អានតួអត្ថបទ
មីស៊ីលកូរ៉េខាងជើង

កូរ៉េខាងជើង​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក​ចេញពី​នាវា​មុជទឹក

ក្នុង​រវាង​តែ​បីថ្ងៃ កូរ៉េខាងជើង​បាញ់សាកល្បង​មីស៊ីល​បាលីស្ទិក​ដល់​ទៅ​២លើក។ តាមកងទ័ព​កូរ៉េខាងត្បូង នៅរសៀលថ្ងៃ​សៅរ៍នេះ កូរ៉េខាងជើង​បាន​បាញ់​សាកល្បងមីស៊ីល​បាលីស្ទិក ចេញពី​មូលដ្ឋានទ័ពជើងទឹកមួយ​នាភាគខាងកើតប្រទេស។ កូរ៉េខាងជើង​បាញ់​សាកល្បងមីស៊ីល នៅមួយថ្ងៃ​ក្រោយ​ដែល​ក្រសួងការបរទេស​អាមេរិកអះអាង​ថា កូរ៉េខាងជើង​កំពុង​ត្រៀមខ្លួន រៀបចំ​បាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ ដែល​កូរ៉េខាងជើង​បាន​ខកខាន ធ្វើ​តាំងពី​ឆ្នាំ ២០១៧​មក។

ទូរទស្សន៍ចាក់ផ្សាយ​ពីការបាញ់​មីស៊ីល​បាលីស្ទិករបស់កូរ៉េខាងជើង នៅ​ស្ថានីយ៍រថភ្លើងនៅសេអ៊ូល នៅថ្ងៃទី ៧ឿសភា ២០២២
ទូរទស្សន៍ចាក់ផ្សាយ​ពីការបាញ់​មីស៊ីល​បាលីស្ទិករបស់កូរ៉េខាងជើង នៅ​ស្ថានីយ៍រថភ្លើងនៅសេអ៊ូល នៅថ្ងៃទី ៧ឿសភា ២០២២ AP - Ahn Young-joon
ផ្សាយពាណិជ្ជកម្ម

កូរ៉េខាងជើង​បាន​ផ្គើន​ការដាក់ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ ដោយ​បាន​បង្កើនការបាញ់​សាកល្បង​មីស៊ីល ដល់​ទៅ ១៦ដង ក្នុង​រយៈពេល​១ឆ្នាំ ដែលនៅក្នុង​នោះមានផងដែរ មីស៊ីល​បាលីស្ទិក​អន្តរទ្វីប។

ជាក់ស្តែង កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក ជាទី​២ នៅសប្តាហ៍នេះ បន្ទាប់ពីបាន​បាញ់សាក​មីស៊ីល​កាលពីថ្ងៃ ពុធ កន្លងទៅ។ តាម​អគ្គបញ្ជាការដ្ឋាន​កងទ័ព​កូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ គេ​ចាប់បាន​សញ្ញា​មីស៊ីល​បាលីស្ទិក ​ចម្ងាយខ្លី ដែល​កូរ៉េខាងជើង​បាន​បាញ់​ចេញពី​មូលដ្ឋានទ័ពជើង​ទឹក នៅ​Sinpo ភាគខាងកើត​កូរ៉េខាងជើង។

ដោយសារ​មីស៊ីល​មាន​ប្រភព​ចេញ​ពី​មូលដ្ឋានទ័ព​ជើងទឹក គេជឿថា កូរ៉េខាងជើង​អាច​បាញ់​សាកល្បង មីស៊ីល​បាលីស្ទិក ចេញពី​នាវា​មុជទឹក ដែល​កូរ៉េខាងជើង​កំពុង​សម្រួចសម្រាំងខ្លាំង ដើម្បី​បង្កើន​សមត្ថភាព​វាយប្រហារ​ នៅ​កន្លែងឆ្ងាយៗ ពីកូរ៉េខាងជើង។

នៅ​ក្នុងឱកាស​ត្រួតពល​កងទ័ព ដែលដើរក្បួនព្យុហយាត្រា កាលពីថ្ងៃ​ទី ២៥ មេសា​កន្លងទៅ មេដឹកនាំ​កូរ៉េខាងជើង លោក​គីមជុងអ៊ុន ធ្លាប់បាន​ប្រកាស​ថា កូរ៉េខាងជើង​នឹង​ប្រឹងប្រែងពន្លឿន​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ល្បឿន​ដ៏លឿនបំផុត។

នៅថ្ងៃ​សុក្រម្សិលមិញ អាមេរិកបាន​ប៉ាន់ប្រមាណថា ព្យុងយ៉ាង​កំពុង​រៀបចំ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន​សាជាថ្មី នៅ​ទីតាំង​Punggye-ri ដែល​កូរ៉េខាងជើង​បានផ្អាក​បិទ តាំង​ពី​ឆ្នាំ ២០១៧មក។

គួររំលឹកថា នៅប៉ុន្មានខែ​មុន​បើកជំនួបទ្វេភាគី​ជាមួយ ប្រធានាធិបតីអាមេរិក កាលពី​ឆ្នាំ ២០១៨ របបព្យុងយ៉ាង​បាន​នាំអ្នកកាសែត​បរទេស​ឲ្យ​ចូលទៅមើលពិធី​បំផ្ទុះបំផ្លាញ ទីតាំង Punggye-ri ដែលកូរ៉េខាងជើង​ធ្លាប់​ប្រើប្រាស់ជា​ទីតាំង​បាញ់​សាកល្បងគ្រាប់បែកនុយក្លេអ៊ែរ។

បើតាម​អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស បន្ទាប់ពី​ផ្អាកសកម្មភាព អស់ ៥ឆ្នាំ កូរ៉េខាងជើង​នឹង​អាច​ចាប់ផ្តើម​កម្មវិធី​បាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ នាពេល​ឆាប់ៗ​ខាងមុខ នៅ​ក្នុង​អំឡុង​ខែ ឧសភា ពោល​គឺអាច​នៅ​ចំថ្ងៃ​ដែល​ប្រធានាធិបតី​ថ្មី​របស់​កូរ៉េខាងត្បូង​ស្បថចូល​កាន់តំណែង នៅថ្ងៃទី ១០​ឧសភា ឬ​នៅ​អំឡុងទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​នៅ​កូរ៉េខាងត្បូង និង​ជប៉ុន ដែ​គ្រោងប្រព្រឹត្តទៅ​នៅ​ខែ​ឧសភានេះដែរ។

បើសិន​ការអះអាង​របស់​អាមេរិក​ជារឿងពិត នោះ វាជាលើកទី ៧ ដែល​កូរ៉េខាងជើង​បាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ។ អ្នកជំនាញ​វាយតម្លៃថា ដោយ​បង្កើន​ការសាកល្បង​បាញ់​មីស៊ីល និង​អាចចាប់ផ្តើម​សកម្មភាព​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​កូរ៉េខាងជើង​ចង់​ដាក់​សម្ពាធ​លើ​អនាគតប្រធានាធិបតី​កូរ៉េខាងត្បូង លោក យុន សុខយុល ដែលធ្លាប់រិះគន់​រដ្ឋាភិបាល​មុនថា បរាជ័យ ក្នុងការចរចាជាមួយកូរ៉េខាងជើង។ គេរំពឹងថា នៅក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី អាមេរិក​នៅទីក្រុង​សេអ៊ូល អនាគតប្រធានាធិបតី​ថ្មី​របស់​កូរ៉េខាងត្បូង ដែលប្រកាន់ជំហរតឹងរ៉ឹង​ជាមួយកូរ៉េខាងជើង ​នឹង​ស្នើ​ឲ្យ​អាមេរិក​បង្កើន​គ្រឿងសព្វាវុធ និង​ការពង្រាយទ័ពបន្ថែម​នៅទឹកដី​កូរ៉េខាងត្បូង នៅចំពោះមុខ​ការគំរាមកំហែង​របស់​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ