អានតួអត្ថបទ
ស្រីលង្កា

ស្រីលង្កា៖ នាយករដ្ឋមន្ត្រីថ្មីបានទទួលការគាំទ្រពីបក្សប្រឆាំង ដើម្បីបង្កើត “រដ្ឋាភិបាលដោះស្រាយវិបត្តិសេដ្ឋកិច្ច”

ស្រីលង្កាកំពុងស្ថិតនៅជាប់​គាំង ក្នុងវិបត្តិនយោបាយ នៅ​ក្នុងបរិបទវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត។ កាលពីចុងសប្តាហ៍​កន្លងទៅ លោកនាយករដ្ឋមន្ត្រីថ្មី រ៉ានីល វីក្រេមេស៊ីងហ្កេ បាន​ព្យាយាមប្រមូល​គណបក្សប្រឆាំងទាំងអស់ ឲ្យចូលរួមដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ​ តែបក្សប្រឆាំងបានប្រកែក​មិនចូលរួមទេ​ ព្រមទាំងបានទាមទារឲ្យ​លោក ប្រធានាធិបតី ហ្គោតាបាយ៉ា​ រ៉ាចាប៉ាកសេ ចុះចេញពីតំណែង។ តែយ៉ាងណា នៅថ្ងៃចន្ទទី​១៦ឧសភា​ ក្រុមគណបក្សប្រឆាំងធំៗ បានប្តូរចិត្ត មក​គាំទ្រការបង្កើតរដ្ឋាភិបាលថ្មី ដើម្បី​ដោះស្រាយ​វិបត្តិសេដ្ឋកិច្ច​ ដែលកំពុងតែបន្ទាន់បំផុត។

រូបថតលោក Mahinda Rajapaksa ដែលបាតុករយកថ្នាំពណ៌ក្រហម​មក​លាបប្រឡាក់​។ ក្រុងកូឡុំបូ ថ្ងៃទី ២៣ មេសា ២០២២
រូបថតលោក Mahinda Rajapaksa ដែលបាតុករយកថ្នាំពណ៌ក្រហម​មក​លាបប្រឡាក់​។ ក្រុងកូឡុំបូ ថ្ងៃទី ២៣ មេសា ២០២២ AP - Eranga Jayawardena
ផ្សាយពាណិជ្ជកម្ម

ការស្បថចូលកាន់តំណែងជាផ្លូវការ របស់រដ្ឋាភិបាលថ្មីស្រីលង្កា ដែលគ្រោងធ្វើនៅថ្ងៃ​ចន្ទ ទី​១៦ឧសភា បានលើកទៅធ្វើនៅថ្ងៃក្រោយវិញ ដោយសារពេលនេះ ក្រសួងសំខាន់ៗនៅមិនទាន់អាចរកមនុស្សមកដាក់បានទេ។ លោកនាយករដ្ឋមន្ត្រី រ៉ានីល វីក្រេមេស៊ីងហ្កេ កំពុងតែព្យាយាមបញ្ចុះបញ្ចូល​ ឲ្យ​មានការចូលរួម​ទូលំទូលាយ ពីបក្សនយោបាយទាំងអស់ ដើម្បីបិទបញ្ចប់វិបត្តិនយោបាយ និងឈានទៅដោះស្រាយវិបត្តិសេដ្ឋកិច្ច​ ដែលស្រីលង្កាកំពុងតែឆ្លងកាត់នាពេលនេះ។

គណបក្ស Samagi Jana Balawegaya ដែលជាបក្សប្រឆាំងធំជាងគេ បានប្រកាសថាខ្លួនគាំទ្រយ៉ាងពេញទំហឹង​ ចំពោះការប្រឹងប្រែងដោយសុទិដ្ឋិនិយម របស់​លោកនាយករដ្ឋមន្ត្រីថ្មី ដើម្បីបង្កើតរដ្ឋាភិបាលដោះស្រាយ​វិបត្តិសេដ្ឋកិច្ច។ តែយ៉ាងណា គណបក្សនេះ នឹងមិនចូលរួម​នៅក្នុងរដ្ឋាភិបាលចម្រុះទេ។ ក្នុងន័យនេះ គណបក្សប្រឆាំងដ៏ធំនេះ ហាក់បានបោះបង់ចោល​ការទាមទាររបស់ខ្លួនហើយ ដែល​ពីមុនមក បាន​ទាមទារឲ្យ​លោកហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ ត្រូវតែចុះចេញពីកៅអីប្រធានាធិបតី ពុំនោះទេគេនឹងបន្តធ្វើ​បាតុកម្មជាមួយ​ប្រជាជន។

ដោយឡែក គណបក្សប្រឆាំងមួយទៀតឈ្មោះ Sri Lanka Freedom Party SLFP ក៏បានបោះបង់ចោល​ការទាមទារដែរ ហើយបានប្តូរចិត្តចូលរួម នៅក្នុងរដ្ឋាភិបាលចម្រុះ ដឹកនាំដោយ​លោក រ៉ានីល វីក្រេមេស៊ីងហ្កេ។ លោក ម៉ៃធ្រីប៉ាឡា ស៊ីរីសេណា ប្រធានបក្សនេះ បានសរសេរលិខិតផ្ញើទៅលោកនាយករដ្ឋមន្ត្រីថ្មីថា បក្សលោក​សម្រេចគាំទ្រចំពោះការសម្រេ​ចទាំងឡាយ របស់រដ្ឋាភិបាលថ្មី ​ដែលត្រឹមត្រូវ ដើម្បីដោះស្រាយ​វិបត្តិសេដ្ឋកិច្ច និងសម្រួលការលំបាករបស់ប្រជាជន។

គួរកត់សំគាល់ថា គិតមកត្រឹមពេលនេះ មានតែក្រសួង៤ប៉ុណ្ណោះ ដែលមានរដ្ឋមន្ត្រី ចំណែកក្រសួងសំខាន់ៗដូចជាក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុជាដើម នៅពុំទាន់មានរដ្ឋមន្ត្រីទេ។ តាមការឲ្យ​ដឹង លោកនាយករដ្ឋមន្ត្រីស្រីលង្កា ចង់ទុកជម្រើសសំខាន់ៗ យកទៅចរចាជាមួយ​មូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីទទួលបាន​នូវការ​ធានាជួយផ្នែកហិរញ្ញវត្ថុ។

សូមបញ្ជាក់ថា ស្រីលង្កាកំពុងឆ្លងកាត់វិបត្តិសេដ្ឋកិច្ច គ្មានទំនិញប្រើប្រាស់ គ្មានប្រាក់ដុល្លារក្នុងធានាគារកណ្តាល។ ក្រៅពីគ្មានប្រាក់សងបំណុលបរទេស រដ្ឋាភិបាលស្រីលង្កា កំពុងតែព្យាយាម​រកប្រាក់ ជំនួយបន្ថែម​ ដើម្បីអាចដោះស្រាយ​ការចំណាយ និងទិញទំនិញប្រើប្រាស់ក្នុងស្រុក សម្រាប់ប្រជាជន។ កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី រ៉ានីល វីក្រេមេស៊ីងហ្កេ បានទាក់ទងនិយាយជាមួយ​ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជាធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បី​ទទួលបានវិធានការជួយជាបន្ទាន់ ឲ្យស្រីលង្កាអាចមានលទ្ធភាពទិញទំនិញចាំបាច់មួយចំនួន ដូចជាថ្នាំពេទ្យ ប្រេងឥន្ធនៈ ជីកសិកម្ម និងស្បៀងអាហារជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ