អានតួអត្ថបទ
ចិន-ធនាគារ-អ៊ុយក្រែន

ធនាគារ​សាធារណៈ​ចិនកំរិត​ហិរញ្ញវត្ថុ​ទិញ​វត្ថុ​ដើម​ពី​រុស្ស៊ី ដោយ​ខ្លាចទណ្ឌកម្មបស្ចឹមលោក

ចិនមិនថ្កោលទោស​រុស្ស៊ី​នៅ​អង្គការ​សហប្រជាជាតិ​ទេ។ ចិន​និង​រុស្ស៊ី​ត្រូវ​បានគេ​ចាត់​ទុក​ថា​ជា​ប្រទេសពីរ​ដែលបានពង្រឹង​ទំនាក់ទំនង​គ្នាខ្លាំង តាំងពីម៉ូស្គូ​ក្រសោប​យក​តំបន់​គ្រីមេ​របស់​អ៊ុយក្រែន​កាលពី​ឆ្នាំ​២០១៤មក។ ប៉ុន្តែ​នៅក្នុង​បរិបទនៃសង្គ្រាមនៅ​អ៊ុយក្រែន​ បើ​តាមភ្នាក់ងារ Bloomberg ធនាគារ​សាធារណៈចិន​ជាច្រើន បានកំរិត​ការទិញវត្ថុធាតុដើម​ពី​រុស្ស៊ី ដោយ​ខ្លាច​ជាប់​ទណ្ឌកម្ម​ពីបស្ចឹម​លោក។

 ធនាគារ​សាធារណៈ​ចិនកំរិត​ហិរញ្ញវត្ថុ​ទិញ​វត្ថុ​ដើម​ពី​រុស្ស៊ី ដោយ​ខ្លាចទណ្ឌកម្មបស្ចឹមលោក ​ ​
 ធនាគារ​សាធារណៈ​ចិនកំរិត​ហិរញ្ញវត្ថុ​ទិញ​វត្ថុ​ដើម​ពី​រុស្ស៊ី ដោយ​ខ្លាចទណ្ឌកម្មបស្ចឹមលោក ​ ​ © (AFP)
ផ្សាយពាណិជ្ជកម្ម

ដើម្បី​កំណើនសេដ្ឋកិច្ច ចិន​បាន​បង្កើន​ការ​ទិញ​វត្ថុធាតុដើម​ពី​រុស្ស៊ី​ច្រើន​ណាស់​ ៖ ៣០%​នៃ​ឧស្ម័ន​និង​ប្រេង​រុស្ស៊ី​ បាន​លក់​ទៅ​ឱ្យ​ចិន។ ប៉ុន្តែ​ដោយ​ហេតុ​សង្គ្រាមនៅអ៊ុយក្រែន មាន ​ធនាគារសាធារណៈ​ដ៏​ធំនិង​សំខាន់​របស់​ចិន​ ​យ៉ាងហោចណាស់​ពីរ គឺ ICBC និងBank of China បាន​សម្រេច​កំរិតហិរញ្ញវត្ថុទិញ​វត្ថុធាតុដើម​ពី​រុស្ស៊ី។ នេះ​បើ​តាម​ភ្នាក់ងារ​Bloomberg ចេញផ្សាយ​នៅថ្ងៃសៅរ៍​ទី ២៦កុម្ភៈ។

បើ​តាមការ​លម្អិត​របស់​ភ្នាក់ងារ​អាមេរិកដដែល ធនាគាររដ្ឋចិន​ទាំង​ពីរ​សម្រេចចិត្ត​ដូច្នេះ ដើម្បីកុំ​ឱ្យ​ជាប់​​ឈ្មោះ​ជាប្រទេសគាំទ្រ ​រុស្ស៊ីដែល​ចូល​ឈ្លានពាន​អ៊ុយក្រែន ដែល​អាច​នាំ​ចិន​រង​​ទណ្ឌកម្ម​អាមេរិកនិង​សម្ព័ន្ធមិត្តដែរ។ ព្រោះ​បើ​មាន​ទណ្ឌកម្មអាមេរិកមែន ​ធនាគារ​ចិនអាច​នឹង​លែងប្រើប្រាស់​លុយ​ដុល្លារបាន។ ICBC ជាធនាគារ​ដែល​ធំជាងគេបំផុត​នៅ​លើ​ពិភពលោក​បើ​គិត​ពី​ចំនួនភាគហ៊ុន។ ឯ​ចំណែក​Bank of China ជា​ធនាគារ​ពាណិជ្ជកម្ម​លេខ​មួយ​របស់​ចិន ខាង​ផ្នែក​ផ្តោះប្តូរ​ប្រាក់។

ប៉ុន្តែធនាគារ​ចិនធ្វើ​បែប​នេះ​តែ​​​​មួយ​សំណើ​តែប៉ុណ្ណោះ។ ​​នេះ​បើ​តាម​ភ្នាក់ងារ​ Bloomberg ដដែល។

ទង្វើឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន បាន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស​បស្ចឹម​លោក​បញ្ចេញ​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​ដាក់លើ​រុស្ស៊ី។ សហរដ្ឋអាមេរិក បានដាក់​ទណ្ឌកម្ម​ជាអាទិ៍ លើ​ក្រុមហ៊ុន​ Gazprom និង​ក្រុមហ៊ុន​ថាមពលផ្សេងៗ​រុស្ស៊ី  ដោយមិន​អាច​ដក​លុយ​ពី​ទីផ្សារអន្តរជាតិ​ (លោក​ខាង​លិច)បានទេ។ ​​រូប​លោកពូទីន ព្រមទាំង​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​ផ្ទាល់​តែម្តង ក៏​ជាប់​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក​។

ត្រូវ​បាន​ចាត់ទុកជា​មិត្ត​របស់រុស្ស៊ី និង​មាន​ជំហរ​នយោបាយ​ខ្លះ​ដូច​គ្នា ចិន​និង​រុស្ស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ថាមពលឧស្ម័ន ពេលលោកពូទីន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅក្រុង​ប៉េកាំង​ក្នុ​ង​អំឡុង​ពេលអូឡាំពិក។ ចិនមិន​ប្រាថ្នា​ប្រឆាំងតទល់​នឹងរុស្ស៊ីទេ តែ​ក៏​មិន​ចង់​មាន​ឈ្មោះ​ជា​អ្នក​គាំទ្រ​ការ​ឈ្លានពាន​អ៊ុយក្រែន​ដែរ បើ​ទោះ​បី​ជា​ប៉េកាំង​មិន​ថ្កោល​ទោស​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ