អានតួអត្ថបទ

អាមេរិក​និងតៃវ៉ាន់ ​ផ្តើម​ជជែកគ្នាពី​ពាណិជ្ជកម្មទ្វេភាគី​ ដែល​បានបង្ក​ឲ្យ​ចិន​ខឹង​ក្រោធ

ថ្ងៃ​ពុធទី​១មិថុនា សហរដ្ឋអាមេរក និង តៃវ៉ាន់ បាន​ចាប់ផ្តើម​ការ​ជជែក​ពិភាក្សា​ពីការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​​គ្នា។ ទង្វើ​នេះ ធ្វើ​ឲ្យ​ រដ្ឋបាលក្រុង​ប៉េកាំង ខឹងក្រោធ​ និង​បានប្រតិកម្ម​​ព្រមាន​ដាស់​តឿន​ ទាំង​អាមេរិក​និង​ទាំង​តៃវ៉ាន់ កុំឲ្យ​បង្កហេតុ និង​ប្រាប់ ​អាមេរិក ជាថ្មី ​ឲ្យ​​ត្រូវ​គោរពតាម​អ្វី​ដែល​ខ្លួន​ទទួល​ស្គាល់​ជាផ្លូវ​ការ គឺ​​«គោលការណ៍​ចិន​តែមួយ»។

លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ នៅក្នុងការជជែក​នៅក្នុងសភា​នាពេលកន្លងទៅ។
លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ នៅក្នុងការជជែក​នៅក្នុងសភា​នាពេលកន្លងទៅ។ REUTERS - ANN WANG
ផ្សាយពាណិជ្ជកម្ម

មន្ត្រីជាន់ខ្ពស់​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​​កិច្ចការ​ពាណិជ្ជកម្ម​ លោកស្រី Sarah Bianchi បាន​ជួបប្រាស្រ័យ​ជាមួយ​​អ្នក​តំណាង​តៃវ៉ាន់​ John Deng ប្រចាំ​នៅ​ក្រុង​វ៉ាស៊ីន​តោន ព្រមទាំង​​បាន​អះអាងថា ភាគីទាំងពីរ​បាន​សម្រេច​ចាប់​ផ្តើម​ពិគ្រោះ​គ្នា​ ជុំវិញ​​ការ​អភិវឌ្ឍ​របៀប​ទាក់ទង​ស៊ីជម្រៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម។ នៅ​ក្នុង​ន័យនេះ មន្ត្រីជាន់ខ្ពស់​សហរដ្ឋ​អាមេរិក គូស​បង្ហាញ​​ទៀត​ថា កម្មវត្ថុ​នៃ​គំនិត​ផ្តួច​ផ្តើម​ផ្នែក​ជំនួញទ្វេភាគី​នេះ  ​នឹង​បង្ក​ការ​ងាយ​ស្រួល​ដល់​ជំនួញ​ជួញ​ដូរ​ផ្នែក​កសិកម្ម​, ជួយ​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ បង្កើន​តម្លាភាព ហើយ​ក៏​ជួយ​ជ្រោម​ជ្រែង​គ្នា​ក្នុង​វិស័យ​បរិស្ថាន​និងសកម្មភាព​អាកាសធាតុ​ទៀត​ផង។​ តាម​ប្រភពដដែល, ជំនួប​ទី១ ដែល​ត្រូវជជែក​គ្នាលម្អិត​ ជាផ្លូវការ តែម្តង​ គឺនឹង​ត្រូវ​ធ្វើឡើង​ក្នុង​ពេល​ឆាប់ៗ ​ក្នុង​ខែមិថុនា​​នេះ ទៀត​ផង រវាង​សហរដ្ឋអាមេរិក និង​ការិយាល័យ​តំណាង​តៃវ៉ាន់​ ទទួល​បន្ទុក​សេដ្ឋកិច្ចវប្បធម៌​ក្រុង​តៃប៉ិ ប្រចាំ​​ក្រុង​វ៉ាស៊ីន​តោន​ ហើយ​និង​វិទ្យាស្ថាន​អាមេរិក​នៅ​តៃវ៉ាន់​។​

គំនិតផ្តួចផ្តើមក្នុង​ការ​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម​ទ្វេភាគី អាមេរិក​-តៃវ៉ាន់​​នេះ គឺត្រូវ​បង្កើតឡើង​​ដើម្បីជា​ការ​ឆ្លើយ​តប​តាម​ឆុត​ឆាប់ ទៅ​នឹង​គឃ្លើន​របស់​ចិន។ ចិនបាន​បញ្ជូនយន្តហោះចម្បាំង​ដ៏ច្រើន ប្រមាណ​៣០គ្រឿង ​ទៅ​ហោះរំលោភចូល​តំបន់ការពារ​ដែនអាកាស​របស់​តៃវ៉ាន់ កាលពី​ដើម​សប្តាហ៍​។ ​តាម​អ្នក​វិភាគ ការណ៍​ដែលចិន​​បង្ហោះបង្ហើរ​យន្ត​ហោះ​ចម្បាំង​នេះ ក៏​ជាការ​បង្ហាញ​សាច់​ដុំ ត​ទល់​នឹង​សេចក្តី​​ប្រកាស​ពី​គម្រោង​ដៃគូ​សេដ្ឋកិច្ច​នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ របស់​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ក្នុងដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​ កាលពីថ្ងៃទី​២៣ឧសភា ។​ គម្រោង​ដៃគូ​សេដ្ឋកិច្ច​នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ ផ្តួច​ផ្តើម​ពី​សហរដ្ឋអាមេរិក​ ឥណ្ឌា អូស្ត្រាលី និង ជប៉ុន គឺ​មាន​ចំណែក​មួយ​ផ្នែក​ធំ​ដើម្បី​ទប់​ទល់​ឥទ្ធិពល​ចិន​។​  ​សហរដ្ឋអាមេរិក ក៏​ថែម​ទាំង​គិត​ថា​ចង់​ឲ្យ​តៃវ៉ាន់​ចូលរួម​ក្នុង​គម្រោង​នេះដែរ នៅថ្ងៃ​អនាគត​។​

ចំពោះ​ក្រុង​ប៉េកាំង តាមរយៈ​រដ្ឋមន្ត្រី​ការបរទេស គឺ​បាន​សម្តែង​ក្តី​ខឹងក្រោធ ហើយ​បាន​រិះគន់​ត្រង់​ៗតែម្តង​ថា របបក្រុង​វ៉ាស៊ីន​តោន ចេះតែ​បង្ក​ហេតុ​រក​គន្លឺះ​ប្រឆាំង​នឹង​ចិន​ ដោយ​សំអាង​លេស​​ក្នុង​នាម​ប្រជាធិបតេយ្យ​និង​លំហ​សេរីភាព។​​ ប្រមុខ​ការទូត​ចិន លោក វ៉ាង យី ចាត់ទុកថាគម្រោង​ការអាមេរិក​និងតៃវ៉ាន់​នេះ គឺ បរាជ័យ​ធ្លាក់​ទឹក​ហើយ។ ​រដ្ឋមន្ត្រីការបរទេស​ចិន​ ថែមទាំង​បាន​ ដាស់​តឿន​ក្រើន​រំឮ​ក ​សហរដ្ឋអាមេរិក​ ជាថ្មី​ថែមទៀត​ ឲ្យ​អនុវត្ត​ឲ្យ​ខ្ជាប់​តាម​អ្វីដែល​ខ្លួន​បាន​ទទួល​ស្គាល់​ជាផ្លូវការ​​រហូត​មក នោះគឺ​«គោលការណ៍​ចិន​តែមួយ​»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ