អានតួអត្ថបទ
ប៉ាគីស្ថាន-នយោបាយ

ប៉ាគីស្ថាន៖នាយករដ្ឋមន្រ្តីរួចផុតពីញត្តិដកសេចក្តីទុកចិត្ត ហើយប្រធានាធិបតីរំលាយសភា

នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន នាយករដ្ឋមន្រ្តី​លោក​អ៊ីមរ៉ាន់ ខាន់​បាន​រួច​ផុត​ពី​ញត្តិ​ដក​សេចក្តីទុកចិត្ត​របស់​ក្រុម​គណបក្សប្រឆាំង​នៅ​ក្នុង​សភា។ ចំណែក​ប្រធានាធិបតី​លោក​អាហ្វៀរ អាល់វី​បាន​ប្រកាស​រំលាយ​សភា​តាម​សំណើ​របស់​លោក​អ៊ីមរ៉ាន់ ខាន់។ គួរ​បញ្ជាក់​ថា ញត្តិ​ដក​សេចក្តីទុកចិត្ត​របស់​ក្រុម​គណបក្សប្រឆាំង​បាន​ធ្វើ​ឡើង ក្រោយ​ពី​គណបក្ស​កាន់អំណាច​របស់​លោក​អ៊ីមរ៉ាន់ ខាន់​បាន​បាត់បង់​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា។ ក្រុម​គណបក្សប្រឆាំង​បាន​ចោទ​នាយករដ្ឋមន្រ្តី​ពី​បទ​គ្រប់គ្រង​សេដ្ឋកិច្ច​មិន​បាន​ល្អ និង​មាន​ភាព​ឆ្គង​នៅ​ក្នុង​នយោបាយ​ការបរទេស។

នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន លោក​អ៊ីមរ៉ាន់ ខាន់
នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន លោក​អ៊ីមរ៉ាន់ ខាន់ REUTERS - SAIYNA BASHIR
ផ្សាយពាណិជ្ជកម្ម

ការ​រួច​ផុត​ពី​ញត្តិ​ដក​សេចក្តីទុកចិត្ត​របស់​លោក​អ៊ីមរ៉ាន់ ខាន់​មិនមែន​ដោយសារ​សភា​បោះឆ្នោត​ប្រឆាំង​ទេ តែ​មក​ពី​អនុប្រធាន​សភា​លោក​កាស៊ីម ស៊ូរី​មិន​បាន​ដាក់​ញត្តិ​ដក​សេចក្តីទុកចិត្ត​នោះ​ឲ្យ​សភា​បោះឆ្នោត។ លោក​កាស៊ីម ស៊ូរី​ដែល​ជា​មនុស្ស​ជំនិត​ម្នាក់​របស់​លោក​អ៊ីមរ៉ាន់ ខាន់​បាន​យល់​ឃើញ​ថា ញត្តិ​ដក​សេចក្តីទុកចិត្ត​ស្នើ​ឡើង​ដោយ​ក្រុម​គណបក្សប្រឆាំង​ផ្ទុយ​នឹង​ច្បាប់រដ្ឋធម្មនុញ្ញ និង​បាន​ផ្ចុងផ្តើម​ឡើង​ដោយ​ក្រុម​មហាអំណាច​បរទេស។ នៅ​ប៉ុន្មាន​នាទី​ក្រោយ​រួច​ផុត​ពី​ញត្តិ​ដក​សេចក្តីទុកចិត្ត លោក​អ៊ីមរ៉ាន់ ខាន់​បាន​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ដោយ​ស្នើ​ប្រធានាធិបតី​លោក​អាហ្វៀរ អាល់វី​ឲ្យ​រំលាយ​សភា និង​រៀបចំ​បោះឆ្នោត​សភា​មុន​អាណត្តិ។

សំណើ​ត្រូវ​បាន​ប្រធានាធិបតី​យល់ព្រម​ដោយ​គ្មាន​រារែក។ ការ​រំលាយសភា​នេះ​នឹង​តម្រូវ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​សភា​មុន​អាណត្តិ​ក្នុង​រយៈពេល ៩០ថ្ងៃ​ខាង​មុខ។ គួរ​បញ្ជាក់​ថា​នា​សប្តាហ៍​កន្លង​ទៅ គណបក្ស​កាន់អំណាច​របស់​លោក​អ៊ីមរ៉ាន់ ខាន់​បាន​បាត់បង់​សំឡេង​ភាគ​ច្រើន​នៅ​សភា​ដោយ​មាន​គណបក្សដៃគូ​មួយ​បាន​ប្រកាស​ថា មាន​អ្នកតំណាងរាស្រ្ត​របស់​ខ្លួន​ចំនួន ៧រូប​នឹង​បោះឆ្នោត​ជាមួយ​ក្រុម​ប្រឆាំង។ ទន្ទឹម​គ្នា​នេះ មាន​អ្នកតំណាងរាស្រ្ត​ជាង ១២នាក់​របស់​គណបក្ស​កាន់​អំណាច​បាន​រត់​ទៅ​ចុះ​ចូល​ជាមួយ​គណបក្សប្រឆាំង។

លោក​អ៊ីមរ៉ាន់ ខាន់​ធ្លាប់​បាន​ចោទ​ក្រុមប្រឆាំង​ជា​ចោរ កំសាក និង​ប្រើ​គ្រប់​ឧបាយកល​ដើម្បី​ប្រឆាំង​លោក។ ទន្ទឹម​គ្នា​នេះ លោក​អ៊ីមរ៉ាន់ ខាន់​បាន​ចោទ​អាមេរិក​ពី​បទ​លូកដៃ​កកូរកកាយ​រឿង​ផ្ទៃក្នុង​របស់​ប៉ាគីស្ថាន។ តាម​កាសែត​ក្នុង​ស្រុក លោក​អ៊ីមរ៉ាន់ ខាន់​បាន​ទទួល​របាយការណ៍​មួយ​ពី​ឯកអគ្គរដ្ឋទូត​ប៉ាគីស្ថាន​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន។ នៅ​ក្នុង​របាយការណ៍​នោះ មន្រ្តីជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ប្រាប់​រូប​ឯកអគ្គរដ្ឋទូត​ប៉ាគីស្ថាន​ថា ទំនាក់ទំនង​រវាង​អាមេរិក និង​ប៉ាគីស្ថាន​នឹង​ប្រសើរ​ឡើង បើ​លោក​អ៊ីមរ៉ាន់ ខាន់​ចុះ​ចេញ​ពី​តំណែង។ តែ​រដ្ឋបាល​អាមេរិក​បាន​បដិសេធ​លើ​សម្តី​នេះ។

តាម​លោក​អ៊ីមរ៉ាន់ ខាន់ អាមេរិក​មិន​សប្បាយចិត្ត​ដែល​ឃើញ​លោក​មាន​ជំហរ​មិន​ដូច​អាមេរិក​ទាក់ទង​នឹង​រុស្ស៊ី និង​ចិន។ ដោយឡែក អ្នកវិភាគ​ខ្លះ​បាន​មើល​ឃើញ​ថា លោក​អ៊ីមរ៉ាន់ ខាន់​ក៏​បាន​បាត់បង់​ការ​គាំទ្រ​ពី​កងទ័ព​ដែល​ជា​តួអង្គសំខាន់​នៅ​ក្នុង​នយោបាយ​ប៉ាគីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ