អានតួអត្ថបទ
ថៃ-នីតិការងារ

ក្រុមហ៊ុនVictoria’s Secret ​ទទួល​ចេញថ្លៃ​បញ្ចប់​​កិច្ចសន្យា​ឲ្យ​​ពលករ​រោងចក្រថៃ ចំនួន​​៨.៣​លាន​​​ដុល្លារ

ពលកររោងចក្រថៃចំនួនជាង១ពាននាក់ ដែលផលិត​ខោអាវក្នុងស្ត្រី បានទទួល​ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ចំនួន​សរុប​ ៨លាន ៣សែនដុល្លារ​ បន្ទាប់ពីបានតវ៉ាទាមទារ អស់រយៈពេលជាងមួយឆ្នាំមកនេះ។ គឺក្រុមហ៊ុន​សម្លៀកបំពាក់ក្នុង​ស្ត្រី Victoria’s Secret ដែលបានទទួលចេញប្រាក់នេះ ខណៈរោងចក្រថៃបានប្រកាសក្ស័យធន ហើយ​គ្មានលទ្ធភាពបង់ប្រាក់ឈ្នួល និង​ប្រាក់បញ្ចប់កិច្ចសន្យាទៅឲ្យ​បុគ្គលិក​ពលករ។

ផ្លូវក្នុងក្រុងបាងកក ថ្ងៃទី២៥ មីនា ២០២០
ផ្លូវក្នុងក្រុងបាងកក ថ្ងៃទី២៥ មីនា ២០២០ AP - Gemunu Amarasinghe
ផ្សាយពាណិជ្ជកម្ម

រោងចក្រ Brilliant Alliance Thai ដែលស្ថិត​នៅខេត្ត​សាមុតប្រាកាន ភាគខាងត្បូងក្រុងបាងកក បានបិទទ្វារ​ក្ស័យធន នៅខែ​មីនា ឆ្នាំ​២០២១។ រោងចក្រដែល​ស្ថិតក្នុងបណ្តុំមូលធន Sycamore Partners នេះ ផលិត​សម្លៀកបំពាក់ក្នុងសម្រាប់ស្ត្រី ឲ្យ​ម៉ាកមួយចំនួន ដូចជា Lane Bryant  Torrid និង​ Victoria's Secret។

បុគ្គលិក​ចំនួន ១២៥០នាក់ ត្រូវបានបញ្ឈប់ពីការងារ ដោយ​មិនបានទទួល​ប្រាក់ឈ្នួល និង​ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ទៅតាមអ្វីដែលមានកំណត់ក្នុងច្បាប់ថៃទេ។ អស់រយៈពេលជាងមួយឆ្នាំមកហើយ ដែលបុគ្គលិករោងចក្រនេះ រួមជាមួយតំណាងសហជីព បាននាំគ្នាធ្វើបាតុកម្ម នៅខាងមុខវិមាន​រដ្ឋាភិបាលថៃ នៅក្រុងបាងកក ដើម្បីទាមទារដំណោះស្រាយ​។

ទីបំផុត ក្រុមហ៊ុន Victoria's Secret បានទទួលចេញប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ឲ្យ​បុគ្គលិក​ជាង​១ពាន់នាក់ ដែលមាន​តម្លៃសរុប ៨លាន​៣សែនដុល្លារ។ Victoria's Secret បានលើកឡើង​នៅក្នុង​លិខិតប្រកាសរបស់ខ្លួនថា ខ្លួនសោកស្តាយដែល​ការចរចា​ជាច្រើនខែមកនេះ ជាមួយរោងចក្រ មិនអាចដោះស្រាយ​អ្វីបាន​ឲ្យ​បុគ្គលិក។ ទីបំផុតក្រុមហ៊ុនខ្លួន សុខចិត្តទទួលចេញថ្លៃចំណាយ​នេះឲ្យ​បុគ្គលិកជាមុន មុននឹង​ឈានទៅ​ដោះស្រាយ​​ជាមួយ​ម្ចាស់ភាគហ៊ុន របស់រោងចក្រ។

គួរបញ្ជាក់ថា យោងតាម​សមាគមអន្តរជាតិការពារសិទ្ធិពលករ Solidarity Centre ករណី​កិច្ចព្រមព្រៀង​យល់ព្រម​បង់ប្រាក់បំណាច​់​បញ្ចប់កិច្ចសន្យា ដែល​Victoria's Secret បានធ្វើជាមួយ​រោងចក្រថៃនេះ គឺជា​ករណី​ទីមួយហើយ ដែលមានទឹកប្រាក់ខ្ពស់កម្រិតនេះ។​ លោក​ Scott Nova នាយកប្រតិបត្តិ Worker Rights Consortium បានអះអាងថា កាលពីសប្តាហ៍មុន បុគ្គលិករោងចក្រខ្លះនៅថៃ​ បាន​ទទួលប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ចំនួន​ស្មើនឹង​ប្រាក់ឈ្នួល៤ឆ្នាំ។

ដោយឡែក យោងតាម​របាយការណ៍របស់ Worker Rights Consortium មានរោងចក្រសម្លៀកបំពាក់ ចំនួន​យ៉ាងហោច៣១ នៅតាមប្រទេស​៩ផ្សេងទៀត ដែល​ជួប​ករណី​ត្រូវបិទទ្វារក្ស័យ​ធន ហើយគ្មាន​ប្រាក់បង់ថ្លៃឈ្នួល និង​ប្រាក់សំណងជំងឺចិត្តផ្តាច់កិច្ច​សន្យា ទៅ​ឲ្យ​បុគ្គលិក។ វិបត្តិ​សេដ្ឋកិច្ច​បង្កឡើងដោយ​កូវីដ១៩ ជាង​២ឆ្នាំមកនេះ បានធ្វើឲ្យ​ទីផ្សារលក់សម្លៀក​បំពាក់ចុះខ្សោយយ៉ាងខ្លាំង។ តាមការប៉ាន់ស្មាន យ៉ាងហោចណាស់ មាន​ទឹកប្រាក់សរុបប្រមាណ​៥០០លានដុល្លារ ដែលរោងចក្រសម្លៀកបំពាក់​នានា ត្រូវតែបង់ទៅឲ្យ​បុគ្គលិកដែលគេបញ្ចប់កិច្ចសន្យានៅទូទាំងពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ