អានតួអត្ថបទ

ជប៉ុនថា​មិន​យល់សោះ អំពី​​​ការ​ចោទប្រកាន់​​របស់​​​កូរ៉េ​ខាងត្បូង​​មក​លើខ្លួន​

រដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន បាន​ចោទសួរថា មិនយល់ទេថាហេតុអ្វីបាន​ជា​កូរ៉េខាងត្បូង​ ចោទប្រកាន់ប្រព័ន្ធត្រួតពិនិត្យការនាំចេញរបស់ជប៉ុន​ ថាជា​ការរំលោភបំពាន​ លើ​គោលការណ៍ពាណិជ្ជកម្មអន្តរជាតិ។ ប្រតិកម្មរបស់រដ្ឋមន្ត្រីជប៉ុននេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកូរ៉េខាងត្បូង បានលើកឡើងពីការបង្កើតឲ្យមាន​លក្ខខណ្ឌថ្មី ដែល​កូរ៉េខាងត្បូង បាន​ចាត់ទុក​ប្រព័ន្ធត្រួតពិនិត្យ​​ការនាំចេញរបស់ជប៉ុន​ ថាគឺជាទង្វើរំលោភគោលការណ៍ពាណិជ្ជកម្មអន្តរជាតិ។ គួរកត់សំគាល់ថា​ ការឆ្លងឆ្លើយគ្នានេះ គឺវាស្ថិតក្នុងបរិបទកាន់​តែ​តានតឹង រវាងប្រទេសទាំង២។ នៅកូរ៉េខាងត្បូងបច្ចុប្បន្ននេះ ចលនាប្រឆាំងស្អប់ខ្ពើមជប៉ុន បានផ្ទុះឡើងកាន់តែខ្លាំង។

សមាជិក​នៃចលនា​ប្រជាជនអភិរក្សជាតិនិយមកូរ៉េខាងត្បូង ធ្វើ​បាតុកម្ម​​ប្រឆាំងជប៉ុន នៅ​ទីក្រុង​សេអ៊ូល ថ្ងៃទី​១៣​ សីហា ​២០១៩​
សមាជិក​នៃចលនា​ប្រជាជនអភិរក្សជាតិនិយមកូរ៉េខាងត្បូង ធ្វើ​បាតុកម្ម​​ប្រឆាំងជប៉ុន នៅ​ទីក្រុង​សេអ៊ូល ថ្ងៃទី​១៣​ សីហា ​២០១៩​ REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

ភាពមិនចុះសម្រុងគ្នា រវាងជប៉ុននឹងកូរ៉េខាងត្បូង កាន់តែមាន​ខ្លាំងនៅក្នុងវិស័យពាណិជ្ជកម្ម។ កាលពីថ្ងៃចន្ទ ទី​១២សីហា រដ្ឋមន្ត្រីកូរ៉េខាងត្បូងទទួលបន្ទុកពាណិជ្ជកម្ម បានលើកឡើងថារដ្ឋាភិបាលលោក បាន​បង្កើតឲ្យមានចំណាត់ថ្នាក់ថ្មី សម្រាប់អនុវត្តទៅលើក្រុមប្រទេសដៃគូពាណិជ្ជកម្ម​។ ចំណាត់ថ្នាក់ថ្មីនេះ គឺ​ការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យ​ការនាំចេញ ដែលការធ្វើបែបនេះ​ គឺជាការរំលោភបំពាន​គោលការណ៍​ពាណិជ្ជកម្មអន្តរជាតិ។

មានតែប្រទេស​ជប៉ុនមួយទេ ដែលជាប់​នៅក្នុងការចាត់ថ្នាក់ថ្មី របស់​កូរ៉េខាងត្បូងនេះ។ មិនយូរប៉ុន្មាន​ លោករដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង ឧស្សាហកម្មជប៉ុន បាន​មានប្រតិកម្ម ដោយបាន​ចោទសួរថា តើមានមូលហេតុអ្វី ដែលប្រព័ន្ធត្រួតពិនិត្យការនាំចេញរបស់ជប៉ុន វា​រំលោភបំពានគោលការណ៍ច្បាប់អន្តរជាតិ? រដ្ឋមន្ត្រីជប៉ុនបន្តថា កូរ៉េខាងត្បូង មិនមានពន្យល់ ផ្តល់ហេតុផលណាមួយសោះ ទាក់ទិននឹងការចាត់ថ្នាក់នេះ។

គួរកត់សំគាល់ថា ការសម្រេច​របស់កូរ៉េខាងត្បូង គឺជាលទ្ធផលនៃការសម្រេចមួយទៀត របស់រដ្ឋាភិបាលជប៉ុន កាលពីដើមខែកក្កដា។ ជប៉ុនបានសម្រេចថា ចាប់ពីថ្ងៃទី​៤កក្កដា ជប៉ុននឹងរិតត្បិតការនាំចេញទៅកូរ៉េខាងត្បូង​ នូវផលិតផលផ្សំគីមីចំនួន៣ប្រភេទ ដែលគេប្រើក្នុងការផលិត​ Semi-conducteur និងកញ្ចក់អេក្រង់​។ ជប៉ុនបាន​អះអាងថា ការសម្រេចនេះ គឺដោយយោងលើហេតុផលសន្តិសុខជាតិ។ ហើយចាប់ពី ថ្ងៃទី ២៨​សីហា​នេះទៅ ជប៉ុន នឹងទំលាក់ចំណាត់ថ្នាក់របស់កូរ៉េខាងត្បូង ជាប្រទេសដៃគូពាណិជ្ជកម្ម។ មានន័យថា ការនាំចេញនាំចូល​ជាមួយកូរ៉េខាងត្បូង នឹងកាន់តែជួបឧបសគ្គ ជាពិសេសទាក់ទិននឹងផលិតផល​ វត្ថុធាតុដើម​សំខាន់​ៗមួយចំនួន។

ដោយឡែកសម្រាប់កូរ៉េខាងត្បូងវិញ ហេតុផលដើម្បីសន្តិសុខជាតិ​ ដែលជប៉ុនបានលើកឡើង គឺជាគ្រាន់តែជា​លេសប៉ុណ្ណោះ។ ធាតុពិត គឺមកពីជប៉ុន​ មិនពេញចិត្តចំពោះការសម្រេចក្តីរបស់តុលាការកូរ៉េខាងត្បូង ដែលបានតម្រូវឲ្យក្រុមហ៊ុនជប៉ុន​ សងជម្ងឺចិត្តដល់បុគ្គលិកកូរ៉េខាងត្បូង​ ដែលត្រូវ​បាន​គេបង្ខំឲ្យធ្វើការ ក្នុងរោងចក្រកាលពីជំនាន់ដែលជប៉ុនត្រួតកូរ៉េ រវាងពីឆ្នាំ១៩១០-១៩៤៥។

ជាការពិត ការឆ្លងឆ្លើយគ្នា តាមរយៈការដាក់គំនៀបពាណិជ្ជកម្មគ្នាទៅវិញទៅមក រវាងជប៉ុន និងកូរ៉េខាងត្បូងនេះ គឺវាស្ថិតនៅក្នុងបរិបទជម្លោះ​ប្រវត្តិសាស្ត្រ រវាងប្រទេសទាំង២។ បញ្ហានេះ បានបូកបន្ថែម ជាមួយនឹងចរន្តគំនិតជាតិនិយម ព្រមជាមួយនឹងការឆក់ឱកាស របស់អ្នកនយោបាយ នៅតាមប្រទេសទាំងសងខាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ