អានតួអត្ថបទ

អង្គការសុខភាពពិភពលោក សម្រេចបដិសេធមិនឲ្យតៃវ៉ាន់ចូលរួមក្នុងមហាសន្និបាត

ថ្ងៃច័ន្ទ​ទី​២៣ឧសភា​ តៃវ៉ាន់ ត្រូវ​បដិសេធ​មិន​ឲ្យ​ចូលរួម​ជជែក​ពិភាក្សា​នៅក្នុង​មហាសន្និបាត ប្រចាំឆ្នាំ របស់​អង្គការសុខភាពពិភពលោក។ បើទោះបីជាមាន​ប្រទេស​ច្រើន​រួម​ទាំង​អង់គ្លេស​និងសហរដ្ឋអាមេរិក​ បាន​យល់ព្រម​ក៏ដោយ តែការ​បដិសេធ​មិន​ឲ្យ​តៃវ៉ាន់​ចូលរួម នេះ​គឺត្រូវ​គេមើលឃើញថា ជាការ​សម្រេច​ចិត្ត​ដោយ​ទទួល​រង​ឥទ្ធិ​ពល​របស់​មហាយក្ស​ចិន ។​​ មហាសន្និបាត ប្រចាំឆ្នាំ របស់អង្កការសុខភាពពិភពលោក  គឺ​ជាវេទិកា​កិច្ចប្រជុំ​ដ៏សំខាន់​មួយ​ដែល​ត្រូវ​រៀបចំ​​សប្តាហ៍​នេះ​។ ​

រដ្ឋមន្ត្រីសុខាភិបាល​តៃវ៉ាន Chen Shih-chung នៅក្នុងសន្នីសីទ​សារព័ត៌មាន​ពីពេល​ថ្មីៗនេះ។​
រដ្ឋមន្ត្រីសុខាភិបាល​តៃវ៉ាន Chen Shih-chung នៅក្នុងសន្នីសីទ​សារព័ត៌មាន​ពីពេល​ថ្មីៗនេះ។​ © Ann Wang, REUTERS
ផ្សាយពាណិជ្ជកម្ម

សំណើ​ដាក់បញ្ចូល​​ តៃវ៉ាន់ ជាអ្នក​សង្កេការណ៍​របស់​​មហា​សន្និបាត អង្គការសុខភាពពិភពលោក និងដែល​បាន​គាំទ្រ​ពី​សំណាក់​ប្រទេស​ចំនួន​១៣ គឺមិនត្រូវ​បាន​សម្រេច​ ដាក់​ក្នុង​របៀបវរៈ​ផ្លូវ​ការ​ទេ។ នេះជាការ​ប្រកាស​របស់​លោក Ahmed Robleh Abdilleh ប្រធានមហាសន្និបាត ​អង្គការសុខភាពពិភពលោក​ និងជារដ្ឋមន្ត្រី​សុខាភិបាល ប្រទេស​Djibouti។

ភ្លាមៗ តៃវ៉ាន់​ អះអាងថា ការ​សម្រេចចិត្ត​បែបនេះ​ គឺ​បា​នបំផ្លាញដល់​កិច្ច​ខិតខំប្រឹង​ប្រែង​របស់​ខ្លួន នា​​កន្លង​មក ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​ទប់​ទល់​វិបត្តិ​កូវីដ​​ និងការ​​ចូលរួម​ប្រជុំ​ជា​ច្រើន​សន្ធឹក​ជាមួយ​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ។​

ជាអ្នក​គាំទ្រ​បេក្ខភាព​តៃវ៉ាន់​មួយ​ដែរ  អ្នក​តំណាងប្រទេស​​ Eswatini នៅ​អាហ្វ្រិក​ យល់ថា ការ​ចូលរួម​របស់​តៃវ៉ាន់​ នៅក្នុង​មហាសន្និបាត​អង្គការ​សុខភាព​ពិភព​លោក​ គឺជារឿង​​​សុខាភិបាលសុទ្ធសាធ​ និង​មិន​ពាក់​ព័ន្ធ​នឹង​នយោបាយទេ។

ប្រតិកម្ម​មាន​ជាហូរហែ​ពីសំណាក់​អាមេរិក​និង​អង់គ្លេស​ ជាមិត្ត​នឹង​តៃវ៉ាន់។​ ​ក្នុង​សេចក្តីថ្លែងការណ៍ ប្រមុខ​ការទូតសហរដ្ឋ​​អាមេរិក Antony Blinken មាន​ប្រសាសន៍ថា ក្នុង​បរិបទ​នៃការ​គំរាម​កំហែង​ដោយ​វិបត្តិ​សុខភាពសកល​ គឺ​យើង​ទទួល​ស្គាល់ពី​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជាមួយ​គ្រប់ភាគី នេះ​គឺជាកិច្ចការ​សំខាន់​ចាំ​បាច់​ ហើយ​ការ​អញ្ជើញ​តៃវ៉ាន់​ឲ្យ​ចូលរួម​ ក៏​ជាការ​បង្ហាញ​ថា​ អង្គការ​សុខភាពពិភពលោក មិន​ទុកនរ​​ណា​ម្នាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពីគេ​ដែរ​។  ទន្ទឹម​នឹង​គ្នា​នេះ លោក Loyce Pace ប្រេសិត​ពិសេស​របស់​សហរដ្ឋអាមេរិក ប្រចាំ​មហាសន្និបាត បាន​ចាត់​ទុក​ថា តៃវ៉ាន់​ជា​ដៃ​គូ​សហការ​ដ៏​ចាំបាច់​សម្រាប់​កសាង​សុខភាព​ពិភព​លោក​មួយ​ប្រសើរ ហើយសហរដ្ឋអាមេរិក​សោកស្តាយ​ជាទីបំផុត​ ដែល​គេបាន​​ផាត់​តៃវ៉ាន់​ចេញ​ពី​តួនាទី​អ្នក​សង្កេតការណ៍​នៅ​ក្នុង​មហាសន្និបាត។​

រីឯ រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស​ Sajid Javid ក៏​សម្តែងក្តីសោកស្តាយ​ដែរ ដោយ​ប្រកាសថា ដូចជា​គ្មាន​ហេតុផល​វិបត្តិ​សុខភាព​ណា​ធំដុំ ដែល​ត្រូវ​បដិសេធ​មិន​ឲ្យ​តៃវ៉ាន់​ចូលរួម​ជាអ្នក​សង្កេត​ការណ៍​ទាល់តែ​សោះ។​

សូម​ជ្រាបថា តៃវ៉ាន់ នៅ​ក្រៅ​អង្គការសុខភាពពិភពលោក តាំងពីឆ្នាំ​១៩៧២មក ហើយ​ទើបតែ​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលរួមជាអ្នក​សង្កេតការណ៍​ក្នុង​​មហាសន្និបាន​ បា​នប៉ុន្មាន​ឆ្នាំប៉ុណ្ណោះ ពោល​គឺនៅ​ចន្លោះ​ឆ្នាំ​២០០៩ ដល់២០១៦ នៅ​គ្រា​ដែល​ទំនាក់ទំនង​រវាង​ក្រុង​ប៉េកាំង​និង​កោះ​តៃវ៉ាន់ មិន​សូវ​តាន​តឹងខ្លាំង​ដូច​សព្វថ្ងៃ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ