អានតួអត្ថបទ
អាមេរិក-តៃវ៉ាន់

សមាជិកព្រឹទ្ធសភាអាមេរិកទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ទោះមានការព្រមានពីចិន

សមាជិកព្រឹទ្ធសភា​អាមេរិក​មួយក្រុម​បាន​ធ្វើ​ដំណើរ​ទៅដល់​តៃវ៉ាន់ នៅថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​ដំណើរទស្សនកិច្ច​រយៈពេល​ពីរថ្ងៃ ដែលស្ថានតំណាង​អាមេរិក​ប្រចាំទីក្រុង​តៃប៉ិ​បាន​ឲ្យដឹង​ថា ដើម្បី​ជជែក​អំពី​ទំនាក់ទំនង​ទ្វេភាគី​ អាមេរិក-តៃវ៉ាន់ ក៏ដូចជា អំពី​បញ្ហា​សន្តិសុខ នៅ​ក្នុង​តំបន់។ ដំណើរទស្សនកិច្ច​ដែល​ទទួល​នូវការ​ព្រមាន​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​នឹង​ចាត់វិធានការ​តប​វិញ​ធ្ងន់ធ្ងរ។

លោក Lindsey Graham សមាជិកព្រឹទ្ធសភាអាមេរិក មក​ពី​គណបក្ស​សាធារណរដ្ឋ
លោក Lindsey Graham សមាជិកព្រឹទ្ធសភាអាមេរិក មក​ពី​គណបក្ស​សាធារណរដ្ឋ AP - Alex Brandon
ផ្សាយពាណិជ្ជកម្ម

គណៈប្រតិភូ​សមាជិកព្រឹទ្ធសភា​អាមេរិក ដែល​ទៅបំពេញ​ទស្សនកិច្ច នៅ​តៃវ៉ាន់​នៅពេលនេះ ដឹកនាំ​ដោយឥស្សរជន​ពីររូប គឺ​​លោក Lindsey Graham សមាជិកព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ ដែលគេ​ស្គាល់ជាទូទៅ​ថា​ជា​អ្នក​ដែល​តែងតែ​ប្រកាន់​នូវ​​ជំហរតឹងរ៉ឹង​ចំពោះ​ចិន និង​លោក Bob Menendez មកពី​គណបក្ស​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​គណៈកម្មការ​ទំនាក់ទំនង​អន្តរជាតិ​របស់​ព្រឹទ្ធសភា។

យោងតាម​ក្រសួង​ការបរទេស​តៃវ៉ាន់ នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​ពីរថ្ងៃនេះ គណៈប្រតិភូព្រឹទ្ធសភា​អាមេរិក​នឹងចូលជួប​​លោកស្រី​ប្រធានាធិបតី សៃ អ៊ីងវេន ហើយ​ក៏​នឹង​ជួបផងដែរ​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​មន្រ្តី​ក្រសួង​ការពារជាតិ​តៃវ៉ាន់។

តាំងពី​មុនពេល​ដែល​គណៈប្រតិភូព្រឹទ្ធសភា​អាមេរិក​ទៅដល់​តៃវ៉ាន់ រដ្ឋាភិបាល​ចិន តាមរយៈ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស ​បាន​ព្រមាន​ទុកជាមុន​រួចជាស្រេច​​​ថា ដំណើរទស្សនកិច្ច​នេះ គឺ​ជា​ការ​នាំ​ទៅរក​គន្លងផ្លូវ​មួយ​ដ៏​គ្រោះថ្នាក់ ហើយ​ថា ចិន​នឹង​ចាត់វិធានការ​យ៉ាងខ្លាំងក្លា​តបមកវិញ ដើម្បី​ធ្វើ​យ៉ាងណា​ធានា​នូវ​អធិបតេយភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍​នេះ​ដែរ នៅ​ពេលដែល​គណៈប្រតិភូព្រឹទ្ធសភា​អាមេរិក​ធ្វើ​ដំណើរទៅដល់​តៃវ៉ាន់ គណៈប្រតិភូសភា​មួយ​ផ្សេងទៀត មក​ពី​ស៊ុយអែត ក៏​កំពុងតែ​បំពេញ​ទស្សនកិច្ច នៅតៃវ៉ាន់នោះដែរ ដោយ​សមាជិកសភាមួយរូប​នៅ​ក្នុង​ចំណោម​គណៈប្រតិភូ​ស៊ុយអែត​នោះ​បានប្រាប់​អ្នក​សារព័ត៌មាន​ថា គោលដៅ​ចម្បង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ពួកគេ គឺ​ចង់​បង្ហាញ​អំពី​ការគាំទ្រ​របស់​អឺរ៉ុប​ចំពោះ​តៃវ៉ាន់។

គេ​សង្កេតឃើញ​ថា ចាប់តាំង​ពី​ផ្ទុះសង្គ្រាម​នៅ​អ៊ុយក្រែន​មក ទាំងតៃវ៉ាន់​ផ្ទាល់ខ្លួនឯង និង​ទាំង​ប្រទេស​ដែល​គាំទ្រ​តៃវ៉ាន់ នាំគ្នា​បារម្ភ​ខ្លាច​ចិន​ដើរតាម​គន្លង​របស់​រុស្ស៊ី ហើយ​លើកទ័ព​ចូល​ឈ្លានពាន​ យកតៃវ៉ាន់​មក​ដាក់​បញ្ចូល​ក្នុង​ទឹកដី​ចិន​វិញ។ តៃវ៉ាន់​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​ដោយ​របបនយោបាយ​ដាច់ដោយឡែក​ពីចិន ប្រៀបបាន​នឹង​រដ្ឋឯករាជ្យ​មួយ​អស់រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ ក៏ប៉ុន្តែ ចិន​នៅតែ​ចាត់ទុក​ថា​ជា​ដែនដី​មួយ​របស់ខ្លួន ដោយ​មេដឹកនាំ​ចិន តែងតែ​បាន​សន្យាថា​នឹង​យក​តៃវ៉ាន់​នេះ​មក​ដាក់​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន​វិញ​ឲ្យ​បាន​នៅថ្ងៃណាមួយ ហើយ​អាច​នឹង​ធ្វើ​ដោយ​ប្រើ​កម្លាំងទ័ព ប្រសិនបើ​ចាំបាច់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ