អានតួអត្ថបទ
ចិន-អាមេរិក-តៃវ៉ាន់

នាវា​​ដឹក​​យន្តហោះ​ចិន​​បើក​​កាត់​​ច្រក​​សមុទ្រ​​តៃវ៉ាន់​​មុន​​ជំនួប​​លោក​​បៃដិន​​និង​​លោក​ស៊ី

នាវា​ដឹក​យន្តហោះ​របស់​ចិន​មួយ​គ្រឿង​បាន​បើក​ឆ្លង​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​ថ្ងៃ​សុក្រ​ ទី១៨​មីនា​ ឆ្នាំ២០២២​។ ក្រសួង​ការពារជាតិ​តៃវ៉ាន់​និយាយថា​ហេតុការណ៍នេះ​បាន​កើត​ឡើងតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ មុន​ជំនួប​តាម​ទូរសព្ទ​រវាង​លោកចូ បៃដិន​ និង​លោកស៊ី ជីនពីង​។

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១២ នាវា Liaoning ដែលជានាវាដឹកយន្តហោះដំបូងរបស់ចិន បានធ្វើដំណើរលើសមុទ្រក្បែរទីក្រុងកំពង់ផែ Qingdao ក្នុងខេត្ត Shandong ភាគខាងកើតប្រទេសចិន។
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១២ នាវា Liaoning ដែលជានាវាដឹកយន្តហោះដំបូងរបស់ចិន បានធ្វើដំណើរលើសមុទ្រក្បែរទីក្រុងកំពង់ផែ Qingdao ក្នុងខេត្ត Shandong ភាគខាងកើតប្រទេសចិន។ AP
ផ្សាយពាណិជ្ជកម្ម

ក្នុងពេល​ដែល​ពិភពលោក​កំពុង​ព្រួយ​បារម្ភខ្លាំង​ពី​បញ្ហា​អ៊ុយក្រែន ​ចិន​បាន​បញ្ជូន​នាវា​ផ្ទុកយន្តហោះ​មួយគ្រឿង​ទៅ​កាន់​ច្រក​សមុទ្រ​តៃវ៉ាន់​។ ច្រក​សមុទ្រតៃវ៉ាន់​ដែល​ជា​ចំណុច​ខណ្ឌ​ចែក​រវាង​ចិន​ដី​គោក​និង​កោះ​តៃវ៉ាន់​ និងជាផ្លូវ​ទឹក​អន្តរជាតិ​ដ៏​ចម្រូង​ចម្រាសបំផុត​មួយ​។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ផ្ញើទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP​ ក្រសួង​ការពារជាតិ​តៃវ៉ាន់​បញ្ជាក់​ថា​នាវា​ដឹកយន្តហោះមួយ​គ្រឿង​របស់​ចិន​ឈ្មោះ​ថា​ Shandong បាន​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។

តាមរយៈ​សេចក្តី​ថ្លែងការណ៍​ដដែលនេះ​ ទីក្រុងតៃប៉ិ​បាន​សង្កត់ធ្ងន់ទៀតថា​ខ្លួន​បាន​តាមដាន​និង​ដឹង​ទាំងអស់នូវ​រាល់​ប្រតិបត្តិការ​យន្តហោះចម្បាំង​និងនាវា​ដឹក​យន្តហោះ​របស់ចិន​នៅជុំវិញ​ច្រក​សមុទ្រតៃវ៉ាន់​។ នាវាដឹកយន្តហោះចិន​បាន​បើកកាត់​ផ្លូវទឹក​ដ៏រស៊ើបនេះ​ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុនការ​ចាប់​ផ្តើម​នៃ​ជំនួបសន្ទនា​តាម​ទូរសព្ទ​រវាងលោកចូ បៃដិន និងលោក​ស៊ី ជីនពីង​។

គួរបញ្ជាក់ថា​ជំនួប​តាម​ទូរសព្ទ​ដែល​ផ្តោត​ជាពិសេស​លើបញ្ហាអ៊ុយក្រែន​រវាង​លោក បៃដិន ជាមួយ​សមភាគីចិន​លោក ស៊ី​ បាន​ចាប់ផ្តើម​នៅថ្ងៃ​សុក្រម្សិលមិញ​នា​វេលាម៉ោង​ ៩ព្រឹក ម៉ោង​ក្នុងទីក្រុងវ៉ាស៊ីនតោន​ឬស្មើនឹងម៉ោង​ ៨យប់​នៅ​កម្ពុជា​។

អ្នកវិភាគ​លើកឡើងថា​ការ​បរ​កាត់ច្រ​កសមុទ្រ​តៃវ៉ាន់​ពី​សំណាក់​នាវា​ចិន​មុន​ជំនួប​រវាងលោក​បៃដិននិង​លោកស៊ីនេះ​មិនមែនជារឿង​ចៃដន្យ​ឡើយ​។ កាលពីចុងឆ្នាំ ២០២០​ ប៉េកាំងក៏​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ទៅ​កាន់​ច្រក​សមុទ្រ​តៃវ៉ាន់​ដែរ​ នៅមួយ​ថ្ងៃ​ក្រោយ​នាវាចម្បាំង​អាមេរិក​បើក​ឆ្លងកាត់​ទីនោះ​។ នៅក្នុង​ឆ្នាំ ២០១៩​ ប៉ុន្មាន​សប្តាហ៍​មុនការ​បោះឆ្នោតនៅតៃវ៉ាន់ នាវា Shandong​ របស់​ចិន​ក៏បាន​បរឆ្លងកាត់​ច្រកសមុទ្រ​តៃវ៉ាន់​ដែរ​។

គួរជ្រាបដែរ​ថា​ រដ្ឋបាល​អាមេរិក​របស់​លោកចូ បៃដិន​បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ទីក្រុង​តៃប៉ិ​។ មកទល់ពេលនេះ​ វ៉ាស៊ីនតោន​បាន​អនុម័ត​កិច្ចព្រមព្រៀងលក់អាវុធយ៉ាងហោចណាស់ក៏​ពីរដែរ​ដល់តៃប៉ិ​ដើម្បីគាំទ្រប្រព័ន្ធការពារដែនអាកាស​និងប្រព័ន្ធខែលការពារ​មីស៊ីល​របស់តៃវ៉ាន់​។

ចំណាត់ការ​របស់​អាមេរិក​ខាងលើ​បាន​ធ្វើឲ្យ​ចិន​ខឹងក្តៅ​ត្រចៀក​ជាខ្លាំង​។ ចិន​បាន​និយាយថា​ទង្វើ​របស់​រដ្ឋបាល​លោកបៃដិន​នេះ​ធ្វើខូច​ទំនាក់អាមេរិក​-ចិន​​ខ្លាំងណាស់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ