អានតួអត្ថបទ
ថៃ-បាតុកម្ម

សកម្មជន​ប្រជាធិបតេយ្យ​ថៃ​រង​ការ​ឈ្លបពី​កម្មវិធី​ Pegasus

សកម្មជន​ប្រជាធិបតេយ្យ​ថៃ ដែលមាន​ពាក់ព័ន្ធ​នឹង​​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ​កាលពី​ឆ្នាំ​២០២០ និង​២០២១ ចំនួន​ជាង​២០​នាក់ បានក្លាយ​ជា​ផ្ទាំង​ស៊ីប​របស់​កម្មវិធីឈ្លបការណ៍​​ប៉េហ្កាហ្ស៊ូស Pegasus ដ៏​ចម្រូង​ចម្រាស។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​ នៅក្នុង​ប្រទេស​ថៃ ក្នុង​ថ្ងៃទី ១៨​កក្កដា ២០២២។

តំណាង​ iLaw cybersecurity research group បង្ហាញ​របាយការណ៍​ស្តីពី​ការ​ឈ្លប​ការណ៍​ដោយ​ប្រើ​កម្មវិធី Pegasus នៅ​ក្រុង​បាងកក​ថ្ងៃទី ១៨កក្កដា​២០២២
តំណាង​ iLaw cybersecurity research group បង្ហាញ​របាយការណ៍​ស្តីពី​ការ​ឈ្លប​ការណ៍​ដោយ​ប្រើ​កម្មវិធី Pegasus នៅ​ក្រុង​បាងកក​ថ្ងៃទី ១៨កក្កដា​២០២២ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​ iLaw សហនិពន្ធ​ជាមួយ​DigitalReach និង​ Citizen Lab កម្មវិធី​Pagasus ​បាន​ហែក​ចូល​ទូរស័ព្ទ​របស់​សកម្មជន​ប្រជាធិបតេយ្យ​ចំនួន​​២៤នាក់ ដែល​ជា​តំណាង​បាតុករ​ដ៏​លេច​ធ្លោខ្លាំង ព្រមទាំង​មេធាវី​បីរូប និង​បុគ្គលិក​ធ្វើ​ការ​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​បីនាក់​ផ្សេង​ទៀត ដើម្បី​ឈ្លប​យកការណ៍​សម្ងាត់ នៅ​រវាង​ពី​ថ្ងៃ​ទី ២១ តុលា ២០២០ ដល់​ថ្ងៃទី ១៩​វិច្ឆិកា​២០២១។ ពោលគឺក្នុង​អំឡុង​​ពេល​ដែល​ប្រទេស​​​ថៃ​មាន​ភាព​ពុះ​កញ្ជ្រោល​នយោបាយ​ខ្លាំង។ ក្រោម​ការ​ផ្តួច​ផ្តើម​របស់​​និស្សិត បាតុករ​​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​ចុះ​ថ្នល់​កណ្តាល​ក្រុង​បាងកក​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ លោក ប្រាយុទ្ធ​ចាន់​អូចា ចុះ​ចេញ​ពី​តំណែង និង​ទាមទារ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​របប​រាជានិយម ដ៏​មាន​អំណាច។ ប៉ុន្តែ​ចលនា​តវ៉ា​ ចុះ​ខ្សោយ​ជា​លំដាប់​ទៅ​វិញ ដោយ​ហេតុ​តែ​វិបត្តិកូវីដផង និង​ដោយ​ហេតុ​តែ មាន​ការ​ចាប់​ខ្លួន​មេដឹកនាំ​ចលនា​បាតុកម្ម​គ្រាក់ៗ​អស់​ជា​ច្រើនផង។

ថ្វី​បើ​​គេ​នៅពុំ​ទាន់​ដឹង​ថា​តើ​នរណា​ជា​អ្នក​បញ្ជា​កម្មវិធី​នេះ​​ ជា​ផ្លូវ​ការ​មែន  តែ​រដ្ឋាភិបាល​ថៃ​ប្រាកដ​ជា​បាន​ទទួល​ប្រយោជន៍​ច្រើន​ពី​​​​ប្រតិបត្តិការ​ឈ្លប​នេះ។ នេះ​បើ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មូលដ្ឋាន​។ អង្គការ​ការពារ​សិទ្ធិមនុស្ស​ Amnesty International បាន​អំពាវនាវ​ភ្លាម​ឱ្យ​តុលាការ​ថៃ​បើក​អង្កេតស៊ីជម្រៅ​​ភ្លាម​។

អភិវឌ្ឍ​​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យាអ៊ីស្រាអែល NSO Group រួមជាមួយ​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល  កម្មវិធី​​Pegasus ដែល​​អាច​បញ្ជាឱ្យ​បើក​​កាមេរ៉ា និង​មីក្រូ របស់​ទូរស័ព្ទ​ដៃ ពី​ចម្ងាយ​ ​ត្រូវបាន​​មេដឹកនាំជា​ច្រើន​​ប្រើ​សម្រាប់​លួចស្តាប់ យកការណ៍​សម្ងាត់ អ្នកកាសែតឬ​ ក្រុមប្រឆាំង​ និង​ប្រជាពលរដ្ឋ​ឯង រហូត​បានក្លាយ​ជា​រឿង​អាស្រូវ​ឈ្លប​ការណ៍​ដ៏​ធំ​មួយ​កាលពី​ឆ្នាំទៅ។

បើ​តាម​ក្រុម​សារព័ត៌មាន​អង្កេត​អន្តរជាតិ​ចំនួន​​១៧​បណ្តាញ មាន​អ្នកកាសែត​យ៉ាង​ហោច​១៨០នាក់ អ្នកនយោបាយ​ស្ត្រីបុរស​យ៉ាង​ហោច​៦០០នាក់ សកម្មជនសិទ្ធិមនុស្ស​៨៥​នាក់ ឬ​ប្រធានក្រុមហ៊ុន​សហគ្រាស​នៅលើ​ពិភពលោក​ចំនួន​៦៥​រូប ជាប់​តាមដាន​ពី​កម្មវិធី​​ Pagasus។ បារាំង​ព្រមទាំង​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​នៅលើ​លោករាប់​ទាំង​សហរដ្ឋ​អាមេរិក​ផង បាន​តវ៉ា​និង​ដាក់​បណ្តឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន​NSO តាម​ផ្លូវ​តុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ