អានតួអត្ថបទ
តៃវ៉ាន់

អាមេរិកបញ្ជាក់ថាគ្មានអ្វីផ្លាស់ប្តូរក្នុងនយោបាយ “ចិនមួយ”

លោកស្រី​ណាន់ស៊ី ប៉េឡូស៊ី ប្រធាន​រដ្ឋសភា​អាមេរិក បាន​ធ្វើ​ដំណើរទៅដល់​ប្រទេស​ម៉ាឡេស៊ី នៅថ្ងៃ​អង្គារ​នេះ ហើយ​បើទោះជា​លោកស្រី​នៅមិនទាន់​បញ្ជាក់​ច្បាស់លាស់ អំពី​គម្រោង​ទស្សនកិច្ច​ទៅកាន់​តៃវ៉ាន់ ក៏ប៉ុន្តែ បណ្តាញសារព័ត៌មាន ​ទាំង​នៅ​អាមេរិក និង​នៅតៃវ៉ាន់ បាន​នាំគ្នា​ចុះផ្សាយ​ថា លោកស្រី​នឹង​ធ្វើ​ដំណើរ​ទៅកាន់​តៃវ៉ាន់ នៅថ្ងៃ​អង្គារ​នេះ។

លោក ចន ខឺប៊ី (John Kirby) អ្នកនាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខជាតិ​អាមេរិក ក្នុងអំឡុង​សន្និសីទ​កាសែត នៅសេតវិមាន ថ្ងៃចន្ទ ១សីហា ២០២២
លោក ចន ខឺប៊ី (John Kirby) អ្នកនាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខជាតិ​អាមេរិក ក្នុងអំឡុង​សន្និសីទ​កាសែត នៅសេតវិមាន ថ្ងៃចន្ទ ១សីហា ២០២២ AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ក្រុង​ប៉េកាំង តាមរយៈ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស បាន​ព្រមាន​សារជាថ្មីម្តងទៀត នៅថ្ងៃ​អង្គារ​នេះ​ថា អាមេរិក​គឺ​ជា​អ្នក​ទទួលខុសត្រូវ និង​ជា​អ្នក​​​ត្រូវ​រងនូវផលវិបាក ប្រសិនបើ​លោកស្រី​ប៉េឡូស៊ី​ទៅតៃវ៉ាន់។

រុស្ស៊ីវិញ តាមរយៈ​អ្នកនាំពាក្យ​វិមានក្រេមឡាំង ​បាន​ថ្កោលទោស​គម្រោង​ដំណើរទស្សនកិច្ច​របស់​លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ដោយចាត់ទុក​ថា​ជា​ការ​បង្ករហេតុ ហើយថា អាមេរិក​កំពុងតែ​បង្ក​ឲ្យ​មាន​អស្ថិរភាព​នៅលើ​ពិភពលោក។

ពី​វ៉ាស៊ីងតោន​វិញ លោកចន ខឺប៊ី (John Kirby) មន្ត្រីអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ​​អាមេរិក ​បាន​បញ្ជាក់ថា ការសម្រេច​ទៅ ឬ​មិនទៅ​បំពេញទស្សនកិច្ច​នៅតៃវ៉ាន់ ​គឺ​ជា​សិទ្ធិ​របស់​ប្រធានរដ្ឋសភា ដែល​ជា​អំណាច​​មួយដាច់ដោយឡែក​ពីរដ្ឋាភិបាល​អាមេរិក​ ហើយថា នយោបាយ “ចិនមួយ” របស់​អាមេរិក​ មិនមាន​អ្វីផ្លាស់ប្តូរ​នោះទេ។

លោកចន ខឺប៊ី បានលើកឡើងថា៖ 

"គ្មានអ្វីផ្លាស់ប្តូរនោះទេ នៅក្នុង​នយោបាយ “ចិនមួយ” របស់​អាមេរិក ដែលមានកំណត់​ច្បាស់លាស់ ទាំង​​នៅ​ក្នុង​ច្បាប់ស្តីពីទំនាក់ទំនង​ជាមួយតៃវ៉ាន់​ និង​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​រវាង​អាមេរិក​និង​ចិន។

យើង​បាន​បញ្ជាក់ម្តងហើយ​ម្តងទៀត​ថា អាមេរិក​ប្រឆាំងនឹង​ការ​កែប្រែ​ជា​ឯកតោ​ភាគី ទៅលើ​​ស្ថានភាព​បច្ចុប្បន្ន​ ទោះជា​ដោយ​ភាគី​ណាក៏ដោយ។ យើង​បាន​បញ្ជាក់ថា អាមេរិក​មិនគាំទ្រ​ការប្រកាស​ឯករាជ្យ​ដោយ​តៃវ៉ាន់ ហើយ​អាមេរិក​ចង់​ឲ្យ​ជម្លោះ រវាង​ចិន និង​តៃវ៉ាន់ ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី។

អាមេរិក​ធ្លាប់​បាន​បញ្ជាក់​រឿងនេះ​ប្រាប់​ទៅចិន​ជាច្រើន​ដងរួចមកហើយ ប្រាប់ដោយផ្ទាល់​ទៅ​កាន់មេដឹកនាំ​កំពូលៗ រាប់ទាំង​នៅ​ក្នុង​កិច្ចសន្ទនា​តាមទូរសព្ទលើកចុងក្រោយ កាល​ពី​សប្តាហ៍​មុន រវាង​លោក​ប្រធានាធិបតី​ចូ បៃដិន និង​លោក​ប្រធានាធិបតី​ស៊ី ជីនពីង ក៏ដូចជា នៅ​ក្នុង​កិច្ចសន្ទនាជាច្រើន​ផ្សេងទៀត រវាង​មន្រ្តីជាន់ខ្ពស់​អាមេរិក និង​មន្រ្តីជាន់ខ្ពស់​ចិន។

និយាយជារួម គឺ​គ្មានហេតុផលណាមួយ ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវ​យក​ដំណើរ​​ទស្សនកិច្ច​ ដែល​មិនមានអី​ផ្លាស់ប្តូរសោះ​ទៅលើ​នយោបាយអាមេរិក​ចំពោះតៃវ៉ាន់ មកធ្វើ​ជា​បញ្ហាជម្លោះ​ ឬ​ក៏​យក​មកធ្វើ​ជា​លេស ដើម្បី​បង្កើន​សកម្មភាព​យោធា នៅក្នុង ឬ​ជុំវិញ​ច្រកសមុទ្រ​តៃវ៉ាន់​នោះទេ។

ក៏ប៉ុន្តែ យើងឃើញ​ថា កាល​ពីចុងសប្តាហ៍​កន្លងទៅនេះ ហើយ​តាំង​ពី​មុន​ពេល​ដែល​លោកស្រី​ប៉េឡូស៊ី ទៅដល់​តំបន់​អាស៊ី​ផង ចិន​បាន​ធ្វើ​សមយុទ្ធបាញ់គ្រាប់ពិត ហើយ​ចិន​ទំនង​ជា​កំពុងតែ​ត្រៀម​ធ្វើ​សកម្មភាព​ជាច្រើន​ផ្សេងទៀត នៅ​ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃ​ខាងមុខ ហើយ​ប្រហែល​ជា​បន្ត​ធ្វើ​​​នៅ​ក្នុង​រយៈពេល​វែង​តទៅមុខទៀត។"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ