អានតួអត្ថបទ
ឥណ្ឌា-រុស្ស៊ី-សង្គ្រាម​អ៊ុយក្រែន

ឥណ្ឌា​ហ៊ាន​ទិញ​ប្រេង​របស់​រុស្ស៊ី ធ្វើឲ្យ​​អាមេរិក​​សង្កៀត​ធ្មេញ

បច្ចុប្បន្ននេះ​ រុស្ស៊ីកំពុងរងទណ្ឌកម្មសេដ្ឋកិច្ច​ ពីសំណាក់ក្រុមប្រទេសលោកខាងលិច ដែលធ្វើឲ្យ​រុស្ស៊ី មានការលំបាក មិនអាច​​លក់​ប្រេងបានដោយ​ងាយស្រួលឡើយ។ តែយ៉ាងណា ជាមួយ​នឹងតម្លៃដែលរុស្ស៊ីឡៃឡុងបញ្ចុះថោក ឥណ្ឌាបានសម្រេចចិត្ត​ទិញប្រេងរុស្ស៊ី ដល់ទៅ​៥លានធុងបារីល​។ បើទោះបី​ វាជាសិទ្ធិរបស់ឥណ្ឌាមែន តែដំណឹងនេះ បានធ្វើ​ឲ្យ​សហរដ្ឋអាមេរិក សង្កៀតធ្មេញខឹងឥណ្ឌាមិនតិចទេ។ ជាងនេះទៀត ឥណ្ឌាក៏មិនបានប្រកាសជំហរ ថ្កោលទោសរុស្ស៊ី​ ដែលធ្វើសង្គ្រាម​ឈ្លានពានអ៊ុយក្រែនដែរ។

លោកពូទីន និង​លោក ណារិន្ទ្រ ម៉ូឌី ចាប់ដៃស្វាគមន៍គ្នាយ៉ាង​ល្អូកល្អឺន ក្នុងពេលជួបគ្នា នៅក្រុងញូដេលី ថ្ងៃទី ៦ ធ្នូ ២០២១
លោកពូទីន និង​លោក ណារិន្ទ្រ ម៉ូឌី ចាប់ដៃស្វាគមន៍គ្នាយ៉ាង​ល្អូកល្អឺន ក្នុងពេលជួបគ្នា នៅក្រុងញូដេលី ថ្ងៃទី ៦ ធ្នូ ២០២១ AP - Manish Swarup
ផ្សាយពាណិជ្ជកម្ម

គិត​ចាប់ពីដើមខែមីនានេះមក ឥណ្ឌាបានទិញប្រេងឆៅពីរុស្ស៊ី ចំនួន​ ៣៦ម៉ឺនធុងបារីល  រួចហើយ។ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នានៅឆ្នាំ​២០២១ គឺចំនួន​ប្រេងដែលឥណ្ឌាទិញពីរុស្ស៊ីបាន​កើនមួយ​គុណជា​៤។ ជាសរុប នៅសប្តាហ៍នេះ ក្រុមហ៊ុន​ Indian Oil Corporation និង Hindustan Petroleum Corporation បានកក់ប្រេងរុស្ស៊ីទុក ចំនួន​ដល់ទៅ​៥លានធុងបារីល។ តម្លៃដែលរុស្ស៊ីលក់ចេញ គឺថោក​ខ្លាំងណាស់ គឺត្រឹមតែ​២៥ដុល្លារប៉ុណ្ណោះ ក្នុង​មួយធុងបារីស ខណៈតម្លៃលើទីផ្សារ គឺជាង​១០០ដុល្លារឯណោះ។

គួរបញ្ជាក់ថា តម្លៃប្រេងលើទីផ្សារអន្តរជាតិ បានឡើងថ្លៃខ្លាំងណាស់ បន្ទាប់ពី​ក្រុមប្រទេស​លោកខាងលិច បានដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចលើរុស្ស៊ី។ រុស្ស៊ីគឺជាប្រទេសនាំប្រេងចេញ ធំជាងគេលំដាប់ទី២។ តម្លៃប្រេងឥន្ធនៈឡើងថ្លៃ កំពុងតែធ្វើឲ្យរដ្ឋាភិបាលឥណ្ឌាប្រឈម និង​ការរិះគន់តវ៉ាខ្លាំងណាស់ នាពេលបច្ចុប្បន្ននេះ។

ដោយឡែក លោកស្រី Lydia Powell អ្នកជំនាញថាមពល នៅ Observer Research Foundation នៅក្រុងញូដេលី បាន​លើកឡើងថា ឥណ្ឌាទិញប្រេងរុស្ស៊ីនាពេលនេះ គឺវាជាកាយវិការនយោបាយ ច្រើនជាង​ការឆក់ឱកាស ដែល​ប្រេងរុស្ស៊ីមានតម្លៃថោកខ្លាំង។ ជាការពិត តម្លៃប្រេងលើទីផ្សារ​បានឡើងថ្លៃខ្លាំង ធ្វើឲ្យ​ប៉ះពាល់ជញ្ជីងពាណិជ្ជកម្មរបស់ឥណ្ឌាមែន តែ​២០ឆ្នាំកន្លងមកនេះ ឥណ្ឌា​ទិញប្រេងភាគច្រើនតែពី​ប្រទេសដើម​បូព៌ាប៉ុណ្ណោះ។ យ៉ាងណាមិញ ភាគច្រើន នៃ​រោងចក្រចំរាញ់​ប្រេងនៅឥណ្ឌា គឺមិនអាចចំរាញ់​ប្រភេទប្រេងឆៅរបស់​រុស្ស៊ីឡើយ​។ ដូច្នេះ ការដែល​ឥណ្ឌា សម្រេចទិញប្រេងរុស្ស៊ីនាពេលនេះ គឺវាកាយវិការ​ដែលឥណ្ឌាចង់ជួយ​រុស្ស៊ី ព្រោះថាឥណ្ឌា ក៏ពឹងខ្លាំងណាស់ដែរ ទៅលើគ្រឿងសព្វាវុធរបស់រុស្ស៊ី។

គួរកត់សំគាល់ថា បន្ទាប់ពីរុស្ស៊ី​បាន​ធ្វើ​សង្គ្រាម​ឈ្លានពានអ៊ុយក្រែន ឥណ្ឌាបានបដិសេធមិនថ្កោលទោសរុស្ស៊ី ហើយបាន​បោះឆ្នោតអនុប្បវាទ លើសេចក្តីសម្រេចចិត្តរបស់អង្គការ​សហប្រជាជាតិ ដែល​​ថ្កោល​ទោសរុស្ស៊ី ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ឥណ្ឌាបានបដិសេធ មិនចូលរួម​នៅក្នុងទណ្ឌកម្ម​ ដែល​ក្រុម​ប្រទេសលោកខាងលិខ ដាក់ទៅលើរុស្ស៊ីទេ ដោយអះអាងថាវា​ជាសិទ្ធិខ្លួន ក្នុងការបន្តធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី។

ទោះយ៉ាងណា លោកស្រី ជែន សាគី អ្នកនាំពាក្យ​សេតវិមាន បាន​លើកឡើងថា ការដែល​ឥណ្ឌាទិញប្រេងរុស្ស៊ី គឺវាមិនបានបំពានអ្វីនឹងទណ្ឌកម្មរបស់អាមេរិកមែន។  ក៏ប៉ុន្តែ​អាមេរិក សូមរំលឹក​ប្រាក់ឥណ្ឌាថា ប្រវត្តិសាស្ត្រនឹងចារិកទុក ចងចាំជានិច្ច ថាឥណ្ឌាបានឈរនៅខាងណា នៅក្នុង​រឿងរ៉ាង​សង្គ្រាម​នៅអ៊ុយក្រែននេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ