អានតួអត្ថបទ
ឃាតកម្ម​លើ​អតីតនាយករដ្ឋមន្រ្តីជប៉ុន

អតីតនាយករដ្ឋមន្រ្តីជប៉ុន លោកស្ហ៊ីនហ្សូ អាបេទទួលមរណភាព​នៅក្រោយ​ត្រូវខ្មាន់កាំភ្លើង​បាញ់សម្លាប់

អតីត​នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​ទទួលមរណភាព នៅមន្ទីរពេទ្យ នៅបន្ទាប់ពីលោក​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់ នៅព្រឹកថ្ងៃ​សុក្រទី ៨ កក្កដា ២០២២ នៅក្នុងពេល​លោកកំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​ទីក្រុង​ណារ៉ា ​ភាគខាងលិច​ប្រទេសជប៉ុន។

លោកអតីតនាយករដ្ឋមន្រ្តី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ​ថ្លែងនៅក្នុង​យុទ្ធនាការឃោសនាបោះឆ្នោត​សភាជប៉ុន នៅប៉ុន្មាននាទី​មុន​ពេលដែល​​លោក​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់នៅថ្ងៃ​សុក្រទី ៨​កក្កដា ២០២២។
លោកអតីតនាយករដ្ឋមន្រ្តី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ​ថ្លែងនៅក្នុង​យុទ្ធនាការឃោសនាបោះឆ្នោត​សភាជប៉ុន នៅប៉ុន្មាននាទី​មុន​ពេលដែល​​លោក​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់នៅថ្ងៃ​សុក្រទី ៨​កក្កដា ២០២២។ REUTERS - ISSEI KATO
ផ្សាយពាណិជ្ជកម្ម

នៅវេលា​ម៉ោង ១១កន្លះព្រឹក ត្រូវ​នឹង​ម៉ោង ៩កន្លះព្រឹក ម៉ោង​នៅកម្ពុជា គេលឺ​ស្នូរកំភ្លើង​២គ្រាប់បានផ្ទុះឡើង នៅក្នុង​បរិវេណ​ជិតស្ថានីយរថភ្លើង​Yamatosaidaiji  ជាទីដែលអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊្ហីនហ្សូ​ អាបេ កំពុងជួយ​ឃោសនា​ឲ្យ​បេក្ខជនគណបក្ស​របស់​លោក គឺ​គណបក្សប្រជាធិបតេយ្យសេរី ​សម្រាប់ការបោះឆ្នោត សភាជាន់ខ្ពស់​ជប៉ុន នៅ​ថ្ងៃអាទិត្យ។

សាក្សី​នៅកន្លែងកើតហេតុ​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ថា នៅពេល​លោក​អាបេ​កំពុង​ថ្លែងសុន្ទករថា មាន​បុរស​ម្នាក់​បាន​ដើរ​មកឈរ​ពីក្រោយ​លោក​អាបេ។ តាម​សាក្សីខាងលើ គ្រាប់កាំភ្លើងទីមួយ មាន​សំឡេង​ដូចជា​កាំភ្លើងលេង ប៉ុន្តែ នៅក្រោយ​សំឡេងគ្រាប់កាំភ្លើង​ទី២​ដែលលឺ​ខ្លាំង និង​ឃើញ​បែកផ្កាភ្លើង និង​ផ្សែង គេ​ឃើញ​មនុស្ស​នៅជុំវិញ លោក​អាបេ ចាប់ផ្តើម​ហ៊ុំព័ទ្ធ និង​ធ្វើចលនា​បេះដូង​ឲ្យ​លោកអាបេ។

រូបភាព​នៅកន្លែងកើតហេតុ​បាន​បង្ហាញ​លោក​អាបេ ស្តូកស្តឹង​នៅលើ​ថ្នល់​កៅស៊ូ ដោយមានអាវពណ៌ស​ប្រឡាក់ឈាម។ ទីភ្នាក់ងារ​គ្រប់គ្រង​អគ្គិភ័យ​និង​គ្រោះមហន្តរាយ​ដែល​បាន​ទៅដល់​កន្លែងកើតហេតុភ្លាមៗ បានអះអាង​ថា អតីតនាយករដ្ឋមន្រ្តី​ជប៉ុន លោក​អាបេ បាន​រងរបួស​ធ្ងន់ ដោយ​គ្រាប់កាំភ្លើង នៅត្រង់​ក ខាងស្តាំ និង​មាន​ឈាមហូរ​ចេញ​ច្រើន​ពីផ្នែកទ្រូងខាងឆ្វេង។ គេនៅ​មិន​ច្បាស់ថា តើលោក​អាបេ​បាន​រង​គ្រាប់កាំភ្លើង​តែ​មួយគ្រាប់ ដែល​បានរត់ទៅកន្លែងផ្សេង ឬយ៉ាងណា។

តាម​មន្រ្តីសង្រ្គោះបន្ទាន់ជប៉ុន ចង្វាក់បេះដូងរបស់លោកអាបេ​បាន​ឈប់ដំណើរការទៅហើយ នៅពេលលោកត្រូវគេ​ដឹក​តាម​ឧទ្ធម្ភាគចក្រ ទៅ​កាន់​មន្ទីរពេទ្យ Nara Medical University ក្នុងទីក្រុងកាស៊ីហារា។

នៅក្នុង​សន្និសីទ​កាសែត វេជ្ជបណ្ឌិត​ម្នាក់​របស់​មន្ទីរពេទ្យ បាន​និយាយ​ថា លោក​ស៊្ហីនហ្សូ អាបេ​មានឈាមហូរច្រើន និង​គ្មានសញ្ញា​នៅមានជីវិត​ទេ នៅពេល​គេដឹកលោក​ចូលមន្ទីរពេទ្យ។

ក្នុងវ័យ ៦៧ ឆ្នាំ អតីត​នាយករដ្ឋមន្រ្តី​ដ៏លេចធ្លោ​របស់​ជប៉ុន ​លោក​ស្ហ៊ីនហ្សូ អាបេ បាន​ទទួល​មរណភាព នៅថ្ងៃទី ៨ កក្កដា ឆ្នាំ ២០២២។ ក្នុងប្រវត្តិសាស្រ្ត​ជប៉ុន ចាប់តាំង​ពី​ឆ្នាំ ១៩៣០ នេះជាលើក​ទី១ ដែល​មាន​នាយករដ្ឋមន្រ្តី ឬ​អតីតនាយករដ្ឋមន្រ្តី​ត្រូវ​គេធ្វើឃាត សម្លាប់យ៉ាងដូច្នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ