អានតួអត្ថបទ
តៃវ៉ាន់

ប្រធានរដ្ឋសភាអាមេរិកទៅដល់តៃវ៉ាន់ នៅក្នុងដំណើរទស្សនកិច្ច​ដ៏តានតឹង

លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភា​អាមេរិក បាន​ធ្វើ​ដំណើរទៅដល់​តៃវ៉ាន់ នៅយប់ថ្ងៃអង្គារ ២សីហា នៅ​ក្នុង​ដំណើរទស្សនកិច្ច​ដ៏កម្រ ដោយលោកស្រី គឺ​ជា​ប្រធានរដ្ឋសភា​អាមេរិក​លើកទីមួយ ដែល​ទៅបំពេញទស្សនកិច្ច​នៅតៃវ៉ាន់ រាប់​ចាប់តាំង​ពី​ឆ្នាំ១៩៩៧។

លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ធ្វើ​ដំណើរទៅដល់​តៃវ៉ាន់ នៅយប់ថ្ងៃ​អង្គារ ២សីហា ២០២២
លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ធ្វើ​ដំណើរទៅដល់​តៃវ៉ាន់ នៅយប់ថ្ងៃ​អង្គារ ២សីហា ២០២២ AP - Chiang Ying-ying
ផ្សាយពាណិជ្ជកម្ម

លោកស្រី​ណាន់ស៊ី ប៉េឡូស៊ី​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះពិសេស​របស់​កងទ័ព​អាកាសអាមេរិក ដោយ​ហោះ​ចេញ​ពី​ទីក្រុង​គូឡាឡាំពួ សំដៅ​ទៅ​ទិសខាងកើត ដោយ​ហោះ​វាង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង មុននឹង​បត់​ក្បាល​ទៅ​ទិស​ខាង​ជើង សំដៅទៅ​ចុះចត​នៅ​ក្នុង​ព្រលាន​យន្តហោះយោធា​មួយ​ នៅ​ក្នុង​ទីក្រុង​តៃប៉ិ។

ដំណើរទស្សនកិច្ច​នេះ​ត្រូវ​បាន​ធ្វើឡើង បើទោះបីជា​មាន​ការ​ព្រមានខ្លាំងៗ​​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ហើយ​បើ​យោងតាម​ការ​ផ្សាយ​របស់​ទូរទស្សន៍រដ្ឋចិន នៅយប់ថ្ងៃ​អង្គារ មុនពេល​លោកស្រី​ណាន់ស៊ី ប៉េឡូស៊ី​មកដល់​តៃវ៉ាន់ យន្តហោះចម្បាំង​ធុន​ទំនើបៗ​​របស់​ចិន​បាន​ហោះ​ឆ្លងកាត់​ច្រកសមុទ្រ​តៃវ៉ាន់ ក៏ប៉ុន្តែ មិនបញ្ជាក់​លម្អិត អំពី​ទីតាំង និង​ពេលវេលា​ជាក់លាក់​នៃ​ការ​ហោះឆ្លងកាត់​នេះទេ​។

នៅក្នុងសេចក្តីថ្លែងការណ៍​ក្រោយ​ពេលមកដល់តៃវ៉ាន់ លោកស្រី ណាន់ស៊ី ប៉េឡូស៊ី បាន​លើកឡើង​ថា ដំណើរទស្សនកិច្ច​របស់​លោកស្រី នៅពេលនេះ វា​បង្ហាញ​ពីការ​គាំទ្រ​ឥតងាករេ​របស់​អាមេរិក​ចំពោះតៃវ៉ាន់ តែ​វា​ក៏​​មិនមានអ្វីដែល​បញ្ច្រាស​ពី​គោលនយោបាយ​របស់​អាមេរិក​ចំពោះចិន​នោះដែរ គឺ​គោលនយោបាយ "ចិនមួយ" ដោយ​គ្មានការ​ទទួលស្គាល់​ឯករាជ្យ​របស់​តៃវ៉ាន់។

ក្រសួងការពារជាតិចិនវិញ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ថ្កោលទោស​ដំណើរទស្សនកិច្ច​នេះ ហើយ​លើកឡើង​ថា កងទ័ព​ចិន​នឹង​បើក​ធ្វើ​ប្រតិបត្តិការ​យោធា​មួយ​ចំនួន ដើម្បី​ឆ្លើយតប​នឹង​ដំណើរទស្សនកិច្ច​នេះ។

ការប្រឈមមុខដាក់គ្នា រវាង​ប្រទេស​មហាអំណាច​ទាំងពីរ នៅ​ក្នុង​សំណុំរឿង​តៃវ៉ាន់​នៅពេលនេះ បាន​ធ្វើ​ឲ្យ​រំជើបរំជួល​ទៅដល់​ទីផ្សារ​ហិរញ្ញវត្ថុ នៅស្ទើរតែ​គ្រប់កន្លែង ទាំង​នៅ​អាស៊ី និង​នៅ​អឺរ៉ុប។ ក៏ប៉ុន្តែ ​លោក ឆុង ចៀយ៉ាង (Chong Djia-Yiang) សាស្រ្តាចារ្យ​នៅ​សកលវិទ្យាល័យ​សិង្ហបុរី នៅក្នុងបទសម្ភាសន៍​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ​ បាន​លើកឡើង​ថា ថ្វីដ្បិត​តែ​បញ្ហា​តានតឹង រវាង​អាមេរិក និង​ចិន អាច​នឹង​ត្រូវ​កើនឡើង​ខ្លាំង ក៏ប៉ុន្តែ វាទំនង​ជា​នឹង​មិន​ឈាន​រហូត​ទៅបង្ក​ឲ្យ​មាន​គ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ ដោយសារ​តែ​ភាគី​ទាំង៣ គឺ​ទាំង​ចិន អាមេរិក និងតៃវ៉ាន់ សុទ្ធតែ​មិនចង់​ឲ្យ​ជម្លោះ​រាលដាល​គ្រប់គ្រងលែងបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ