អានតួអត្ថបទ
កូរ៉េខាងជើង-មីស៊ីល

កូរ៉េខាងជើងបន្តបាញ់សាកល្បងមីស៊ីល ប៉ុន្មានថ្ងៃក្រោយបរាជ័យការបាញ់ “មីស៊ីលយក្ស”

យោធា​កូរ៉េខាងត្បូង​បាន​ចោទ​កូរ៉េខាងជើង​ថា នៅតែបន្តផ្គើនបាញ់​សាកល្បង​មីស៊ីលជាថ្មីម្តងទៀតនៅព្រឹក​​ថ្ងៃអាទិត្យទី២០មីនានេះ។ រាប់ចាប់តាំងពីដើម​ឆ្នាំ​២០២២មក កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល១១លើកហើយ បន្ទាប់ពីបានបរាជ័យ​ការបាញ់សាកល្បងលើកទី១០ ដែលអ្នកវិភាគថា​ អាចជា​​មីស៊ីល​បាលីស្ទីក​អន្តរទ្វីប (ICBM) ឬ “មីស៊ីលយក្ស” ។

កូរ៉េខាងជើងបន្តបាញ់សាកល្បងមីស៊ីល (រូបតំណាង)
កូរ៉េខាងជើងបន្តបាញ់សាកល្បងមីស៊ីល (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

យោធាកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា កូរ៉េខាងជើងបានធ្វើតេស្តសាកល្បង​ម៉ីសីល​មួយលើកទៀតនៅព្រឹកថ្ងៃអាទិត្យទី​២០មីនា ខណៈភាពតានតឹងបន្តកើតមានយ៉ាងក្តៅគគុក​​នៅក្នុងតំបន់។ និងដោយបន្តថាកូរ៉េខាងត្បូង ​​កំពុង​ត្រៀមខ្លួននិងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះ​ការអភិវឌ្ឍមីស៊ីលរបស់កូរ៉េខាងជើងដែរ។

តាម​ប្រភពរបស់​ទីភ្នាក់ងារ​​ព័ត៌មានកូរ៉េខាងត្បូង Yonhap ដោយ​មិនបញ្ចេញអត្តសញ្ញាណ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ដែលសង្ស័យថាជាប្រភេទ​មីស៊ីលរយៈចម្ងាយខ្លី ចំនួន​៤គ្រាប់ ចេញពីខេត្ត Pyongan នាវេលាម៉ោង​៧និង២០នាទីព្រឹក (ថ្ងៃទី​២០មីនា)។

ការបាញ់សាកល្បងមីស៊ីល​​នៅ​ថ្ងៃអាទិត្យនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើង​ បានធ្វើតេស្តសាកល្បង​មីស៊ីល​លើកទី​១០របស់ខ្លួន​នៅ​​ពីថ្ងៃទី​១៦មីនា ​ដែលសង្ស័យថាបានបរាជ័យ។ ការបាញ់តេស្តមីស៊ីល​សាកល្បង​​លើកទី១០របស់កូរ៉េខាងជើងនោះ​​​ ត្រូវបានអ្នកវិភាគថា ​ជាប្រភេទមីស៊ីលបាលីស្ទីកអន្តរទ្វីប (ICBM) និងដែលត្រូវបានគេប្រសិទ្ធនាមថា “មីស៊ីលយក្ស”។ បើ​តាម​ការ​វិភាគ​របស់​អ្នក​ស្រាវជ្រាវបង្គោល​​នៃ​វិទ្យាសា្ថន​ឯកជន​ Sejong​ កូរ៉េខាង​ជើង​ចង់​មាន​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ ដែល​អាច​ពាំ​​គ្រាប់​ច្រើន​បែបនេះ​ តាំងពី​យូរ​មក​ហើយ ហើយការបាញ់សាកល្បងលើកទី​១០របស់កូរ៉េខាងជើង​​ទំនង​ជា​បាញ់​សាកល្បង​មីស៊ីល Hwasong-១៧​។ 

គួរជម្រាបថា ភ្លាមៗក្រោយ​លេចលឺថាកូរ៉េខាងជើងនៅតែបន្តបាញ់​សាកល្បងមីស៊ីលនេះ​​ ​​ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បាន​បើកកិច្ចប្រជុំបន្ទាន់មួយនិងបានហៅ​ការត្រៀមជើងការតឹងរ៉ឹង ដើម្បីការពារ​សន្តិសុខជាតិ ក្នុងអំឡុងពេលអន្តរកាលនៃការ​ផ្លាស់ប្តូរប្រធានាធិបតីថ្មី។ លោក​ Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង​ដែលទើបនឹង​ជាប់ឆ្នោតត្រូវចូលកាន់តំណែងនៅថ្ងៃទី១០ឧសភាខាងមុខ​ បន្ទាប់ពីបានឈ្នះការបោះឆ្នោតកាលពី​ថ្ងៃទី៩​មីនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ