អានតួអត្ថបទ
ចិន-ការពារជាតិ

ក្នុង​បរិបទ​អសន្តិសុខ​ពិភពលោក​ ចិន​សម្រេច​ដំឡើង​ថវិកា​កងទ័ព​កាន់តែ​ច្រើន

រដ្ឋាភិបាលចិន បានប្រកាសដំឡើងថវិកា ចំណាយ​ក្នុងវិស័យការពារជាតិ ក្នុងឆ្នាំ​២០២២នេះ លើសឆ្នាំមុនដល់ទៅជាង​៧%។ នេះគឺ​ជា​កម្រឹតដំឡើងដ៏ខ្ពស់ ខណៈបញ្ហាសន្តិសុខពិភពលោក កំពុង​​តែ​​ក្តៅ​គគុកខ្លាំង ជាមួយ​នឹង​សង្គ្រាម​ឈ្លានពាននៅអ៊ុយក្រែន ពីសំណាក់រុស្ស៊ី។ មានការបារម្ភ​កាន់តែខ្លាំងឡើង អំពី​បញ្ហា​តៃវ៉ាន់ និង​តំបន់សមុទ្រចិនខាងត្បូង ដែលចិនមានបំណងដណ្តើម​កាន់កាប់​។

ទាហានចិន ដើរហាត់សមនៅក្បែរច្រកចូល​​ វាំងចាស់ the Forbidden City ក្រុងប៉េកាំង ថ្ងៃទី ៥ មីនា ២០២២
ទាហានចិន ដើរហាត់សមនៅក្បែរច្រកចូល​​ វាំងចាស់ the Forbidden City ក្រុងប៉េកាំង ថ្ងៃទី ៥ មីនា ២០២២ AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

នៅពេល​បើក​សម័យប្រជុំប្រចាំឆ្នាំ នៃសភាប្រជាមានិតចិន នៅថ្ងៃសៅរ៍ទី​៥មីនា រដ្ឋមន្ត្រីហិរញ្ញវត្ថុចិន​បានប្រកាសថា ថវិកាចំណាយ​ផ្នែក​កងទ័ព នឹងត្រូវដំឡើងចំនួន ៧.១% នៅក្នុងឆ្នាំ​២០២២។ ពោលគឺមានចំនួន​សរុប ប្រមាណ ១៤៥០ពាន់លានយាន់ ឬស្មើនឹង ២៣០ពាន់លានដុល្លារអាមេរិក។

គួរកត់សំគាល់ថា ថវិកាកងទ័ពចិន បានកើនឡើងជាលំដាប់ ដោយនៅឆ្នាំ​២០១៩ បានឡើងខ្ពស់​បំផុត ដល់ទៅ៧.៥% ហើយនៅឆ្នាំទៅមិញ បានឡើងចំនួន ៦.៨%។ ជាមួយ​នឹងកញ្ចប់ថវិកានេះ ចិន​គឺជាប្រទេសធំជាងគេ​ទី​២ ដែលចំណាយ​ច្រើនជាងគេផ្នែកកងទ័ព បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានថវិកាចំណាយ​ប្រមាណ ៧៤០ពាន់លានដុល្លារក្នុង​​ឆ្នាំ​២០២២។ ជាងនេះទៀត ការដំឡើងថវិកា​ផ្នែកកងទ័ពចិននេះ គឺវាមានលើសខ្លាំង ពី​ចំណូលដុល​ក្នុងស្រុក​ ដែល​​លោក​នាយក​រដ្ឋមន្ត្រី​ លី កឺឈាំង បាន​ព្យាករណ៍ថាមាន​ចំនួន ប្រមាណ​​៥.៥% ក្នុងឆ្នាំ​២០២២នេះ។

គួរបញ្ជាក់ដែរថា ការដំឡើងថវិកាកងទ័ពចិននៅពេលនេះ គឺជួនចំពេល ដែលពិភពលោកកំពុងឈានចូល​ដល់ដំណាល់​កាលគ្រោះថ្នាក់ ផ្នែកសន្តិសុខ បន្ទាប់​ពីរុស្ស៊ីបាន​លើកទ័ពទៅឈ្លានពានអ៊ុយក្រែន ដែលជាសម្ព័ន្ធមិត្តរបស់​ក្រុម​ប្រទេសលោកខាងលិច។​ ចិន បាន​បង្ហាញជំហរគាំទ្រ លោក​ពូទីន និង​បានចូលរួម​រិះគន់អាមេរិក ថាបាន​ប្រើ​គោលនយោបាយ​បង្កបញ្ហា មិនថានៅ​អឺរ៉ុប ឬនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។​

ក្រោយ​ការធ្វើសង្គ្រាម​ឈ្លានពានអ៊ុយក្រែន ពីសំណាក់រុស្ស៊ី ការព្រួយបារម្ភមួយទៀត កាន់តែផុសផុលឡើង នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ទាក់ទិននឹងសំណុំរឿងតៃវ៉ាន់ ព្រមទាំងបញ្ហាសមុទ្រចិនខាងត្បូង ដែលចិនចង់ច្ប៉ាមដណ្តើមយកមកកាន់កាប់ទាំងស្រុង។ កាលពីខែកុម្ភៈកន្លងទៅ លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង បាន​បញ្ជាទៅកាន់កងទ័ពឲ្យហ្វឹកហាត់សម ដើម្បីត្រៀមបើកការប្រយុទ្ធ និង​បង្កើនសមត្ថភាព​ទប់ទល់​ផ្នែក​បច្ចេកវិទ្យាព័ត៌មានវិទ្យា។​

យោងតាមលោក James Char សាស្ត្រាចារ្យជំនាញ​ការពារជាតិ នៅសកលវិទ្យាល័យណានយ៉ាងសិង្ហបុរី គឺកងទ័ពចិន កំពុងតែប្រឹងប្រែងធ្វើទំនើបកម្ម សមត្ថភាពបច្ចេកវិទ្យា លើគ្រឿងសព្វាវុធរបស់ខ្លួនទាំងអស់ ដើម្បីឲ្យទាន់ និងអាចលើស​សហរដ្ឋអាមេរិក។ កាលពីឆ្នាំ​មុន យោងតាម​ក្រសួង​ការពារជាតិ​អាេមរិក ចិនបាន​បង្ហោះសាក​ល្បង យានមួយ ប្រភេទ planeur hypersonique​ ដែលបានហោះជុំវិញផែន​ដី ក្នុងល្បឿនយ៉ាងលឿន ប្រមាណ៦០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ក្នុងពេលហោះ យាននេះបានទាំងបាញ់សាកល្បងគ្រាប់​មួយថែមទៀតផង ដែលបានធ្វើឲ្យ ក្រសួងការពារជាតិ​អាមេរិក មានការភ្ញាក់ផ្អើល ព្រោះថាអាមេរិកមិនទាន់មាន​បច្ចេកវិទ្យា​ប្រភេទនេះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ