អានតួអត្ថបទ
ស្រីលង្កា

ស្រីលង្កា​មាន​នាយករដ្ឋមន្ត្រី​​ថ្មី តែមិនទាន់​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​​បាន

វិបត្តិនយោបាយ​នៅស្រីលង្កា នៅតែបន្តជាប់គាំង បើទោះជាមាននាយករដ្ឋមន្ត្រីថ្មី។ លោក រ៉ានីល វីក្រេម៉េស៊ីង្ហ (Ranil Wickremesingh) បានឡើងមកជំនួសលោក ម៉ាហ៊ីនដា រ៉ាចាប៉ាកសេ ដែលបានលាចុះពីតំណែង បន្ទាប់ពីមានបាតុកម្ម​ហិង្សាតវ៉ានៅទូទាំងប្រទេស។ តែយ៉ាងណា លោកនាយករដ្ឋមន្ត្រីថ្មី នៅមិនទាន់អាចរៀបចំ​រដ្ឋាភិបាល​​ចម្រុះ​បានទេ ដោយសារតែក្រុមបក្សប្រឆាំង មិនព្រមចូលរួម ហើយថែមទាំងបានទាមទារ ឲ្យ​រៀបចំការបោះឆ្នោតមុនអាណត្តិ ដើម្បី​បង្កើតរដ្ឋាភិបាលដោយ​ស្របច្បាប់។

លោកនាយករដ្ឋមន្ត្រីស្រីលង្កា Ranil Wickremesinghe (កណ្តាល) នៅវត្តពុទ្ធសាសនាមួយ ក្នុង​ក្រុងកូឡុំបូ ថ្ងៃទី ១២ ឧសភា ២០២២
លោកនាយករដ្ឋមន្ត្រីស្រីលង្កា Ranil Wickremesinghe (កណ្តាល) នៅវត្តពុទ្ធសាសនាមួយ ក្នុង​ក្រុងកូឡុំបូ ថ្ងៃទី ១២ ឧសភា ២០២២ AP - Eranga Jayawardena
ផ្សាយពាណិជ្ជកម្ម

លោក រ៉ានីល វីក្រេម៉េសស៊ីង្ហ អាយុ៧៣ឆ្នាំ ត្រូវបានគេជ្រើសរើស ឲ្យ​មកធ្វើជានាយករដ្ឋមន្ត្រីថ្មី របស់ស្រីលង្ការ ដែលកំពុងតែពើបប្រទះនឹងវិបត្តិនយោបាយ យ៉ាងក្តៅគគុក។ លោកនាយករដ្ឋមន្ត្រីថ្មី បានប្រកាសថា លោកចង់​រៀបចំប្រទេស ឲ្យវិលត្រលប់ទៅរកការរីកចម្រើន ឲ្យ​ប្រជាជនមាន​បាយ​ហូប មួយថ្ងៃ៣ពេល និង​ឲ្យ​យុវជនមានពន្លឺសង្ឃឹមទៅថ្ងៃអនាគត។

គួររំលឹកថា លោករ៉ានីល វីក្រម៉េស៊ីង្ហ ធ្លាប់បានកាន់តំណែងនាយករដ្ឋមន្ត្រីស្រីលង្កា ចំនួន​៥ដងមកហើយ គិតតាំងពីឆ្នាំ​១៩៩៣មក។ លោកត្រូវគេស្គាល់ថា ជាមនុស្ស​មានទំនោរទៅបស្ចឹមលោក ហើយ​និយម​ការដោះដូរពាណិជ្ជកម្មសេរី។ តែលើកនេះ វត្តមានរបស់លោក ហាក់មិនត្រូវបានគេស្វាគមន៍ប៉ុន្មានទេ ដោយការ​រៀបចំរដ្ឋាភិបាលចម្រុះ ដើម្បី​ឈានទៅបិទបញ្ចប់វិបត្តិ នៅតែមិនអាចធ្វើទៅបាន។ ក្រុមគណបក្សប្រឆាំងធំៗទាំង៣ បានបដិសេធ មិនចូលរួម​នៅក្នុងរដ្ឋាភិបាលចម្រុះថ្មីនេះទេ។

លោក Harsha de Silva មេដឹកនាំធំម្នាក់ របស់គណបក្ស Samagi Jana Balawegaya SJB ដែលជាបក្សប្រឆាំងធំជាងគេនោះ បានលើកឡើងថា ប្រជាជនមិនត្រូវការ​ ការស៊ីសស៊ុះគ្នា សម្រុះសម្រួលគ្នាដើម្បីបែងចែងអំណាចនោះទេ។ តែប្រជាជនត្រូវការ​ការដឹកនាំតាមប្រព័ន្ធថ្មី ដើម្បីអនាគតស្រុកទេស។ មេបក្សប្រឆាំងរូបនេះ បានបន្ថែមថា លោកនឹងបន្តចូលរួម តស៊ូជាមួយប្រជាជនដើម្បីធ្វើយ៉ាងណា ទម្លាក់លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាកសេ ពីកៅអីប្រធានាធិបតីឲ្យ​បាន​។ គណបក្សសម្ព័ន្ធជាតិតាមូល បានលើកឡើងថា រដ្ឋាភិបាល​ថ្មីដែលគេកំពុងព្យាយាមរៀបចំនេះ គឺគ្មានភាពស្របច្បាប់ទេ។

គួរបញ្ជាក់ថា ស្រីលង្កាកំពុង​ឆ្លងកាត់វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត។ បញ្ហាគ្មានទំនិញចាំបាច់ ព្រមជាមួយ​តម្លៃឡើងកប់ពពក បានរុញច្រានឲ្យ​ប្រជាជនចេញធ្វើបាតុកម្ម​ ឈានក្លាយជាអំពើហិង្សាទូទាំងប្រទេស។ ក្នុងសប្តាហ៍កន្លងទៅ មានមនុស្សយ៉ាងហោច៩នាក់ស្លាប់ និងរបួសប្រមាណ​ជាង​២០០នាក់ ដោយ​ការបង្រ្កាបរបស់សមត្ថកិច្ច។ ជាមួយនឹងបំណុលក្រៅប្រទេស ចំនួនប្រមាណជាង​៥ម៉ឺនលានដុល្លារ ស្រីលង្កាត្រូវបានគេប្រកាស ថាមិនអាចសងបំណុលបាន កាលពីថ្ងៃទី​១២មេសា។ មូលនិធិរូបិយវត្ថុអន្តរជាតិ កំពុងតែត្រូវពិចារណា ជួយសម្រួល និងផ្តល់ប្រាក់ខ្លះមកជួយស្រីលង្កា។ បច្ចុប្បន្ន ប្រទេសនេះ ត្រូវការប្រាក់ចំនួន ៨៥លានដុល្លារជាប្រចាំថ្ងៃ ដើម្បីអាចចំណាយ​ទិញទំនិញចាំបាច់។

នៅចំពោះមុខអ្នកកាសែត លោក Anura Dissanayake មេដឹកនាំគណបក្សប្រឆាំងមួយទៀត ឈ្មោះសមរភូមិរំដោះប្រជាជន JVP បានលើកឡើងថា គេមិនអាចដោះស្រាយ​វិបត្តិសេដ្ឋកិច្ច ជាមួយនឹងរដ្ឋាភិបាលខុសច្បាប់បានទេ។ លោក​ម្នាក់នេះ បាន​អំពាវនាវឲ្យ​រៀបចំ ការបោះឆ្នោតមុនអាណត្តិ ដើម្បី​បង្កើតរដ្ឋាភិបាលដោយស្របច្បាប់។តាមធម្មតាការបោះឆ្នោតសភាអាណត្តិថ្មី គឺត្រូវធ្វើនៅឆ្នាំ​២០២៥។ តែយ៉ាងណា ជាមួយនឹងវិបត្តិសេដ្ឋកិច្ច ខ្វះទំនិញគ្រប់សព្វសារពើបែបនេះ គេពិបាកសង្ឃឹមណាស់ ថាស្រីលង្កា អាចមានលទ្ធភាពរៀបចំការបោះឆ្នោតមុនអាណត្តិ​ ព្រោះសូម្បីតែក្រដាស ដើម្បីបោះពុម្ពធ្វើ​បញ្ជីឈ្មោះអ្នកបោះឆ្នោត និងសន្លឹកឆ្នោត ក៏គ្មានផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ