អានតួអត្ថបទ
អាកាសធាតុ

ឥណ្ឌា និង​ប៉ាគីស្ថាន កំពុង​រង​រលក​កម្តៅក្តៅ​ហួត​ហែង​ជ្រុល​ ខុស​រដូវ

រលក​កម្តៅ ក្តៅហួតហែង​ខ្លាំង ហួស​កំណត់​ត្រា​ កំពុង​គ្របដណ្តប់​លើ​ប្រទេស​ឥណ្ឌា​និង​ប៉ាគីស្ថាន។ សីតុណ្ហភាព​បាន​ឡើងហួស​មធ្យមភាគ​ប្រចាំ​រដូវ ដោយ​​ទែរម៉ូម៉ែត្រ​ចង្អុលដល់​ ៤០ ទៅ​៤៥​អង្សា។ បាតុភូត​​ក្តៅខុស​ប្រក្រតី​នេះ ជា​តំណាង​ក្តី​ព្រួយ​បារម្ភ​ខ្លាំង ព្រោះ​រដូវ​ក្តៅ​មិនទាន់​ចាប់​ផ្តើម​ផង។

សីតុណ្ហភាព​នៅប៉ាគីស្ថាន​ខ្ពស់​ជាង​មធ្យមភាគប្រចាំ​រដូវ ៦-៨​អង្សា
សីតុណ្ហភាព​នៅប៉ាគីស្ថាន​ខ្ពស់​ជាង​មធ្យមភាគប្រចាំ​រដូវ ៦-៨​អង្សា REUTERS - ANUSHREE FADNAVIS
ផ្សាយពាណិជ្ជកម្ម

រដូវ​ផ្ការីក​មិន​ទាន់​ចប់​ផង រដូវ​រាំង​ស្ងួត​បាន​ចូល​មក​ដល់​ទៅ​ហើយ។ សីតុណ្ហភាព ឡើង​ខ្ពស់មិនធ្លាប់​មាន​គិត​ចាប់​តាំងពី​ឆ្នាំ​១៩៤៦​មក ៖ ៤០អង្សា កាលពី​ខែ​មីនា- ៤៥​អង្សា​ នៅខែ​មេសា និងដល់​ទៅ​​​៤៦​អង្សា​នៅថ្ងៃព្រហស្បតិ៍​ទី ២៨មេសា នៅ​ក្រុង​ញូវដេលី។ នេះបើ​តាម​ការ​ព្យាករ​របស់​ភ្នាក់ងារ​ឧតុនិយមឥណ្ឌា ដែល​ចេញ​អនុសាសន៍​ឱ្យ​ប្រជាពលរដ្ឋ​ទន់​ខ្សោយ​កុំ​ចេញ​ក្រៅ​ផ្ទះ។ សម្រាប់​អ្នក​ជំនាញ​ អាកាសធាតុ​ក្តៅហួត​ហែង​ខ្លាំង​នេះ ជា​ប្រភពនាំឱ្យ​មាន​អគ្គីភ័យ​ជា​ច្រើន មាន​ជា​អាទិ៍​អគ្គីភ័យ​នៅ​កន្លែង​ចាក់សំរាមរបស់​រដ្ឋធានី ដែល​ឆាប​ឆេះ​ឡើង​តាំងពី​បី​ថ្ងៃ និង​ដែល​ពុំ​ទាន់​អាច​ពន្លត់​បាន​នៅ​ឡើយផង។

​នៅ​ប្រទេស​ប៉ាគីស្ថាន អាជ្ញាធរ​​បាន​ប្រកាស​អាសន្ន​ ក្តៅ​ហួត​ហែង​ខ្លាំង​តែម្តង​ ព្រោះ​សីតុណ្ហភាព​បាន​ឡើង​ហួស​កំរិត​មធ្យម​ ដល់​៦ទៅ​៨​អង្សា​នៅភាគ​ត្បូង​ប្រទេស​ និង​៥ទៅ​៧​អង្សា​នៅភាគ​ខាង​ជើង។ នេះ​បើ​តាម​ការ​ពន្យល់​របស់​ទីប្រឹក្សា​វិទ្យាសាស្ត្រ​នៃ​អង្គការ​អាកាសធាតុ​ពិភពលោក។

ក្រៅ​ពី​ពិបាក​ទ្រាំ​នឹង​កម្តៅ អាកាសធាតុ​ក្តៅហួតហែង​ខ្លាំង មុន​រដូវ ​ជា​តំណាង​​ក្តីព្រួយ​បារម្ភ​ខ្លាំង​ ខ្លាច​តែ​​រដូវវស្សា​មូសុង​ ដែល​នឹងនាំ​មក​នូវ​ភាព​សើម​​ ដែល​​នឹង​ចាប់​ផ្តើម​នៅពីរ​ខែ​ទៀត​ខាង​មុខ​ មិន​អាច​ជួយ​បញ្ចុះ​កម្តៅ​សីតុណ្ហភាព​បាន។  បើ​គ្មាន​​ភ្លៀង​​ ភាព​សើម​បូក​នឹង​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ នឹង​ធ្វើ​មនុស្ស​ សត្វ​មាន​ជីវិត​ពិបាករស់​ខ្លាំង​ណាស់។

ថ្វីបើ​ពេល​នេះ វា​ហាក់​ដូច​ជា​ឆាប់​បន្តិច​ក្នុង​ភ្ជាប់​បាតុភូត​ក្តៅខ្លាំង​មុន​រដូវ​នៅឥណ្ឌានិង​ប៉ាគីស្ថាន ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​មែន​ តែ​ហេតុការណ៍​ជាក់​ស្តែង​នេះ ត្រូវ​គ្នា​នឹង​អ្វី​ក្រុម ​អ្នក​ជំនាញ​អាកាសធាតុ​​របស់​អង្គការ​សហប្រជាជាតិ​បាន​ព្យាករ​ណាស់។ នៅក្នុង​របាយការណ៍​ចេញ​ផ្សាយ​កាលពី​ខែ​កុម្ភៈ២០២២ អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​ថា​ បាតុភូតជំនួប ​ក្តៅ​ និង​សើម​ ដែល​នឹងធ្វើ​ឱ្យ​អាស៊ី​ខាង​ត្បូង ក្លាយ​ជា​តំបន់​រស់​លែង​កើត នឹងមាន​​លេច​ឡើង​កាន់​តែញឹកញាប់​ នាពេល​អនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ