អានតួអត្ថបទ
កូរ៉េខាងជើង-អាមេរិក

មន្ត្រី​ការទូត​អាមេរិក លើកឡើង​ថាថ្ងៃ​ទី​១៥​មេសា កូរ៉េ​ខាងជើង​អាចនឹង​សាក​អាវុធ​នុយក្លេអ៊ែរ​ធុន​ធំ

មន្ត្រីក្រសួងការបរទេសអាមេរិក ទទួលបន្ទុក​កិច្ចការកូរ៉េខាងជើង បាន​លើកឡើងថា កូរ៉េខាងជើង មិនខ្វក់យកចិត្តទុកដាក់ នឹងការប្រឹងប្រែងរកផ្លូវចរចា ដែលអាមេរិកបាន​ព្យាយាម​នោះទេ។ ផ្ទុយទៅវិញ របបផ្តាច់ការនេះ កំពុងតែត្រៀមសាកអាវុធនុយក្លេអ៊ែរធុនធំ​ ថ្មីមួយទៀត នៅរវាងពាក់​កណ្តាលខែមេសានេះ។ យោងតាមអ្នកជំនាញនេះ កូរ៉េខាងជើង អាចនឹងយក​ថ្ងៃទី​១៥មេសា ដែលជាថ្ងៃខួបគម្រប់​១១០ឆ្នាំ នៃកំណើតរបស់ គីម អ៊ីលស៊ុង ធ្វើជាថ្ងៃបង្ហាញ បង្អួតសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួន​។

មេដឹកនាំផ្តាច់ការ​កូរ៉េខាងជើង គីម ជុងអ៊ុន កំពុងនិយាយទៅកាន់​​មន្ត្រី​ក្រោម​ឱវាទ។ រូបថតផ្តល់ឲ្យ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានផ្លូវការ​កូរ៉េខាងជើង ថ្ងៃទី ៣មេសា ២០២២
មេដឹកនាំផ្តាច់ការ​កូរ៉េខាងជើង គីម ជុងអ៊ុន កំពុងនិយាយទៅកាន់​​មន្ត្រី​ក្រោម​ឱវាទ។ រូបថតផ្តល់ឲ្យ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានផ្លូវការ​កូរ៉េខាងជើង ថ្ងៃទី ៣មេសា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

លោក ស៊ុង គីម មន្ត្រីក្រសួងការបរទេសអាេមរិក ទទួលបន្ទុកសំណុំរឿងកូរ៉េខាងជើង បាន​លើកឡើងថា កូរ៉េខាងជើង កំពុងត្រៀមធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរធុនធំមួយ នៅថ្ងៃទី​១៥មេសាខាងមុខ។ ថ្ងៃ១៥មេសា​ ជាថ្ងៃខួបគម្រប់​១១០ឆ្នាំ របស់​បិតារបប​ផ្តាច់ការកូរ៉េខាងជើង គីម អ៊ីលស៊ុង។

គួររំលឹកថា កូរ៉េខាងជើងបាន​ធ្វើតេស្តបាញ់អាវុធនុយក្លេអ៊ែរ តាំងតែពីឆ្នាំ​២០០៦មក រហូតដល់ឆ្នាំ​២០១៧ មុននឹងផ្អាក ដើម្បី​បើក​ផ្លូវចរចាជាមួយ​រដ្ឋាភិបាល​លោកដូណាល់ ត្រាំ។ ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះ ក្រសួងការបរទេសអាមេរិកអះអាងថា កូរ៉េខាងជើង បានបង្ហាញជំហរ មិនស្តាប់ មិន​ខ្វល់ ចំពោះការបោះដៃ​ហុចពីអាមេរិក ដើម្បីចរចាទេ។ ផ្ទុយទៅវិញ កូរ៉េខាងជើងបានធ្វើតេស្តបាញ់បង្ហោះអាវុធកាន់តែញឹក នោះដើមឆ្នាំ​២០២២នេះ។

លោក ស៊ុង គីម បានប្រាប់អ្នកកាសែតថា កូរ៉េខាងជើង មិនព្រមឆ្លើយអ្វីទាំងអស់ ចំពោះសារដែលភាគីអាមេរិកបានផ្ញើទៅ ដើម្បីហៅឲ្យ​ជួបចរចាគ្នា ដោយ​គ្មានកំណត់លក្ខខណ្ឌបឋមនោះទេ។ នេះគឺជារឿងមួយគួរឲ្យសោកស្តាយ​ខ្លាំងណាស់។​ បាន​បន្ថែមថា ជាងនេះទៀត ទាំងចិន ទាំងរុស្ស៊ី គ្មាននរណាចូលរួមជួយ ដើម្បីជំរុញឲ្យ​កូរ៉េខាងជើងងាកមករកផ្លូវចរចា ជាមួយអាមេរិកឡើុយ។

គួរបញ្ជាក់ថា គិតចាប់ពីលោកចូ បៃដិន បានចូលកាន់អំណាច កូរ៉េខាងជើង បានសាក​ល្បងមីស៊ីល ចំនួន​១៣លើក ក្នុងនោះមាន​គឺមាន​អាវុធមីស៊ីលបាលីស្ទីក ដែលអាចបំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ថែមទៀតផង។ លោក​ប្រធានាធិបតីថ្មីរបស់​កូរ៉េខាងត្បូង ធ្លាប់បានអះអាងថា ចង់បើក​ការវាយ​ប្រហារលើកូរ៉េខាងជើងឲ្យ​បាន​មុន ដើម្បី​ផ្តួលរំលំរបបផ្តាច់ការនេះ។ ក៏ប៉ុន្តែ កាលពីថ្ងៃអង្គារ គីម យ៉ូជុង ប្អូនស្រីរបស់​គីម ជុងអ៊ុន បាន​ប្រកាសគំរាម​ថា កូរ៉េខាងជើង នឹងប្រើអាវុធនុយក្លេអ៊ែរ ដើម្បី​កម្ទេច​កងទ័ពកូរ៉េខាងត្បូង ប្រសិន​បើកូរ៉េខាងត្បូង ហ៊ានតែបើកការវាយ​ប្រហារមុន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ