អានតួអត្ថបទ

លោកបៃដិនថាអាមេរិកនឹងចូលជួយតៃវ៉ាន់បើចិនឈ្លានពាន

នៅថ្ងៃចន្ទ​នេះ នៅ​ក្នុងអំឡុងដំណើរទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ជប៉ុន លោក​ចូ បៃដិន បានប្រកាស​ឲ្យដឹង អំពី​ការ​បង្កើត​ដៃគូពាណិជ្ជកម្ម​អាស៊ីប៉ាស៊ីហ្វិក ជាមួយ​ប្រទេស​ចំនួន ១៣ ដែល​គេ​សំឡឹងឃើញ​ថា​ជា​ដៃគូពាណិជ្ជកម្ម​បង្កើតឡើង ដើម្បី​ប្រជែង​ជាមួយ​ចិន។ ក្នុងពេល​ជាមួយគ្នា លោក​ប្រធានាធិបតី​អាមេរិក​ក៏​បាន​លើកឡើង​ផងដែរ អាមេរិក​នឹង​ចូល​ជួយ​តៃវ៉ាន់​ប្រសិនបើ​មានការ​ឈ្លានពាន​ពី​សំណាក់​ចិន។

លោក​ចូ បៃដិន នៅ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​នាយករដ្ឋមន្រ្តី​ជប៉ុន នៅ​ទីក្រុង​តូក្យូ ថ្ងៃចន្ទ ២៣ឧសភា ២០២២
លោក​ចូ បៃដិន នៅ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​នាយករដ្ឋមន្រ្តី​ជប៉ុន នៅ​ទីក្រុង​តូក្យូ ថ្ងៃចន្ទ ២៣ឧសភា ២០២២ AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

ការប្រកាស​សន្យា​ចូល​ជួយ​តៃវ៉ាន់​ទល់​នឹង​ការ​ឈ្លានពាន​ពី​សំណាក់ចិន អាច​រាប់ថា​ជា​ការ​បង្ហាញ​ជំហរដ៏តឹងរ៉ឹង​បំផុត​មួយ​របស់​​លោកបៃដិន ពីព្រោះ​ថា តាំងពី​ដើម​រៀងមក ទាក់ទងនឹង​រឿង​ជួយការពារតៃវ៉ាន់នេះ អាមេរិក​តែងតែ​ប្រកាន់​យក​នូវ​​ជំហរ​មិនច្បាស់លាស់​ ដោយ​ចេតនា ទៅតាម​​យុទ្ធសាស្រ្ត​ដែល​ហៅ​ជាភាសា​អង់គ្លេស​ថា « Strategic ambiguity »។ ​ម្ខាង អាមេរិក​មិន​ចង់​ឲ្យ​ចិន​មើល​ឃើញ​ថា អាមេរិក​ប្រាកដ​ជា​មិន​ចូល​ជួយតៃវ៉ាន់ ដើម្បី​កុំឲ្យ​ចិន​បានចិត្ត​ចូល​ឈ្លានពានតៃវ៉ាន់ ចំណែក​ម្ខាងទៀត ​​អាមេរិក​ក៏​មិន​ចង់​ធានាច្បាស់លាស់​ថា​នឹង​​ចូល​ជួយតៃវ៉ាន់ ដើម្បី​កុំ​ឲ្យ​មេដឹកនាំតៃវ៉ាន់​បាន​ចិត្ត ប្រកាស​ឯករាជ្យ ហើយ​នាំ​ឲ្យ​​ផ្ទុះសង្រ្គាម។

នៅ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​នាយករដ្ឋមន្រ្តី​ជប៉ុន នៅ​ក្នុង​ទីក្រុង​តូក្យូ នៅថ្ងៃ​ចន្ទ​នេះ លោក​ចូ បៃដិន បាន​បញ្ជាក់សា​ជាថ្មី​ថា អាមេរិក​នៅតែ​ប្រកាន់​យក​នូវ​នយោបាយ “ចិនមួយ” ដដែល ដោយ​មិនមាន​អ្វីផ្លាស់ប្តូរនោះទេ ពោលគឺ អាមេរិក​នៅតែ​ទទួលស្គាល់ថា រដ្ឋាភិបាល​ក្រុងប៉េកាំង​ គឺ​ជា​រដ្ឋាភិបាល​ស្របច្បាប់​តែមួយគត់ ដែលតំណាង​ឲ្យ​ប្រទេស​ចិន​ទាំងមូល ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា លោក​បៃដិន​ក៏​បាន​លើកឡើង​ផងដែរ​ថា ការច្បាមយក​តៃវ៉ាន់​ដោយ​ប្រើ​កម្លាំងទ័ព គឺ​ជា​រឿង​មិន​ត្រឹមត្រូវ ដែល​អាច​នឹង​បង្ក​នូវ​ផលវិបាក​ខាងផ្នែក​សន្តិសុខ នៅ​ក្នុង​តំបន់​ទាំងមូល ហើយ​បង្កើតជា​បញ្ហា​ដូចអ្វី​ដែល​កើតឡើង នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន​បច្ចុប្បន្ន។

លោក​បៃដិន​ក៏​បាន​ព្រមាន​ផងដែរ​ថា​ចិន​កំពុងតែ​រុញ​បញ្ហា​តៃវ៉ាន់​នេះ​ឲ្យ​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​រួចទៅហើយ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ តាមរយៈ​ការ​បញ្ជូន​យន្តហោះ​ចម្បាំង​ឲ្យ​ទៅ​ហោះក្បែរដែនអាកាសតៃវ៉ាន់ ព្រមទាំង​សកម្មភាព​យោធា​មួយ​ចំនួន​ផ្សេងទៀត។

ពី​ប៉េកាំងឯណោះវិញ ចិន​បាន​ឆ្លើយ​តបមកវិញ​ភ្លាមៗ ដោយ​មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លើកឡើងថា គេ​មិន​ត្រូវ​មើល​ស្រាល​នោះទេ ចំពោះ​ភាពប្តូរផ្តាច់​ និង​សមត្ថភាព​របស់​ចិន​ក្នុងការ​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​ខ្លួន ហើយថា ចិន​ទាមទារ​ដោយ​ទទូច​ឲ្យ​អាមេរិក​ធ្វើ​យ៉ាងណា​ចៀសវាង​កុំ​បង្ហាញ​​សញ្ញា​លើកទឹកចិត្ត​ចំពោះ​ចលនា​ឯករាជ្យ​និយម​នៅ​តៃវ៉ាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ