អានតួអត្ថបទ
ជប៉ុន-កូរ៉េខាងត្បូង

ជប៉ុន និងកូរ៉េខាងត្បូងចង់ផ្តល់សន្ទុះឡើងវិញនូវទំនាក់ទំនងដែលបំពុលដោយរឿងអតីតកាល

នៅ​ក្នុង​ប្រទេស​ជប៉ុន នាយករដ្ឋមន្រ្តី​លោក​ហ៊្វូមីអូ គីស្ហ៊ីដា​បាន​និយាយ​ប្រាប់​គណៈប្រតិភូ​កូរ៉េខាងត្បូង​នៅ​ក្រុង​តូក្យូ​នា​ថ្ងៃ​អង្គារ ទី២៦ មេសា​នេះ​ថា ជប៉ុន និង​កូរ៉េខាងត្បូង​មិន​អាច​អនុញ្ញាត​ឲ្យ​បាត់បង់​ពេលវេលា​ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​គ្នា​បាន​ទេ។ គួរ​រម្លឹក​ថា ជប៉ុន និង​កូរ៉េខាងត្បូង​ដែល​ជា​សម្ព័ន្ធមិត្ត​ជាមួយ​អាមេរិក​ដូច​គ្នា​កំពុង​បន្ត​មាន​ទំនាក់ទំនង​រកាំរកូស​ដោយសារ​តែ​សំណុំរឿង​អតីតកាល​សល់​ពី​សម័យ​សង្រ្គាមលោក​លើកទី២។

នាយករដ្ឋមន្រ្តីជប៉ុនលោកហ៊្វូមីអូ គីស្ហ៊ីដា (រូបស្តាំ) កំពុង​ទទួលសំបុត្រ​ពី​គណៈប្រតិភូកូរ៉េខាងត្បូងដែល​ប្រធានាធិបតីកូរ៉េខាងត្បូងជាប់ឆ្នោតថ្មីលោកយូន ស៊ុកយោលបាន​ផ្ញើ​ឲ្យ​។ ថ្ងៃទី២៦ មេសា ២០២២
នាយករដ្ឋមន្រ្តីជប៉ុនលោកហ៊្វូមីអូ គីស្ហ៊ីដា (រូបស្តាំ) កំពុង​ទទួលសំបុត្រ​ពី​គណៈប្រតិភូកូរ៉េខាងត្បូងដែល​ប្រធានាធិបតីកូរ៉េខាងត្បូងជាប់ឆ្នោតថ្មីលោកយូន ស៊ុកយោលបាន​ផ្ញើ​ឲ្យ​។ ថ្ងៃទី២៦ មេសា ២០២២ AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

គឺ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ជាប់​ឆ្នោត​ថ្មីថ្មោង​លោក​យូន ស៊ុកយោល​ដែល​បាន​បញ្ជូន​គណៈប្រតិភូ​កូរ៉េខាងត្បូង​ទៅ​កាន់​ប្រទេស​ជប៉ុន។ គោលដៅ គឺ​ដើម្បី​ផ្តល់​សន្ទុះ​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​នាម​ជា​ប្រទេស​ប្រជាធិបតេយ្យ ជា​ប្រទេស​មាន​សេដ្ឋកិច្ច​សេរី និង​ជា​ប្រទេស​ដែល​មាន​សម្ព័ន្ធមិត្ត​អាមេរិក​រួម​ដូច​គ្នា។ « ដោយ​សំឡឹង​ឃើញ​ពី​ការ​គំរាមកំហែង​សព្វថ្ងៃ​លើ​សណ្តាប់ធ្នាប់​អន្តរជាតិ វា​ជា​ពេលវេលា​ដែល​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ក្លាយ​ជា​រឿង​ចាំ​បាច់​ជាង​ពេលណាៗ​ទាំង​អស់ » នេះ​ជា​សំណេរ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ជប៉ុន។

យោង​តាម​បណ្តាញ​សារព័ត៌មាន​ជប៉ុន គណៈប្រតិភូ​កូរ៉េខាងត្បូង​បាន​ប្រគល់​ឲ្យ​នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ហ៊្វូមីអូ គីស្ហ៊ីដា​នូវ​សំបុត្រ​មួយ​ច្បាប់​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ជាប់​ឆ្នោត​ថ្មី​លោក​យូន ស៊ុកយោល។ តែ​គេ​មិន​ដឹង​ពី​ខ្លឹមសារ​នៅ​ក្នុង​សំបុត្រ​នោះ​ទេ។ គួរ​បញ្ជាក់​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង​បាន​ស្គាល់​ភាព​តានតឹង​ខ្លាំង។ ភាព​តានតឹង​នេះ​កើន​រឹត​តែ​ខ្លាំង​នៅ​ក្រោម​អំណាច​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ចែអ៊ីន​ដែល​មិន​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន ហើយ​ក៏​មិន​ដែល​ទទួល​នាយករដ្ឋមន្រ្តី​ជប៉ុន​លើ​ទឹកដី​កូរ៉េខាងត្បូង​ដែរ។

តាម​អ្នក​ជំនាញ​លោក Daniel Sneider រដ្ឋបាល​កូរ៉េខាងត្បូង​ថ្មី​របស់​ប្រធានាធិបតី​លោក​យូន ស៊ុកយោល​ដែល​នឹង​ចូល​កាន់​តំណែង​នៅ​ថ្ងៃទី១០ ឧសភា​ខាង​មុខ​ចង់​បង្កើន​ទំនាក់ទំនង​ជា​មួយ​ជប៉ុន។ តែ​លោក Sneider បាន​រម្លឹក​ថា ក្រុង​សេអ៊ូល​មាន​ការ​ប្រយ័ត្នប្រយែង​ដោយ​មិន​ព្យាយាម​ដាក់​សំណុំរឿង​ទាំង​អស់​លើ​តុ​ដើម្បី​ជជែក​ភ្លាមៗ​ទេ ពិសេស​សំណុំរឿង​អតីតកាល​ដ៏​រសើប និង​ចម្រូងចម្រាស​ដែល​ពិបាក​ដោះស្រាយ។ សំណុំរឿង​អតីតកាល​ដែល​លោក Sneider ចង់​និយាយ គឺ​ការ​ដែល​ទាហាន​ជប៉ុន​បាន​បង្ខំ​ឲ្យ​ស្រ្តី​កូរ៉េ​បម្រើ​ផ្លូវភេទ​ក្នុង​សម័យ​សង្រ្គាមលោកលើក​ទី២ ដែល​ឧបទ្វីបកូរ៉េ​បាន​ស្ថិត​ក្រោម​អាណានិគមនិយម​ជប៉ុន​ពី​ឆ្នាំ ១៩១០ ដល់​ឆ្នាំ ១៩៤៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ