អានតួអត្ថបទ

អងគ្លេស-ឥណ្ឌា ព្រមព្រៀង​គ្នាសហការ​លើវិស័យ​​យុទ្ធសាស្ត្រសន្តិសុខ​និង​ការពារជាតិ

នាយករដ្ឋមន្ត្រី​អង់គ្លេស​ បូរីស ចន​សុន បាន​ប្រកាស​ថា អង់គ្លេស​និង​ឥណ្ឌា  បាន​ចុះកិច្ចព្រមព្រៀង​សហការដៃគូ​ទៅលើ​ផ្អែក​សន្តិសុខ​ និង​ការពារជាតិ។  សេចក្តីថ្លែង​នេះ បាន​ប្រកាស​ចេញ​ពីថ្ងៃសុក្រ​  នៅ​ក្នុង​រដ្ឋធានី​ញូវដេលី  ជាទី​ដែលនាយករដ្ឋមន្ត្រី​អង់គ្លេស​​ ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ចំនួនពីរថ្ងៃ​នៅ​ឥណ្ឌា ។ ក្នុង​ផ្អែក​វិនិយោគវិញ លោក​ បូរីស ចន​សុន បាន​ប្រកាស​ពី​ការ​វិនិយោគទុន​ថ្មីបន្ថែម ក្នុង​ទឹកប្រាក់​១ពាន់​លាន​លីវ្រ  ប្រហែល​១,២ពាន់​លាន​អឺរ៉ូ​  និង​ដែល​​អាច​នឹង​បង្កើត​ការងារធ្វើ​ ចំនួន​ ​១១ ០០០ ការងារ។  ចំពោះវិស័យ​ការពារជាតិវិញ ប្រទេស​ទាំងពីរ​នឹង​អភិវឌ្ឍ​បច្ចេកវិទ្យា​សំខាន់ៗ​សម្រាប់​​ទប់ទល់​នឹង​​ការគំរាម​សន្តិសុខ​សុវត្ថិភាព ដែល នាយករដ្ឋមន្ត្រី​ នរិន្ទ្រា ម៉ូឌី ថ្លែងដោយ​ត្រេកអរ​ថា​ ឥណ្ឌា បាន​រង់ចាំ​ជាយូរមកហើយ​។ ដោយឡែក វិស័យការងារសម្រាប់ជនជាតិឥណ្ឌាដែលធ្វើការនៅអង់គ្លេស គឺ​ថ្នាក់ដឹកនាំទាំង​ពីរចង់ឲ្យមានកិច្ចព្រមព្រៀងទីផ្សារសេរីមួយ​  យ៉ាងយូរ នៅមុខដាច់ខែតុលាខាងមុខ​។  

អង់គ្លេស​និង​ឥណ្ឌា  ​ចុះកិច្ចព្រមព្រៀង​សហការដៃគូ​ទៅលើ​ផ្អែក​សន្តិសុខ​ និង​ការពារជាតិ។
អង់គ្លេស​និង​ឥណ្ឌា ​ចុះកិច្ចព្រមព្រៀង​សហការដៃគូ​ទៅលើ​ផ្អែក​សន្តិសុខ​ និង​ការពារជាតិ។ AFP - STEFAN ROUSSEAU
ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រី​អង់គ្លេស បូរីស​ ចនសុន បានបញ្ជាក់​ថា ប្រទេស​ទាំងពីរ​ឯកភាព​ធ្វើ​ការ​រួម​គ្នា​ក្នុង​វិស័យ​ការពារជាតិ​ ដើម្បី​ទប់​ទល់​នឹង​ការ​គំរាមកំហែ​តាម​ផ្លូវ គោក ទឹក ​អាកាស​ និង​លំហ ហើយនិងតាមប្រព័ន្ធព័ត៌មាន​វិទ្យា។ ចំពោះផ្លូវទឹក​​ ​ភាគីទាំងពីរ​​នឹង​រួមគ្នា​អភិវឌ្ឍប្រព័ន្ធ​បច្ចេក​វិទ្យាទំនើប​ប្រើ​សម្រាប់​​យន្តហោះ​ចម្បាំង ​និង​សម្រាប់​ចាប់​មើល​សញ្ញា​អាសន្ន​​គំរាមកំហែង​ នៅ​ដែន​សមុទ្រ​​។​

ចំពោះ​ឥណ្ឌា លោក ម៉ូឌី ​សប្បាយ​រីកថ្លើមប្រមាត់ ពីព្រោះថា រដ្ឋបាល​ក្រុង​ញូវដេលី ​ខំប្រឹង​រុករក​​ជាយូរ​មកហើយ​ សមត្ថភាព​ការពារជាតិ​ផ្នែក​ជើង​ទឹក និង​ចង់​ផ្តួច​ផ្តើម​ផលិតអាវុធ​ ជាស្នាដៃ​ធ្វើ​នៅក្នុង​ស្រុក​ឥណ្ឌា​​​ ហើយក៏ចង់​​កាត់​បន្ថយ​ការ​ពឹង​​បរទេស​ ពិសេស​គឺរុស្ស៊ី​។​ សំណុំ​រឿង​រុស្ស៊ី​ គឺ​រស៊ើប​ខ្លាំង​ចំពោះ​ឥណ្ឌា ព្រោះ​ឥណ្ឌា​ពឹង​ច្រើន​ផ្អែក​លើការ​នាំចូល​សព្វាវុធ​រុស្ស៊ី។ ញូវដេលី​មាន​​ទំនាក់​ទំនង​ចាស់​វស្សា​​​ជាមួ​យ​ក្រុង​ម៉ូស្កូ  ដូច្នេះហើយ​ ក្នុង​សង្គ្រាម​ឈ្លាន​ពាន​រុស្ស៊ី​ទៅលើ​អ៊ុយក្រែន ឥណ្ឌា​ក៏​​មិន​សូវ​ជា​​ហ៊ាន​អារកាត់​ដាច់ណាត់​ដែរ។​ ពោល​គឺ​ឥណ្ឌា​មិន​ថ្កោលទោស​រុស្ស៊ី​ជា​ចំហ ​ដូច​សម្ព័ន្ធមិត្ត​នៅ​បច្ចិមលោក នោះ​​ឡើយ។​ ចំណែក​សំណុំ​បញ្ហា​ជាមួយ​ចិន​វិញ  ឥណ្ឌា គឺ​ជា​ក្រុម​ប្រទេស​សម្ព័ន្ធ​មិត្ត​ជាមួយ​អាមេរិក ជប៉ុន និងអូស្ត្រាលី ដែល​ត្រូវ​គេ​ចាត់ទុក​ថា​ជាក្រុម​ប្រទេស​ ប្រឆាំង​នឹង​ចិន​។​

ជាជំហររបស់​មហា​យក្ស​អាស៊ី​ខាងត្បូង នាយករដ្ឋមន្ត្រី​ ឥណ្ឌា នរិន្ទ្រា ម៉ូឌី ​​បង្ហើបថា ថ្នាក់ដឹកនាំ​​ទាំងពីរប្រទេស ​​​ពិភាក្សា​គ្នា​​​បាន​ផ្លែផ្កា​លើច្រើន​ចំណុច ស្តីពី​ការ​អភិវឌ្ឍ​តំបន់​និងអន្តរជាតិ ព្រមទាំង​បាន​មូលមាត់​គ្នា​យ៉ាង​ច្បាស់​លាស់ចំពោះ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វីក ដែល​សេរី  បើក​ចំហ បរិយាប័ន្ន និង​ផ្អែក​លើគោលការណ៍​​ច្បាប់​។​

ក្នុង​ពេល​មាន​វត្តមាន​នៅប្រទេស​អាស៊ី​​ដ៏​ធំនេះ នាយករដ្ឋមន្ត្រី បូរីស ​ចនសុន  មាន​ប្រសាសន៍ថា ឥណ្ឌា ជាប្រទេសប្រជាធិបតេយ ធំជាងគេ ហើយ អង់គ្លេស ជាប្រទេសប្រជាធិបតេយ្យ ចាស់ជាងគេ។ ពីចំណែក​ខ្លួន ​​លោក នរិន្ទ្រា ម៉ូឌី ​ចាត់ទុកទស្សនកិច្ច​​របស់​លោកនាយករដ្ឋមន្ត្រីអង់គ្លេស​នៅ​រដ្ឋធានី​ញូវដេលី ​ថាជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ។ ​ដ្បិត​​ថា ដំណើរ​ទស្សនកិច្ចនេះ គឺ​មិន​ចៃដន្យទេ​ ព្រោះត្រូវ​ស្របពេល​នឹងការ​​ប្រព្រឹត្តទៅ​នៃ​បុណ្យ​ខួប​៧៥ឆ្នាំ​នៃ​ឯករាជ្យជាតិ​ឥណ្ឌា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ