែចិនបានប្រកាសគាំទ្ររុស្ស៊ី ប្រឆាំងនឹង​ការពង្រីក​សមាជិក​នៃអង្គការ​សម្ព័ន្ធមិត្តអូតង់​ភ្លាម គឺលោក​បាន​យកបញ្ហានេះទៅ​ជជែកជាមួយ​ ប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត ដើម្បី​នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បី​ឆ្វេងយល់អំពីចេតនាពិតប្រាកដរបស់ចិន។

មេបញ្ជាការអាមេរិករូបនេះ បន្ថែមថា គេកំពុងបារម្ភ និងសង្ស័យថា ចិនអាចនឹង​ធ្វើ​សកម្មភាព​អ្វីម្យ៉ាង ដើម្បី​បង្កបញ្ហាដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក  ក្នុងខណៈពេល​ដែល​ក្រុម​ប្រទេសលោកខាងលិច មានអាេមរិក និង​អឺរ៉ុ​ប កំពុងតែរវល់ជាប់ដៃ ដោះស្រាយសំណុំរឿង រុស្ស៊ី-អ៊ុយក្រែន។ លោក​អះអាងថា វាមិនមែនជារឿងចម្លែកទេនោះ បើចិនធ្វើសកម្មភាពបែបនេះមែន ព្រោះចិនអាច​មាន​បំណងរករឿង ដើម្បីស្ទាបស្ទង់សាក​កម្លាំង​ និងចង់ដឹងប្រតិកម្ម​របស់សហគមន៍អន្តរជាតិ។

គួរបញ្ជាក់ថា ចិនកំពុងមានវិវាទជាមួយ ប្រទេសអាស៊ីមួយចំនួន ដូចជា​ម៉ាឡេស៊ី វៀតណាម ហ្វ៊ីលីពីន និង ប្រ៊ុយណេ ដោយ​ចិនបានទាមទារគ្រប់គ្រងអធិបតេយ្យភាព លើដែនទឹកសឹងតែទាំងស្រុង នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ បើទោះបី​សហរដ្ឋអាមេរិក មិនមាន​បញ្ហាជាមួយចិនក្នុងសំណុំរឿងនេះ​ក៏ដោយ តែអាមេរិក បានចេញ​មុខការពារសេរីភាព​នៃការធ្វើចរាចរណ៍​ផ្លូវសមុទ្រ  ព្រោះថាច្រកនេះជាច្រកយុទ្ធសាស្ត្រ។

បន្ថែមពីនេះទៀត ប៉ុន្មានខែមកនេះ ចិនបានដាក់សំពាធកាន់តែខ្លាំងទៅលើតៃវ៉ាន់ តាមរយៈការបញ្ជូន​យន្តហោះចម្បាំទៅ​ក្រវែល លើដែនអាកាសតៃវ៉ាន់ជាញឹកញាប់។ លោក​មេបញ្ជាការ Kenneth Wilsbach បានអះអាងថា កងកម្លាំងលោក​ដែល​ឈរជើងនៅកោះហាវ៉ៃ នឹងមានតួនាទី​ជួរមុខគេ ក្នុងករណី​ចិនហ៊ានបង្កបញ្ហាផ្ទុះអាវុធនៅតំបន់​អាស៊ី ប៉ាស៊ីហ្វិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ