អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង​បាញ់​សាក​​មីស៊ីល​បាលីស្ទីក​មួយគ្រាប់ មួយ​សប្តាហ៍​មុន​​ប្រធានាធិបតីថ្មី​កូរ៉េខាងត្បូង​ចូល​កាន់​តំណែង

កាលពី​ថ្ងៃទី​២៥មេសាកន្លងទៅ មេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន បាន​ប្រកាសថា នឹងពន្លឿនការអភិវឌ្ឍន៍​សមត្ថភាព​អាវុធនុយក្លេអ៊ែរ ឲ្យ​បានសម្រេចជោគជ័យ​។ ស្រាប់តែ​នៅថ្ងៃពុធ ទី​៤ឧសភានេះ យោងតាមការបញ្ជាក់ឲ្យ​ដឹងពី​កងទ័ពកូរ៉េខាងត្បូង គឺរបបផ្តាច់ការកូរ៉េខាងជើង បាន​បាញ់សាកល្បងមីស៊ីលបាលីស្ទីកមួយគ្រាប់ទៀត ដែលតាមការសង្ស័យ គឺជាមីស៊ីលឆ្លងទ្វីប អាច​ផ្ទុក​ក្បាលគ្រាប់​នុយក្លេអ៊ែរ។ គួរកត់សំគាល់ថា ការបាញ់​មីស៊ីល​បាលីស្ទីក​របស់​កូរ៉េខាងជើងនេះ គឺបានធ្វើឡើងប្រមាណ១សប្តាហ៍ មុន​ពេល​ប្រធានាធិបតី​ថ្មីរបស់កូរ៉េខាងត្បូង ចូល​កាន់អំណាចជាផ្លូវការ។

មនុស្សម្នា​កំពុង​មើល​ទូរទស្សន៍ ផ្សាយ​អំពីការបាញ់​សាកល្បងមីស៊ីល​បាលីស្ទីករបស់​កូរ៉េខាងជើង។ ស្ថានីយ៍រថភ្លើង​ក្រុ​ងសេអ៊ូល ថ្ងៃទី ៤ ឧសភា ២០២២
មនុស្សម្នា​កំពុង​មើល​ទូរទស្សន៍ ផ្សាយ​អំពីការបាញ់​សាកល្បងមីស៊ីល​បាលីស្ទីករបស់​កូរ៉េខាងជើង។ ស្ថានីយ៍រថភ្លើង​ក្រុ​ងសេអ៊ូល ថ្ងៃទី ៤ ឧសភា ២០២២ AP - Lee Jin-man
ផ្សាយពាណិជ្ជកម្ម

យោងតាម​អគ្គបញ្ជាការដ្ឋានកងទ័ពកូរ៉េខាងត្បូង នៅថ្ងៃពុធទី៤មេសា វេលាម៉ោង១២ថ្ងៃត្រង់ កូរ៉េខាងជើងបានបាញ់​សាកល្បងមីស៊ីល​បាលីស្ទីក​មួយគ្រាប់ ចេញព្រលាយន្តហោះ Sunan ស្ថិត​នៅខាងជើង​ក្រុងព្យុងយ៉ាង។ ប្រភពដដែលអះអាងថា មីស៊ីលបាលីស្ទីក នេះបានហោះបាន​ចំងាយ ៤៧០គីឡូម៉ែត្រ ឡើងដល់កំពស់ ៧៨០គីឡូម៉ែត្រ មុននឹងធ្លាក់មកវិញ នៅក្នុង​សមុទ្រជប៉ុន។ អគ្គបញ្ជាការដ្ឋានកងទ័ពកូរ៉េខាងត្បូង បាន​ចាត់ទុកការបាញ់សាកល្បង​នេះ ថា​ជាការបំពាន​យ៉ាងព្រហើន​បំផុតរបស់​កូរ៉េខាងជើង ​មក​លើសេចក្តី​សម្រេចចិត្តរួមនៃអង្គការសហប្រជាជាតិ។

លោក Makoto Oniki រដ្ឋមន្ត្រីការពារជាតិជប៉ុន បាន​បញ្ជាក់ថា មីស៊ីលបាលីស្ទីករបស់​កូរ៉េខាងជើង បាន​ធ្លាក់​នៅក្រៅ​ដែនសមុទ្រតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ លោកបាន​បន្ថែមថា ការបាញ់សាកល្បងអាវុធមីស៊ីល ម្តងហើយ​ម្តងទៀតរបស់​កូរ៉េខាងជើងនេះ គឺវាជាការគំរាម​មកលើ​សន្តិភាព និង​ស្ថិរភាព​របស់ជប៉ុន ក៏ដូចជាតំបន់ទាំងមូល​។

គួររំលឹកថា គិតចាប់ពីដើមឆ្នាំនេះមក កូរ៉េខាងជើង​បានបាញ់បង្ហោះសាកល្បងមីស៊ីល ចំនួន​១៤លើកហើយ។​ កាលពីថ្ងៃទី​២៥មេសា នៅក្នុង​កម្មវិធី​ព្យុហយាត្រាកងទ័ព​ មេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន បាន​ប្រកាសថា នឹងប្រឹងប្រែងពន្លឿនការអភិវឌ្ឃន៍​អាវុធនុយក្លេអ៊ែរ ទាំងគុណភាព​និងទាំងរយៈចំងាយ​រត់​ ព្រោះអាវុធនុយក្លេអ៊ែរ​ គឺជា​និម្មិតរូប​នៃកម្លាំង​​របស់កូរ៉េខាងជើង។ ក្រោយ​មក​ គីម ជុនអ៊ុន បានទទួលស្គាល់ទៀតថា អាវុធនុយក្លេអ៊ែរ គឺជាពោងសង្គ្រោះ ធានាការពារសន្តិសុខរបស់​កូរ៉េខាងជើង ព្រមទាំងបាន​គំរាម ថាខ្លួនអាចសម្រេច​បើកការវាយប្រហារមុន​ ដើម្បីជាការបង្ការការពារ​ខ្លួន ថែមទៀតផង។

គួរកត់សំគាល់ដែរថា នៅប្រមាណមួយសប្តាហ៍ទៀត លោក Yoon Suk Yeol ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង នឹងស្បថចូលកាន់អំណាចជាផ្លូវការ។ មេដឹកនាំកូរ៉េខាងត្បូងរូបនេះ ត្រូវគេដឹងថាមានគោលជំហររឹងរូសបំផុត ព្រមទាំងធ្លាប់បានអះអាងថា “ចង់វាយសំពងមេដឹកនាំកូរ៉េខាងជើង ដែលជាក្មេងឈ្លើយ ឲ្យ​ស្គាល់ថ្នាំខ្លាំងម្តង”។

គួរបញ្ជាក់ដែរថា ការចរចាស្តីពី​នុយក្លេអ៊ែរកូរ៉េខាងជើង បាននៅជាប់គាំងលែងទៅមុខ ប្រមាណ​ជិត៣ឆ្នាំមកហើយ​។ នៅចុង​ខែ​ឧសភានេះ លោកចូ បៃដិន នឹងធ្វើដំណើរទៅកូរ៉េខាងត្បូង។ យោងតាមលោក Hong Min អ្នកជំនាញនៅវិទ្យាស្ថាន​ដើម្បី​ការបង្រួបបង្រួមជាតិ​កូរ៉េ ការបាញ់មីស៊ីល​បាលីស្ទីកកាន់តែញឹកញាប់របស់​កូរ៉េខាងជើងនេះ គឺជាសញ្ញាប្រាប់ទៅប្រធានាធិបតី​ថ្មីរបស់​កូរ៉េខាងត្បូង ថាខ្លួន​មិន​ទទួលយក​លក្ខខណ្ឌដែលទាមទារ ឲ្យកូរ៉េខាងជើងបោះបង់ចោល​កម្មវិធីនុយក្លេអ៊ែរសិន មុននឹងបើកការចរចាសន្តិភាព។

ដោយឡែក យោងតាម​ លោក Cheong Seong-Chang អ្នកជំនាញនៅវិទ្យាស្ថាន Sejong គឺកូរ៉េខាងជើង​ធ្វើតេស្ត​មីស៊ីល​កាន់តែញឹកញាប់នេះ ក៏ដោយសារតែដឹង ថាអង្គការសហប្រជាជាតិមិនអាចធ្វើអ្វីបានទេ ព្រោះមានរុស្ស៊ីជាអ្នក​បោះឆ្នោតវ៉េតូ។ ដោយដឹង​ថា​សហគមអន្តរជាតិ គិតបារម្ភតែបញ្ហាសង្គ្រាម​នៅអ៊ុយក្រែន កូរ៉េខាងជើងឆក់ឱកាស​ ដើម្បី​បាញ់សាកល្បងអាវុធ ឲ្យ​បានច្រើនបំផុត ហើយឈានទៅពង្រឹងសមត្ថភាពអាវុធឲ្យកាន់​តែលឿន​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ