អានតួអត្ថបទ
ថៃ

សភាថៃ​អនុម័ត​នៅអំណាន​ទីមួយ លើ​​គម្រោងច្បាប់​អនុញ្ញាត​ការរៀប​អាពាហ៍ពិពាហ៍ រវាង​អ្នកមាន​ភេទ​ដូចគ្នា

កាលពីថ្ងៃពុធ ទី​១៥មិថុនា សភាជាន់​ទាបថៃ បានអនុម័តនៅអំណានទីមួយ លើគម្រោងច្បាប់ជាច្រើន ដែលក្នុង​នោះមានច្បាប់​អនុញ្ញាត ការរៀបអាពាហ៍ពិពាហ៍ រវាងអ្នកមានភេទដូចគ្នា។ ក្រុម​អ្នកស្រលាញ់ភេទដូចគ្នានៅថៃ បានបង្ហាញការអបអរសាទរ ថានេះជាក្តីសង្ឃឹមមួយ ខណៈដែល​ជាយូរយារមកហើយ ដែលនៅ​ថៃមានការបើកចំហរច្រើន ដល់អ្នកស្រលាញ់ភេទដូចគ្នា ក៏ប៉ុន្តែពួកគេនៅតែទទួលរង នូវការរើសអើងមាក់ងាយ​ នៅក្នុងសង្គម​។​

ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ប្រារព្ធកម្មវិធី Gay Pride នៅទីក្រុងបាងកក ថ្ងៃទី៥ មិថុនា ២០២២
ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ប្រារព្ធកម្មវិធី Gay Pride នៅទីក្រុងបាងកក ថ្ងៃទី៥ មិថុនា ២០២២ REUTERS - Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

សភាជាន់ទាបថៃ បាន​អនុម័តនៅ​អំណានទីមួយ លើគម្រោងច្បាប់ចំនួន៤ ដោយ​ក្នុងនោះ​មាន២ ជាច្បាប់មានខ្លឹមសារ ​​អនុញ្ញាតការរៀបអាពាហ៍ពិពាហ៍ រវាងមនុស្សមានភេទដូចគ្នា ​ចំណែកច្បាប់២ទៀត មានខ្លឹមសារកំណត់ ត្រឹមតែ​ទទួលស្គាល់ “​សម្ព័ន្ធ​រដ្ឋប្បវេណី” រវាងអ្នកមានភេទដូចគ្នា។ ជំហានបន្ទាប់ គណៈកម្មាការពិសេសរបស់សភាថៃ​ និង​ចាប់ផ្តើមនីតិវិធីអំណានទី២ចុងក្រោយ ពិនិត្យ​លំអិតលើខ្លឹមសារច្បាប់នីមួយៗ មុននឹង​សម្រេចអនុម័តជាស្ថាព័រ ជ្រើសយកគម្រោង​ច្បាប់ណាមួយ។

នៅខាងមុខសភាថ្ងៃ ថ្ងៃពុធទី​១៥មិថុនា ក្រុម​អ្នកស្រលាញ់ភេទដូចគ្នា បានជួបជុំគ្នាស្រែកអបអរ ចំពោះដំណឹងដ៏ល្អ នេះ​។ ស្ត្រីម្នាក់ឈ្មោះ Nada Chayajit ដែលជាសកម្មជនការពារសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា បានលើកឡើងថា ខ្លួនសប្បាយ​ចិត្តណាស់ ជាមួយនឹង​ការបោះជំហានថ្មីនេះ​ តែទន្ទឹមនឹងនេះ ខ្លួន​ក៏នៅតែមានការបារម្ភដែរ ព្រោះគម្រោងច្បាប់នេះ នៅមានឧបសគ្គជាច្រើនទៀត។ ស្ត្រីជនជាតិថៃរូបនេះ អះអាងថា ថៃជាប្រទេសកាន់ពុទ្ធសាសនា ដែលសង្គម នៅប្រកាន់ប្រពៃណីបែបចាស់គំរិល និងអភិរក្សនិយមខ្លាំង។

លោក Pita LimJaroenrat ប្រធានគណបក្សប្រឆាំងថៃឈ្មោះ Move Forward ដែលជាអ្នកបានស្នើគម្រោងច្បាប់​អនុញ្ញាតការរៀបអាពាហ៍ពិពាហ៍ រវាងអ្នកស្រលាញ់ភេទដូចគ្នានេះ បានថ្លែងថា ការដែលសភាបាន​យល់ព្រម​អនុម័ត​នៅអំណានទីមួយ វាគឺជាក្តីសង្ឃឹម​មួយ​ធំណាស់។ នៅចំពោះមុខ​ក្រុម​សកម្មជនអ្នកស្រលាញ់ភេទដូចគ្នា លោក​ Pita LimJaroenrat បានបន្ថែមថា អំណេះតទៅ នយោបាយ​ត្រូវ​តែ​​អាចដោះស្រាយ ជួយ​ឲ្យសង្គមរីកចម្រើនទៅមុខ ប្រជាពលរដ្ឋទាំងអស់ សុទ្ធតែមានចំណែក មានសិទ្ធិស្មើៗគ្នា នៅក្នុងសង្គម។

គួរបញ្ជាក់ថា ប្រសិនបើសភាថា សម្រេចអនុម័តច្បាប់អនុញ្ញាតការរៀបអាពាហ៍ពិពាហ៍ រវាងអ្នកមានភេទដូចគ្នាមែននោះ នោះថៃនឹងក្លាយ​ជា​ប្រទេសដំបូងគេបង្អស់ហើយ នៅតំបន់​អាស៊ីអាគ្នេយ៍។ កាលពីថ្ងៃទី​៥មិថុនា នៅទីក្រុងបាងកក មានការប្រារព្ធពិធី Gay Pride យ៉ាងឱឡាឬក បំផុត បន្ទាប់ពី​ខកខានអស់ប្រមាណ​១៥ឆ្នាំមកហើយ។ ក្រុម​អ្នកស្រលាញ់ភេទដូចគ្នា បានជួបជុំគ្នាទាមទារ ឲ្យ​មានច្បាប់អនុញ្ញាតការរៀបអាពាហ៍ពិពាហ៍របស់ពួកគេ។

យ៉ាងណាក៏ដោយ លោក Ryan Figueiredo តំណាងអង្គការ Equal Asia ប្រចាំនៅថៃ បានលើកឡើងថា នៅមានដំណើរវែងឆ្ងាយតទៅទៀត ដើម្បី​អាចកែប្រែ​ផ្នត់គំនិត បែប​ចាស់គំរិល និង​អភិរក្សនិយម របស់អ្នកនយោបាយ សមាជិកសភាថៃ។ លោក​ម្នាក់នេះ បាន​ថ្លែងបារម្ភថា ខ្លាចតែសភាថៃ អនុម័តយកតែច្បាប់ដែលអនុញ្ញាត​ត្រឹមតែ “សម្ព័ន្ធរដ្ឋប្បវេណី” រវាងអ្នកស្រលាញ់ភេទដូចគ្នា។ ការទទួលស្គាល់ត្រឹម “សម្ព័ន្ធរដ្ឋប្បវេណី” គឺវាមិនផ្តល់សិទ្ធិឲ្យ​បានទូលំទូលាយ ដូចករណី “អាពាហ៍ពិពាហ៍” ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ