អានតួអត្ថបទ
រុស្ស៊ី-ស្រីលង្កា

រុស្ស៊ីដំឡើងសំឡេង នៅក្រោយ​ស្រីលង្កាចាប់ឃាត់យន្តហោះដឹកអ្នកដំណើរ​របស់ខ្លួន

រុស្ស៊ីចាប់ថ្នាំងថ្នាក់​នឹង​ស្រីលង្កា​ដែល​ចាប់ឃាត់​យន្តហោះដឹកអ្នកដំណើរ​របស់​ក្រុមហ៊ុន​រុស្ស៊ី។ មួយថ្ងៃក្រោយ ក្រសួងការបរទេស​រុស្ស៊ី​កោះហៅអ្នកតំណាងស្រីលង្កាប្រចាំក្រុងម៉ូស្គូ អ្នកទទួល​ខុសត្រូវ​របស់​ព្រលានយន្តហោះ​ដ៏សំខាន់​មួយ​របស់​ស្រីលង្កា​បានចេញមុខ មក​បកស្រាយ​កាលពីថ្ងៃ​សៅរ៍​ថា ការសម្រេច​ចាប់ឃាត់ទុក​យន្តហោះ​របស់​ក្រុមហ៊ុន​រុស្ស៊ី នៅស្រីលង្កា​គ្មាន​ជាប់ពាក់ព័ន្ធ​នឹង​រឿងនយោបាយ ហើយ​ក៏​គ្មាន​រដ្ឋាភិបាល​នៅពីក្រោយដែរ។

យន្តហោះAirbus A330 របស់​ក្រុមហ៊ុន​ដឹកអ្នកដំណើររុស្ស៊ី
យន្តហោះAirbus A330 របស់​ក្រុមហ៊ុន​ដឹកអ្នកដំណើររុស្ស៊ី AP - Sergei Grits
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​Airbus A330 របស់​ក្រុមហ៊ុនដឹកអ្នកដំណើរ​រុស្ស៊ី Aeroflot ត្រូវបាន​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ស្រីលង្កា​ចាប់ឃាត់ទុក នៅ​ព្រលាន​យន្តហោះ អន្តរជាតិ Bandaranaike ភាគខាងជើង​រដ្ឋធានីកូឡុំបូ តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ទី ២​មិថុនា។ នៅថ្ងៃ​សុក្រ ក្រសួងការបរទេស​រុស្ស៊ី​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ស្រីលង្កាប្រចាំក្រុង​ម៉ូស្គូ​ ដើម្បីតវ៉ា​ប្រឆាំង​នឹង​ការសម្រេចចិត្ត​គ្មាន​ហេតុផល​របស់​ស្រីលង្កា។ នេះបើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS។

ប៉ុន្តែ នៅថ្ងៃ​សៅរ៍ ទាំង​មន្រ្តីអាកាសចរណ៍ស៊ីវិល ស្រីលង្កា​បាន​ចេញ​សេចក្តីថ្លែងការណ៍​បកស្រាយ​ថា ការចាប់ឃាត់យន្តហោះ​Airbus A330 របស់​ក្រុមហ៊ុន​ដឹកអ្នកដំណើរ​រុស្ស៊ី​មាន​ជាប់ទាក់ទង​នឹង​ជម្លោះពាណិជ្ជកម្ម​សុទ្ធសាធ និង​ថា វាមិនគួរក្លាយជា​ប្រភព​វិវាទ​រវាង​រដ្ឋទាំងពីរ។ អ្នកទទួលខុសត្រូវ​ព្រលានយន្តហោះស្រីលង្កាបាន​បញ្ជាក់​បន្ថែម​ថា រដ្ឋាភិបាល​ក្រុងកូឡុំបូ មិន​បាន​ស្ថិតនៅ​ពីក្រោយ​ការសម្រេច​ចាប់ឃាត់យន្តហោះរុស្ស៊ីនោះទេ។

បើតាម​សេចក្តីថ្លែងការណ៍​របស់​ព្រលានយន្តហោះ​ស្រីលង្កា អាជ្ញាធរ​សម្រេច​ឃាត់ទុក​យន្តហោះដឹកអ្នកដំណើរ​របស់​រុស្ស៊ី ទៅតាម​ការសម្រេច​របស់​តុលាការ​ពាណិជ្ជកម្ម​ក្រុង​កូឡុំប៊ូ ដែលបាន​ទទួល​ពាក្យបណ្តឹងតវ៉ា​ពី​ក្រុមហ៊ុនឯកជនមួយរបស់​អៀរឡង់។

នៅថ្ងៃ​សៅរ៍ ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ីTASS​បាន​ចុះផ្សាយ​ថា នៅក្រោយ​ហេតុការណ៍​ចាប់ឃាត់​យន្តហោះ​របស់ខ្លួន ក្រុមហ៊ុន​ហោះហើរ​របស់​រុស្ស៊ី Aeroflot បាន​សម្រេច​ផ្អាក​រាល់​ជើងហោះហើរ​ជាមួយ​ប្រទេស​ស្រីលង្កា។ ប៉ុន្តែ ក្រុមហ៊ុន​បាន​ធានា​បញ្ជូន​យន្តហោះ​ទៅ​ដឹកយកអ្នកដំណើរ​ទាំងប៉ុន្មាន ដែល​បាន​ទិញសំបុត្ររួចហើយ និង​កំពុង​នៅជាប់គាំង នៅស្រីលង្កា។ ដោយសារ​ការចាប់ឃាត់ភ្លាមៗ អ្នកដំណើរ​១៩១នាក់ និង​បុគ្គលិក​លើយន្តហោះ​រុស្ស៊ី ១៣នាក់ ត្រូវ​គេ​បញ្ជូន​ឲ្យស្នាក់នៅបណ្តោះអាសន្ន​នៅ​សណ្ឋាគារ​ក្បែរព្រលានយន្តហោះ ក្នុងពេល​រង់ចាំការសម្រេចស្តីពីជោគវាសនា​របស់​យន្តហោះរុស្ស៊ី។

នៅក្រោយ ក្រុមប្រទេស​លោកខាង​លិច​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ដោយសាររុស្ស៊ី ចូលធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​រុស្ស៊ី ធ្លាប់​បាន​អំពាវនាវ​ឲ្យក្រុមហ៊ុន​រុស្ស៊ីទាំងអស់​ដែលជួល​យន្តហោះ​របស់​ក្រុមហ៊ុន​អឺរ៉ុប ឲ្យផ្អាកការហោះហើរ​ទៅ​បរទេស​ដើម្បី​ជៀសវាង​ការចាប់ឃាត់ទុក​យន្តហោះ។ ក្រុមហ៊ុន​Aeroflot ផ្ទាល់​ធ្លាប់បានផ្អាកការហោះហើរ​អន្តរជាតិ​នៅ​ខែ មីនា ប៉ុន្តែ បាន​ចាប់ផ្តើមដំណើរការឡើងវិញ ទៅ​ស្រីលង្កា នៅ​ខែមេសា​កន្លងទៅ។

រហូតមកដល់​ថ្ងៃ​សៅរ៍យ គេ​នៅមិនទាន់​ដឹងថា តើ​ការចាប់ឃាត់​ទុក​យន្តហោះ​របស់​ក្រុមហ៊ុន​ដឹកអ្នកដំណើរ​រុស្ស៊ី មានជាប់ពាក់ព័ន្ធ​នឹង​ការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ទៅលើ​រុស្ស៊ី​យ៉ាងណានោះទេ។ សវនការ​ស្តីពី​ការដោះលែង​យន្តហោះដឹកអ្នកដំណើរ​រុស្ស៊ី នឹង​ត្រូវ​តុលាការស្រីលង្កា​បើកជំនុំជម្រះ នៅ​ថ្ងៃ​ពុធទី​៨មិថុនា សប្តាហ៍​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ